រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ (រយៈពេលសាងសង់៤៨ ខែ-គ្រោងបញ្ចប់ឆ្នាំ ២០២៨) ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការបានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ និងត្រើយខាងកើត ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

នេះជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់តភ្ជាប់សេដ្ឋកិច្ចការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងព្រលានយន្តហោះថ្មី ត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។

អ្នកនាំពាក្យបានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ) ។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍៤ខ្សែ ៕


ចែករំលែកព័តមាននេះ