ខេត្តកំពង់ចាម ៖ បុរសប្រមឹកម្នាក់បានផឹកស្រាស្រវឹងហើយបង្ករជម្លោះពាក្យសំដីជាមួយក្រុមគ្រួសារឈានរហូតដល់ដុតម៉ូតូរបស់ខ្លួនក្រោមផ្ទះរាលដាលឆេះផ្ទះរបស់ខ្លួនខ្ទេច និងឆេះឆ្លងរាលដាលទៅផ្ទះអ្នកជិតខាង២ខ្នងទៀត ។ ហេតុការនេះកើតឡើងនៅឃុំរកាគយ ស្រុកកងមាស ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីមូលដ្ឋាននារសៀលថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៦។ ដោយសារអ្នកជិតខាងប្ដឹងកម្លាំងសមត្ថកិច្ចបានចាប់បុរសប្រមឹកនោះបញ្ជូនមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា: នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយពីទទួលព័ត៌មានលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗហើយបានបង្កការទប់ស្តាត់ទាន់ពេលវេលា ។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ១៩:០០នាទី ដោយកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាគយ ធ្វើការពន្លត់អោយរលត់ជាស្ថាពរ។ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាស(ប្រើប្រាស់ទឹក ០៣ស៊ីទែន) ករណីនេះបណ្ដាលឱ្យខូចខាតចំនួន ០៣ផ្ទះ ដូចខាងក្រោម:
-ម្ចាស់ផ្ទះទី១ ឈ្មោះ ចៅ សម្បត្តិ ភេទប្រុស អាយុ ៨៨ឆ្នាំ ជាតិខ្មែរ
ផ្ទះទំហំ ៨ម×៩ម ធ្វើអំពីឈើប្រក់ក្បឿង ទ្រព្យសម្បត្តិ និងសម្ភារ:មួយចំនួន ឆេះអស់ទាំងស្រុង
-ម្ចាស់ផ្ទះទី២ ឈ្មោះ លឹម សុខលាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ
ផ្ទះទំហំ ៦ម×១២ម ធ្វើអំពីឈើប្រកក្បឿង ទ្រព្យសម្បត្តិ និងសម្ភារមួយចំនួន ឆេះអស់ទាំងស្រុង ។
និងម្ចាស់ផ្ទះទី៣ ឈ្មោះ សម្បត្តិ វ៉ារី ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ -ផ្ទះមានទំហំ ៥មx៦ម ធ្វើអំពីឈើប្រក់ដែកស័ង្កសី និង ទ្រព្យសម្បត្តិ សម្ភារមួយចំនួន ឆេះអស់ទាំងស្រុង ។
មូលហេតុ : តាមការសាកសួរ និងឆ្លើយបំភ្លឺកូនរបស់ម្ចាស់ផ្ទះឈ្មោះ សម្បត្តិ ណាគ្រី ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនឈ្មោះ ហុង ជា អាយុ៤៣ឆ្នាំ ជាតិខ្មែរ ស្រវឹងស្រាបានដុតម៉ូតូចោលនៅក្រោមផ្ទះ ទើបបណ្តាលអោយមានអគ្គីភ័យឆាបឆេះតែម្តង ។ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្ស និងសត្វនោះឡើយ ៕








ចែករំលែកព័តមាននេះ