ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនញ៉ាំស៊ុបហតផត សូមប្រយ័ត្ន! អាជ្ញាធរហាណូយបង្ក្រាបទីតាំងស្តុកអាហារខូចគុណភាពនិងសាច់បង្កកជិត៨០តោន

8 ម៉ោង មុន

ហាណូយ ៖ ខណៈ​ពេល​ដែល​ការ​ទទួលទាន​ស៊ុប​ហត​ផត ស៊ុប​ស៊ី​ឈាន់ កំពុង​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​ក្រុម​គ្រួសារ មិន​ថា ឡើយ​នៅ​កម្ពុជា ឬ​នៅ​បណ្តា​ប្រទេស​ជិតខាង​នោះ​ទេ ប៉ុន្តែ​នៅ​ពីក្រោយ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់…

ហាណូយ ៖ ខណៈ​ពេល​ដែល​ការ​ទទួលទាន​ស៊ុប​ហត​ផត ស៊ុប​ស៊ី​ឈាន់ កំពុង​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​ក្រុម​គ្រួសារ មិន​ថា ឡើយ​នៅ​កម្ពុជា ឬ​នៅ​បណ្តា​ប្រទេស​ជិតខាង​នោះ​ទេ ប៉ុន្តែ​នៅ​ពីក្រោយ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ភាព​ទាក់ទាញ​នៃ​ទឹក​ស៊ុប​ទាំងនោះ ក៏​មានការ​លួចលាក់​ចែកចាយ​នូវ​គ្រឿងផ្សំ​ខូចគុណភាព ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ សមត្ថកិច្ច​ក្រុង​ហាណូយ បាន​វាយលុក​បង្ក្រាប​ឃ្លាំង​ស្តុក​គ្រឿងផ្សំ​ស៊ុប និង​សាច់​បង្កក​ខូចគុណភាព សរុប​ជាង​៧៦​តោន ដែល​ត្រៀម​នឹង​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​ខិត​ជិត​មក​ដល់ ។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ក្រុង​ហាណូយ សហការ​ជាមួយ​ផ្នែក​គ្រប់គ្រង​ទីផ្សារ បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​របស់​ក្រុមហ៊ុន BBB Thăng Long ស្ថិត​ក្នុង​តំបន់ឧស្សាហកម្ម Nam Thăng Long​។

ជា​លទ្ធផល សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ល្មើសច្បាប់​ចំនួន​១,១៤១ មុខ (​ស្មើនឹង​ប្រមាណ​១,៥ តោន​) ដែល​ជា​ប្រភេទ​គ្រឿងផ្សំ​ស៊ុប​ហត​ផល ទឹកម្ទេស និង​ទឹកជ្រលក់​ផ្សេង​ៗ… ដែល​នាំ​ចូល​ពី​ក្រៅប្រទេស និង​គ្មាន​ឯកសារ​បញ្ជាក់​ប្រភព​ច្បាស់លាស់​។ ក្រៅពី​គ្រឿងផ្សំ កម្លាំង​សមត្ថកិច្ច​ក៏​បាន​រឹបអូស​សាច់​កែ​ច្នៃ​រួច​ចំនួន​៥០០​គីឡូក្រាម បន្ថែម​ទៀត ដែល​មិន​មាន​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ ។

យ៉ាងណាមិញ ការ​រឹបអូស​គ្រឿងផ្សំ​ស៊ុប​ហត​ផល​របស់​នៅ​ក្រុមហ៊ុន BBB Thăng Long គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង​ហាណូយ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​អាហារ​ខូចគុណភាព​សរុប​ជាង​៧៦​តោន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​រួម​មាន ៖

១. គ្រឿងក្នុង​ជ្រូក​ស្អុយរលួយ​ជាង​៦០ តោន ៖ កាលពី​ថ្ងៃ​ទី​២៩ មក​រា សមត្ថកិច្ច​បាន​ឆែកឆេរ​ក្រុមហ៊ុន Dũng Phát ដោយ​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​បង្កក​ទុក​ចោល ពី ៤​ទៅ ៦ ខែ​រហូត​ដល់​ប្រែ​ពណ៌ និង​ជះក្លិន​ស្អុយ សរុប​ជិត​៦៤ តោន (​ទាំង​គ្រឿងក្នុង​ឆៅ និង​កែ​ច្នៃ​រួច​) ។

២. ពងមាន់ និង​ឆ្អឹង​មាន់​ខ្ចី ១២,៣ តោន ៖ កាលពី​ថ្ងៃ​ទី​២៩ មក​រា សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​រថយន្ត​កុងតឺន័រ ៣​គ្រឿង​ដែល​ដឹក​ពងមាន់ និង​ឆ្អឹងខ្ចី ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ និង​មិន​ធានា​អនាម័យ ។ បច្ចុប្បន្ន វត្ថុ​តាង​ដែល​ជា​ចំណីអាហារ​ខូចគុណភាព និង​គ្រឿងផ្សំ​ស៊ុប​ទាំងអស់​ត្រូវ​បាន​ដកហូត ដើម្បី​បំផ្លាញ​ចោល និង​បន្ត​នីតិវិធី​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​ដែល​ពាក់ព័ន្ធ ។

អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​ទិញ​គ្រឿង​ឧបភោគបរិភោគ ជា​ពិសេស​គ្រឿងផ្សំ​អាហារ​ដែល​នាំ​ចូល​ពី​បរទេស និង​សាច់​បង្កក​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​ក្នុងអំឡុងពេល​បុណ្យ​ទាន​ខាង​មុខ​នេះ​៕

កែសម្រួលដោយ