រាជធានីភ្នំពេញ ៖ ស្ត្រីអត់សាច់ញាតិម្នាក់បានសម្រាលកូនដោយខ្លួនឯងក្នុងសួនច្បារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានហៅរថយន្តសាមុយនិងក្រុមគ្រូពេទ្យមកទទួលយកទៅសង្គ្រោះ កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅលើសួនច្បារក្បែរវត្តភ្នំ ផ្លូវ៦៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីខាងលើមិនដឹងថា មានសាច់ញាតិនៅទីណាអោយប្រាកដនោះទេ លុះដល់ម៉ោងកើតហេតុ មានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះបានឮសំឡេងក្មេងយំ ដោយមានការងឿងឆ្ងល់ក៏ដើររកមើល ស្រាប់តែប្រទះឃើញស្ត្រីខាងលើបានដេកឆ្លងទន្លេតែម្ដងឯងនៅលើសួនច្បារក្បែរវត្តភ្នំ ដោយបានកូនស្រីម្នាក់ផងដែរ ។
តាមប្រភពព័ត៌មានបានបន្តថា ក្រោយឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុ បានឃើញពិតប្រាកដថាមានស្ត្រីម្នាក់ឆ្លងទន្លេតែម្នាក់ឯងពិតមែន ទើបទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យ អោយក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីជាម្តាយនិងទារិកា យកទៅមន្ទីរពេទ្យបង្អែកចតុមុខ ៕






ចែករំលែកព័តមាននេះ