រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង និងការរំលឹកជាថ្មីដល់សាធារណជន ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ អំពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅក្នុង តំបន់សុវត្ថិភាពសាលារៀន។
ជាក់ស្តែងរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ សុវត្ថិភាពតំបន់សាលារៀន ត្រូវបានបង្កើតឡើង ដើម្បីការពារកុមារ ហើយឥឡូវនេះ ច្បាប់បានបញ្ជាក់យ៉ាងច្បាស់ថា ៖ ដែនកំណត់ល្បឿន ៣០ គ.ម/ម៉ោង ត្រូវតែអនុវត្តតាម ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកបរលឿនជាងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងផ្លូវច្បាប់ទៀតផង ។ នគរបាលចរាចរណ៍ កំពុងអនុវត្តច្បាប់នេះ ដើម្បីរក្សាសុវត្ថិភាពដល់កូនៗរបស់យើង ។ សូមគោរពដែនកំណត់ល្បឿន គោរពច្បាប់ចរាចរណ៍ និងការពារអ្នកជំនាន់ក្រោយ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ការបើកបរលើសល្បឿនកំណត់ក្នុងតំបន់ដែលមានកុមារច្រើន គឺជាហានិភ័យដ៏ធ្ងន់ធ្ងរ ។ កុមារមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប៉ាន់ស្មានល្បឿនយានយន្ត ឬការឆ្លើយតបចំពោះគ្រោះថ្នាក់ភ្លាមៗនោះទេ ។ ការបើកបរក្នុងល្បឿនយឺត ជួយឱ្យអ្នកបើកបរមានពេលគ្រប់គ្រាន់ក្នុងការជាន់ហ្វ្រាំង ឬបញ្ចៀសឧបទ្ទវហេតុដែលមិនអាចស្មានទុកជាមុនបាន ៕
ចែករំលែកព័តមាននេះ