ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្បែរព្រំដែនកម្ពុជាថៃ កំពុងតែដេកព្រួយបារម្ភនឹងសកម្មភាពរបស់ក្រុមចោរ ដែលមួយរយៈពេលចុងក្រោយនេះ កំពុងដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកភូមិ ជាពិសេសគឺចូលទៅលួចកាច់សោក.ម៉ូតូរបស់ពួកគាត់ ដែលចតទុកនៅមុខផ្ទះ ឬនៅក្នុងបន្ទប់ ស្ទើរតែរៀងរាល់ថ្ងៃ ។
ជាក់ស្តែងកាលពីវេលាម៉ោង១ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានចោរ ១ក្រុម បានធ្វើសកម្មភាពដើរកាច់សោក. ម៉ូតូរបស់ប្រជាពលរដ្ឋនាពេលយប់ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ ឈឿន ឡុម បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ជនរងគ្រោះម្នាក់ជាក្មួយរបស់គាត់ ឈ្មោះ ឈយ សុភា ស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តពោធិ៍សាត់ ដោយបានមកស្នាក់នៅធ្វើការកាស៊ីណូក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយត្រូវបានចោរចូលកាច់សោក. ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២៣ ពាក់ស្លាកលេខ ប៉ៃលិន 1D-7863 ។
គាត់បន្តទៀតថា ម៉ូតូឌ្រីមខាងលើដែលត្រូវចោរលួចកាច់សោក. គឺនាងបានធ្វើការបង់រំលោះជារៀងរាល់ខែជាច្រើនឆ្នាំមកហើយ ដោយរហូតមកដល់ពេលនេះ ទើបតែនឹងបង់រំលោះដាច់ មិនទាន់បានទាំងជិះប៉ុន្មានខែផង ស្រាប់តែត្រូវចោរលួចចូលទៅក្នុងផ្ទះនាពេលយប់កាច់សោក.លួចយកទៅបាត់យ៉ាងរលូន ខណៈពេលដែលក្មួយស្រីរបស់គាត់ចេញពីធ្វើការងារកាស៊ីណូនាពេលយប់ជ្រៅ រួចចតចាក់សោក.នៅក្បែរបន្ទប់ដេក ក៏ត្រូវចោរចូលលួចតែម្តង។
គាត់បានបញ្ជាក់ទៀតថា មិនត្រឹមតែម៉ូតូរបស់ក្មួយស្រីគាត់ប៉ុណ្ណោះទេ ដែលត្រូវក្រុមចោរចូលទៅកាច់សោក.លួច គឺម៉ូតូអ្នកភូមិជាច្រើននៅក្បែរព្រំដែន ត្រូវបានចោរចូលទៅលួចកាច់សោក.ជាបន្តបន្ទាប់ ធ្វើឱ្យមានការភ័យព្រួយយ៉ាងខ្លាំងពីបញ្ហាភូមិឃុំសុវត្ថិភាព។
ក្រោយពេលកើតហេតុ គាត់ក៏បានជម្រុញឱ្យក្មួយស្រីរបស់ខ្លួនយកឯកសារដែលនៅសេសសល់ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដើម្បីដាក់ពាក្យបណ្តឹងឱ្យតាមស្វែងរកចោរទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនគរបាលស្ទឹងកាច់ បានបង្ហើបឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាម ក្រុមនគរបាលក៏បានចុះប្រតិបត្តិការ ដើម្បីតាមស៊ើបរកតម្រុយ និងតាមចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ