ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជួបពិភាក្សាគ្នា តែមិនទាន់មានឯកភាពគ្នាចំណុចណានោះទេ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ស្រុក​អន្លង់​វែង…

រាជធានី​ភ្នំពេញ ៖ ក្រុម​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ តែ​មិន​ទាន់​មានការ​ឯកភាព​គ្នា​នូវ​ចំណុចកណ្តាល​ណាមួយ​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១១:៥០​នាទី​ព្រឹក​នេះ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក្រោម​ការ​សង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) របស់​កម្ពុជា និង​ថៃ​ផង​ដែរ ។

ក្រុម​លេខាធិការ​របស់​កម្ពុជា​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង នាយសេនាធិការរង យោធភូមិ​ភាគ​ទី​៤ និង​ក្រុម​លេខាធិការ​របស់​ថៃ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណា​ក វ៉ា​ផា​ន់​ស៊ុ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​២ ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ភាគី​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​នូវ​ចំណុចកណ្តាល​រួម​គ្នា​មួយ​នៅឡើយ ដូច្នេះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដកឃ្លា​វិល​ត្រឡប់​ទៅ​ទីបញ្ជាការ​រៀងខ្លួន​វិញ ហើយ​បន្ត​ផ្លាស់​ប្តូរ​ឯកសារ និង​ពិភាក្សា​គ្នា​ឈាន​ដល់​ការ​ឯកភាព​គ្នា​នា​ពេល​ខាង​មុខ​ទើប​មានការ​រៀបចំ​ពិធី​ចុះហត្ថលេខា និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ។

គួរ​រំលឹក​ផង​ដែរ​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នេះ​ធ្វើ​ឡើង​ផ្អែក​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី អំពី​ការ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់ខ្ជួន​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ក៏​ដូច​ជា ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ឈាន​ដល់​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បាន​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ