រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតប្រេស៊ីល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យដែលជាផលប្រយោជន៍រួម នៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្មជាដើម នេះបើតាមខ្លឹមសារ ស្តីពីជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះការតែងតាំងលោកជំទាវ ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងភ្នំពេញ ។
ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មី ដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានី នៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រំពឹងផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ លើកទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ដោយនឹងរិះរកមើលវិស័យ នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ នៃប្រទេសទាំងពីរ ។
លោកជំទាវ Vivian Loss Sanmartin ស្វាគមន៍ចំពោះដំណើរវិវត្តដ៏វិជ្ជមាន នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យដែលជាផលប្រយោជន៍រួម នៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពកម្ពុជា-ប្រេស៊ីល បន្ថែមទៀត ហើយក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើក ទឹកចិត្តរបស់ប្រទេសប្រេស៊ីល លើដំណើរការនៃបទឈប់បាញ់ និងសន្តិភាព ៕



ចែករំលែកព័តមាននេះ