ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំសង្ឃឹមថាអាមេរិក និងអ៊ីរ៉ង់នឹងមានកិច្ចព្រមព្រៀងជាមួយគ្នា។ លោកថ្លែងដូច្នេះបន្ទាប់ពីអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាលីខាមេនី ព្រមានថាបើសិនអាមេរិកហ៊ានផ្ទុះសង្គ្រាមលើកនេះនឹងផ្អើលពេញតំបន់មជ្ឈិមបូព៌ាជាមិនខាន។ សូមរំលឹកថាបន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បង្ក្រាបក្រុមបាតុករប្រឆាំងបណ្ដាលឱ្យស្លាប់មនុស្សរាប់ពាន់នាក់ លោកត្រាំព្រមានធ្វើអន្តរាគមន៍យោធា។

លោកបានបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះទៅកៀកនឹងប្រទេសអ៊ីរ៉ង់។ នៅក្នុងស្ថានភាពនេះ ក្រុមប្រទេសធំៗនៅមជ្ឈិមបូព៌ាខិតខំនិយាយបញ្ចុះបញ្ចូលលោកត្រាំកុំទាន់ប្រើធម៌ក្ដៅ។ ពួកគេជំរុញឱ្យលោកប្រើប្រាស់មធ្យោបាយការទូតឱ្យអស់លទ្ធភាពជាមុនសិន។ ចំណែកអ៊ីរ៉ង់ក៏ប្រកាសមិនចុះញ៉មនឹងការគំរាមកំហែងនេះដែរ។ កាលពីថ្ងៃអាទិត្យម្សិលមិញ លោកអាលីខាមេនីចាត់ទុកការធ្វើបាតុកម្មថ្មីៗនេះគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ លោកព្រមានថាបើសិនអាមេរិកវាយប្រហារអ៊ីរ៉ង់លើកនេះ សង្គ្រាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងជាមិនខាន។

លោកថ្លែងបន្តទៀតថាពួកអាមេរិកាំងត្រូវយល់ឱ្យបានច្បាស់ បើពួកគេដុតបញ្ឆេះសង្គ្រាមលើកនេះទៀត សង្គ្រាមនឹងផ្ទុះឡើងពេញតំបន់មជ្ឈិមបូព៌ា។ លោកថែមទាំងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់សូមកុំចាញ់សម្លុតរបស់លោកត្រាំ។ លោកអាលីខាមេនីថ្លែងបន្តទៀតថាពួកគេ (ក្រុមបាតុករ) វាយប្រហារនគរបាល, វាយប្រហារអគាររដ្ឋាភិបាល , វាយប្រហារឆ្មាំបដិវត្តអ៊ីរ៉ង់ ,ធនាគារ និងវិហារឥស្លាម។ ពួកគេដុតបំផ្លាញគម្ពីកូអាន។ ដូច្នេះទង្វើទាំងនេះជារដ្ឋប្រហារច្បាស់ណាស់។ ប៉ុន្តែលោកថាជាភ័ព្វសំណាងល្អដែលអំពើរដ្ឋប្រហារនេះត្រូវយើងបង្ក្រាបទាន់ពេលវេលា។

នៅពេលអ្នកសារព័ត៌មានស្នើសុំឱ្យលោកត្រាំធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងពាក្យសម្ដីរបស់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់រូបនេះ លោកថ្លែងថាជាការពិតណាស់ គាត់ (អាលីខាមេនី) នឹងនិយាយពាក្យទាំងនេះចេញមក។ ប៉ុន្តែលោកត្រាំសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ បើសិនគ្មានកិច្ចព្រមព្រៀងទេ លោកសូមឱ្យអ្នករាល់គ្នារង់ចាំអ៊ុតសភាពការណ៍មើលចុះតើអ្វីដែលលោកនិយាយនោះត្រូវ ឬខុស។ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ