ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថារដ្ឋាភិបាលរបស់លោកកំពុងចរចាគ្នាជាសម្ងាត់ជាមួយថ្នាក់ដឹកនាំគុយបាដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងអ្វីមួយ។ លោកថ្លែងដូច្នេះត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកព្រមានថានឹងបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់គុយបា ហើយនឹងបិទខ្ទប់មិនឱ្យប្រទេសនេះទទួលបានប្រេងសម្រាប់ប្រើប្រាស់ទេ។ លោកថ្លែងថាគុយបាជារដ្ឋដែលរកកលនឹងដួលរលំ។ គុយបាមានស្ថានភាពបែបនេះជាយូរមកហើយ។ ប៉ុន្តែឥឡូវនេះគុយបាគ្មានវេណេហ្ស៊ូអេឡាជាទីពឹងតទៅទៀតទេ។
ហេតុនេះយើងសូមនិយាយទៅកាន់ប្រជាជនគុយបា និងថ្នាក់ដឹកនាំកំពូលៗរបស់គុយបាសូមក្រឡេកមើលថាតើស្ថានភាពបែបណាទៅហើយ។ លោកគិតថាអាមេរិកអាចនឹងមានកិច្ចព្រមព្រៀងជាមួយគុយបា។ លោកត្រាំមិនបានបញ្ជាក់លម្អិតថាតើកិច្ចព្រមព្រៀងដែលលោកចង់បាននោះត្រូវប្រកបដោយលក្ខខណ្ឌអ្វីខ្លះទេ។ រដ្ឋាភិបាលរបស់លោកនៅតែបន្តដាក់សម្ពាធទៅលើគុយបាជានិច្ចចាប់តាំងពីលោកបញ្ជាឱ្យយោធាវាយប្រហារវេណេហ្ស៊ូអេឡា និងចាប់ខ្លួនលោកម៉ាឌូរ៉ូកាលពីថ្ងៃទី៣ ខែមករា។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាដំឡើងពន្ធគយទៅលើប្រទេសទាំងឡាយណាដែលលក់ ឬផ្គត់ផ្គង់ប្រេងឆៅទៅឱ្យគុយបា។ មួយថ្ងៃបន្ទាប់ ប្រជាជនគុយបាឈរតម្រង់ជួរគ្នានៅស្ថានីយប្រេងឥន្ធនៈនៃទីក្រុងឡាហាវ៉ាន។ នៅពេលចុះទៅខេត្តទ្រីនីដាត (Trinidad) នៃប្រទេសគុយបាភាគកណ្ដាលកាលពីសប្ដាហ៍មុន ភារធារីស្ថានទូតអាមេរិកប្រចាំប្រទេសគុយបា លោកម៉ាយ ហាមើ (Mike Hammer) ថ្លែងថាលោកសុខចិត្តខាំមាត់សង្កត់ចិត្តឱ្យប្រជាជនគុយបាជេរប្រទេចផ្ដាសាយ៉ាងខ្លាំង។
លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាពួកគេជាមនុស្សរបស់ក្រុមណាមួយ។ ប៉ុន្តែពួកគេមិនតំណាងឱ្យប្រជាជនគុយបាទាំងអស់ទេ លោកចង់សំដៅលើប្រជាជនគុយបាធម្មតា។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសអាមេរិកបង្ហោះសារនៅលើបណ្ដាញអ៊ិចថារបបដឹកនាំខុសច្បាប់នៅគុយបាត្រូវតែបញ្ឈប់ជាបន្ទាន់នូវទង្វើគាបសង្កត់របស់ខ្លួនដោយបញ្ជូនបុគ្គលមួយចំនួនទៅរំខានការបំពេញការងារជាអ្នកការទូតរបស់ភារធារីអាមេរិក។
ក្រុមអ្នកការទូតរបស់យើងនឹងបន្តចុះជួបសំណេះសំណាលជាមួយប្រជាជនគុយបា។ លោកត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិកមិនដែលលាក់លៀមម្ដងណាទេថាពួកគេចង់ផ្លាស់ប្ដូររបបដឹកនាំនៅគុយបា។ បន្ទាប់ពីផ្ដួលរំលំលោកម៉ាឌូរ៉ូពីអំណាចរួចហើយ លោកត្រាំព្រមានថាគុយបាត្រូវតែខិតខំចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងជាមួយអាមេរិក។ បើមិនដូច្នេះទេ ពួកគេនឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លោកនិយាយតែប៉ុណ្ណេះដោយគ្មាននិយាយលម្អិតនោះទេ។
លោកថាគ្មានឡើយប្រេងឆៅ ឬការផ្គត់ផ្គង់សាច់ប្រាក់សម្រាប់គុយបា។ ចំណែករដ្ឋាភិបាលគុយបាចោទប្រកាន់ថាលោកត្រាំកំពុងព្យាយាមគាបសង្កត់គុយបាដើម្បីឱ្យប្រទេសនេះស្លាប់ផ្នែកសេដ្ឋកិច្ច។ តាំងពីមុនការព្រមានរបស់លោកត្រាំ គុយបាប្រឈមនឹងបញ្ហាជាបណ្ដើរៗ។ គុយបាគ្មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទេ។ មួយថ្ងៃៗដាច់ភ្លើងជាច្រើនម៉ោង៕ ប្រភព៖ អាអែហ្វប៉េ និងប្រភពដទៃទៀត

ចែករំលែកព័តមាននេះ