ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​ខ្នង​ផ្សារ បាន​ក្លាយជា​គោលដៅ​លំហែ​បៃតង

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​ខ្នង​ផ្សារ បាន​ក្លាយជា​គោលដៅ​លំហែ​បៃតង សម្រាប់​សហគមន៍​គ្រប់គ្រង ដោយ​លើកកម្ពស់​ទាំង​ជីវភាព និង​ការ​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងបរិស្ថាន ​។…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​ខ្នង​ផ្សារ បាន​ក្លាយជា​គោលដៅ​លំហែ​បៃតង សម្រាប់​សហគមន៍​គ្រប់គ្រង ដោយ​លើកកម្ពស់​ទាំង​ជីវភាព និង​ការ​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងបរិស្ថាន ​។

រហូត​មក​ទល់​ពេល​នេះ គម្រោង​អភិវឌ្ឍន៍​លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ នៅ​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សម្រេច​បាន​លទ្ធផល​រួចរាល់​១០០% រួម​មានការ​សាងសង់​ក្លោ​ង​ទ្វារ​ឡើង​ភ្នំ កន្លែង​ដំណាក់​ដំរី ការ​សាងសង់​បន្ទប់ទឹក​ស្អាត កន្លែង​ចត​ឡាន ម៉ូតូ សួនច្បារ ការ​ដាំ​ដើមឈើ​ចម្រុះ រួម​ជាមួយ​ហាង​កាហ្វេ ផ្សារ​សហគមន៍ ស្នាក់​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​ទេសចរណ៍​លើ​ភ្នំ និង​បន្ទប់​សង្គ្រោះ​បឋម សម្រេច​បាន​រួចរាល់​១០០%​ផង​ដែរ​ ។

ដោយឡែក​ការ​សាងសង់​ផ្លូវ ប្រវែង ៧,២ គ​.​ម ទទឹង​ប្រវែង​៨​ម ចាប់ពី​វត្ត​តាំង​បំពង់ ដល់​ជើងភ្នំ​ឡើង​តំបន់​ខ្នង​ផ្សារ របស់​ក្រសួង​អភិវឌ្ឍន៍​ជន បាន​រៀបចំ​ចាក់​ដី និង​ក្រាល​គ្រួ​ស​ស្អាត​រួចរាល់ ឌែ​ល​បាន​សម្រួលការ​ធ្វើ​ដំណើរ​ងាយស្រួល​ផង​ដែរ ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ក្រសួងបរិស្ថាន​បាន​រៀ​ចំ​គម្រោង​អភិវឌ្ឍន៍​គោលដៅ​លម្ហែ​បៃតង​នៅ​ភ្នំ​ខ្នង​ផ្សារ គឺជា​ការ​ឆ្លើយ​តប​នឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សំដៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ បាន​យូរអង្វែង ដើម្បី​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​។ ឯកឧត្តម​ក៏​បាន​ថ្លែង​ដែរ​ថា ការ​អភិវឌ្ឍ​គោលដៅ​លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ ដែល​នាំ​ឱ្យ​មាន​ភាព​រីក​ចម្រើន ដោយ​មានការ​គាំទ្រ ទៅ​លើ​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹង​ចូលរួម​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ប្រែក្លាយ​សហគមន៍ ឱ្យទៅ​ជា​សហគ្រិន ដែល​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់ ពី​ការ​ពឹងផ្អែក​លើ​ការ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ មក​ចូលរួម​ចំណែក​កាន់តែ​ប្រសើរ ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បាន​បង្កើន​ចំណូល​ជីវភាព​គ្រួសារ​បន្ថែម​ទៀត ពី​គោលដៅ​លំហែ​បៃតង​នៅ​តាម​សហគមន៍ ​។

សូម​បញ្ជាក់​ថា ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួងបរិស្ថាន ចូលរួម​ពិនិត្យ​មើ​សមិទ្ធផល​ថ្មី​នៃ​គម្រោង​គោលដៅ​លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ និង​រៀបចំ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ឡើង​ភ្នំ និង​តំបន់​នៅ​លើ​ភ្នំ​ខ្នង​ផ្សារ កាលពី ទី​៣១ ខែមករា ឆ្នាំ​២០២៦​។

ក្នុង​ដំណើ​ទស្សនកិច្ច​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ នា​ពេល​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ប្រតិភូ​ក្រសួង​ជា​ច្រើន​នាក់ តំណាង​អង្គការ ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង​ផង​ដែរ​។

ប្រតិភូ​បាន​អញ្ជើញ​ចូលរួម​ដាំ​ដើ​ឈើ​«​សន្តិភាព​» នៅ​ក្លោ​ង​ទ្វា​ចូល ដំណាក់​ដំរី ចំណុច​ជើងភ្នំ មុន​ឡើង​ទៅ​លើ​ភ្នំ​ខ្នង​ផ្សារ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ពីរ រួម​ជាមួយ​អ្នកចូលរួម​ទាំងអស់ បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ដោយ​ថ្មើ​ជើង ចាប់ពី​ដំណាក់​ដំរី ឆ្លងកាត់​ដំណាក់​នីមួយ​ៗ ដែល​បាន​សាងសង់​រួចរាល់ ជាមួយ​កន្លែង​អង្គុយ​សម្រាកលម្ហែ​ដ៏​ស្រស់​ស្អាត អ្នក​ទេសចរណ៍​អាច​ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ គយគន់​ទេសភាព​ធម្មជាតិ រុក្ខជាតិ ផ្កា​ព្រៃ​ជាដើម​។ ជាមួយ​គ្នា​នេះ គម្រោង​បាន​ដាក់​ស្លាក​ព័ត៌មាន ដែល​បង្ហាញ​ពី​ចម្ងាយ​ផ្លូវ និង​សារៈ​ប្រយោជន៍​នៃ​ការ​ឡើង​ភ្នំ​ចំពោះ​សុខភាព នៅ​តាម​កន្លែង​សម្រាក​នីមួយ​ៗ​ថែម​ទៀត​។

សូម​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ខ្នង​ផ្សារ​ដោយ​ថ្មើ​ជើង មាន​ចំងាយ​ជាង​៤​គម និង​ចំណាយពេល​ប្រមាណ​៤​ម៉ោង ទើប​ធ្វើ​ដំណើរ ដល់​កន្លែង​បោះ​តង់ តំបន់​លើ​ខ្នងភ្នំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ