ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វើការស្រាវជ្រាវបន្ទាន់ និងឃាត់ខ្លួនជនសង្ស័យ២នាក់ លើករណីគប់កញ្ចក់រថយន្ដ ម៉ាកហាយឡែនឌឺ ពណ៌ខ្មៅ ដែលប្រជាពលរដ្ឋបានធ្វើការចែកចាយព័ត៌មានតាមរយៈបណ្ដាញសង្គម និងបណ្ដឹងផ្ទាល់ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ករណីគប់កញ្ចក់រថយន្ដ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ឆ្នាំ២០២៥ ស្លាកលេខ ភ្នំពេញ 1LT-7578 រីឯជនរងគ្រោះជាម្ចាស់រថយន្ដមានឈ្មោះ ប៊ិន វៅ ភេទប្រុស អាយុ៤៩ឆ្នាំ ផ្លាកលេខភ្នំពេញ 2U-4077 ។
អធិការនគរបាលស្រុកបសេដ្ឋ បន្តថា មូលហេតុដោយសាររថយន្ដបើកវ៉ាម៉ូតូ រួចបត់មកឈប់ចតកន្លែងដូរលុយ ធ្វើឱ្យជនសង្ស័យ ខឹងសម្បារ រួចបានរើសដុំថ្ម ធ្វើសកម្មភាពគប់កញ្ចក់រថយន្តតែម្ដង បណ្ដាលឱ្យបែកធ្លុះចូលទៅក្នុងរថយន្ដ រួចជិះគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍ទួលអំពិល ស្រាវជ្រាវរហូតដល់ចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឆិល ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់ រួមជាមួយមធ្យោបាយម៉ូតូ ១គ្រឿង និងបន្ដឃាត់ខ្លួន ឈ្មោះ អាត់ ដាណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មកស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ជាអ្នករួមដំណើរបញ្ជូនមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
តាមចម្លើយជនសង្ស័យ ខឹងម្ចាស់រថយន្ដបើកវ៉ាកៀរម៉ូតូ រួចបត់ភ្លាមតែម្ដង ដោយបង្កការភ័យខ្លាច និងហុយដី ធ្វើអោយខ្លួនខឹង ទើបរើដុំថ្ម គប់កញ្ចក់តែម្ដង បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានធ្វើការកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីមានចំណាត់ការបន្ដ ៕





ចែករំលែកព័តមាននេះ