ខេត្តកំពង់ស្ពឺ៖ យុវជន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនបានភ្លាមៗតាមបណ្តឹងរបស់ម្ចាស់រថយន្ត ខណៈដែលខឹងនឹងម្ចាស់រថយន្ដបើកវ៉ាកៀររួចបត់ភ្លាមតែម្ដងដោយបង្កការភ័យខ្លាចនិងហុយដីធ្វេីឱ្យពួកខ្លួនខឹងទើបទាញដុំថ្មគប់កញ្ចក់រថយន្តតែម្ដង។
ការឃាត់យុវជនដៃដល់ចំនួន២នាក់ទាញដុំថ្មគប់រថយន្តអ្នកធ្វើដំណើរបានកាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា បន្ទាប់ពីកំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋធ្វេីការស្រាវជ្រាវបន្ទាន់លេីករណីគប់កញ្ចក់រថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅដែលប្រជាពលរដ្ឋបានធ្វេីការចែកចាយព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនិងបណ្ដឹងផ្ទាល់រួច។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា ករណីគប់កញ្ចក់រថយន្ដជនសង្ស័យមានគ្នាចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូបពី(Scoopy)ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LT-7578 រីឯជនរងគ្រោះជាម្ចាស់រថយន្ដមានឈ្មោះ ប៊ិន វៅ ភេទប្រុស អាយុ៤៩ឆ្នាំ បើកបររថយន្តម៉ាកហាយឡែនឌ័រ (HTLANDER) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2U-4077 មូលហេតុដោយសារតែរថយន្ដខាងលើបានបេីកវ៉ាម៉ូតូរួចបត់មកឈប់ចតកន្លែងដូរលុយធ្វេីឱ្យជនសង្ស័យខឹងសម្បាររួចបានរើសដុំថ្មធ្វើសកម្មភាពគប់កញ្ចក់ទៅលើរថយន្តតែម្ដងបណ្ដាលឱ្យបែកធ្លុះចូលទៅក្នុងរថយន្ដ រួចជិះគេចខ្លួនបាត់ទៅ។
លោកអធិការនគរបាលស្រុកបសេដ្ឋបានបន្តថា÷ ក្រោយពីទទួលបានព័ត៌មានកំលាំងនគរបាលជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំទួលអំពិលធ្វើការស្រាវជ្រាវដល់ចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឆិល ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់រួមជាមួយមធ្យោបាយម៉ូតូ១គ្រឿង និងបន្ដឃាត់ខ្លួនឈ្មោះ អាត់ ដាណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មកស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ជាអ្នករួមដំណើរបញ្ជូនមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា បើយោងតាមចម្លើយយុវជនសង្ស័យ ខឹងម្ចាស់រថយន្ដបើកវ៉ាកៀររួចបត់ភ្លាមតែម្ដងដោយបង្កការភ័យខ្លាចនិងហុយដីធ្វើឱ្យខ្លួនខឹងទើបយកដុំថ្មគប់កញ្ចក់រថយន្តតែម្ដង។
បច្ចុប្បន្នយុវជនដៃដល់ទាំង០២នាក់សមត្ថកិច្ចនគរបាលបានធ្វើការកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាក់ការបន្ដតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ