ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​លោក​កំពុង​ពិនិត្យ​មើល​តើ​​នរណា​ស័ក្ដិ​សម​ជា​មេ​ដឹក​នាំ​ថ្មី​របស់​អ៊ីរ៉ង់

9 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​លោក​កំពុង​រៀប​ចំ​ផែន​ការ​​ជ្រើស​រើស​អនា​គត​មេ​ដឹក​នាំ​អ៊ីរ៉ង់​ដោយ​ផ្ទាល់​ដៃ​​​។ ​លោក​ដាក់​ចេញ​ផែន​ការ​នេះ​ក្រោយ​ការ​ស្លាប់​របស់​អតីត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ លោក​អាយ៉ា​​តូឡា​ អាលី​ ខាមេនី​កាល​ពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោង​តាម​បាទ​សម្ភាស​ជា​មួយ​គេ​ហ​ទំព័រ​អាក់​សឺស (Axios)។ អ្នក​ខ្លះ​​​សម្លឹង​ឃើញ​កូន​ប្រុស​របស់​លោក​អា​យ៉ា​តូឡា​ អាលី​…

ទី​ក្រុង​តេ​អេ​រ៉ង់៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​លោក​កំពុង​រៀប​ចំ​ផែន​ការ​​ជ្រើស​រើស​អនា​គត​មេ​ដឹក​នាំ​អ៊ីរ៉ង់​ដោយ​ផ្ទាល់​ដៃ​​​។ ​លោក​ដាក់​ចេញ​ផែន​ការ​នេះ​ក្រោយ​ការ​ស្លាប់​របស់​អតីត​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ លោក​អាយ៉ា​​តូឡា​ អាលី​ ខាមេនី​កាល​ពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោង​តាម​បាទ​សម្ភាស​ជា​មួយ​គេ​ហ​ទំព័រ​អាក់​សឺស (Axios)។ អ្នក​ខ្លះ​​​សម្លឹង​ឃើញ​កូន​ប្រុស​របស់​លោក​អា​យ៉ា​តូឡា​ អាលី​ ខាមេនី ឈ្មោះ​មុជ​តាបា ខា​មេនី (Mojtaba Khamenei) ​អាច​ក្លាយ​ជា​អ្នក​ស្នង​តំណែង​​បន្ត​ពី​ឪ​ពុក​​។ ប៉ុន្តែ​លោក​ត្រាំ​ជំទាស់​នឹង​គំនិត​នេះ​។ លោក​ថា​លោក​មុជ​តាបា​មិន​ស័ក្ដិ​សម​នឹង​តំណែង​នេះ​ទេ​។ លោក​មិន​ទទួល​យក​ជា​ដាច់​ខាត​។

លោក​ត្រាំ​និយាយ​ប្រៀប​ធៀប​ព្រឹត្តិ​ការណ៍​នៅ​អ៊ីរ៉ង់​ទៅ​នឹង​វេណេ​ហ្ស៊ូ​អេឡា​។ លោក​ថា​លោក​ជា​អ្នក​សម្រេច​ដោយ​ផ្ទាល់​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​នៅ​វេណេ​ហ្ស៊ូ​អេឡា​ ហើយ​លោក​ក៏​ចង់​អនុ​វត្ត​វិធី​នេះ​​​នៅ​អ៊ីរ៉ង់​ផង​ដែរ​​។​ លោក​ត្រាំ​ប្រកាស​ត្រង់​ៗ​​​ថា​លោក​ចង់​បាន​មេ​ដឹក​នាំ​​អ៊ីរ៉ង់​ដែល​មិន​ប្រឆាំង​នឹង​វ៉ាស៊ីនតោន​។ លោក​ថា​លោក​ចង់​បាន​អនាគត​មេ​ដឹក​នាំ​អ៊ីរ៉ង់​ដែល​នាំ​មក​នូវ​សុខដុម​នីយកម្ម និង​សន្តិ​ភាព​ជា​មួយ​គ្នា​​។ បើ​អ៊ីរ៉ង់​នៅ​តែ​ប្រកាន់​ជំហរ​ដូច​សព្វ​ថ្ងៃ​នេះ​ទៀត​ នៅ​មិន​សុខ​នឹង​គ្នា​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ទៀត​។

​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​អះ​អាង​ថា​​ប្រតិ​បត្តិ​ការ​សឹក​របស់​អាមេរិក​នៅ​អ៊ីរ៉ង់​លើក​នេះ​គោល​ដៅ​ធំ​គឺ​ទប់​ស្កាត់​មិន​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយ​ក្លេអ៊ែរ, ​មីស៊ីល​អន្តរ​ទ្វីប​ និង​កម្ចាត់​ទ័ពជើង​ទឹក​របស់​ប្រទេស​នេះ​ឱ្យ​អស់​។ ពោល​គឺ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​សម្លឹង​ឃើញ​នរណា​ហើយ​ឬ​នៅ​ដើម្បី​ឡើង​មក​ដឹក​នាំ​ប្រទេស​អ៊ីរ៉ង់​? លោក​ត្រាំ​ឆ្លើយ​តប​ថា​អ្នក​ដែល​លោក​សម្លឹង​​ឃើញ​ថា​អាច​នឹង​ក្លាយ​ជា​អនាគត​មេ​ដឹក​នាំ​អ៊ីរ៉ង់​នោះ​​ឥឡូវ​នេះ​​ពួក​គេ​ស្លាប់​អស់​ហើយ​​។​

រហូត​មក​ដល់​ពេល​នេះ មជ្ឈ​ដ្ឋាន​ទូទៅ​មិន​ទាន់​ដឹង​​​ច្បាស់​​នៅ​ឡើយ​ទេ​ថា​តើ​នរណា​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​ថ្មី​របស់​អ៊ីរ៉ង់​​។ ប៉ុន្តែ​គេ​សម្លឹង​ឃើញ​លោក​មុជ​ចាបា ខាមេនី (កូន​ប្រុស​លោក​អាលី​ខាមេនី​) អាច​ជា​បេក្ខ​ជន​ដ៏​មាន​សក្ដានុពល​ម្នាក់​។ អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​នៅ​ក្នុង​ជ្រើស​រើស​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​គឺ​ក្រុម​ប្រឹក្សា​រដ្ឋ​មាន​សមាជិក​៨៨​នាក់​។ អ្នក​ខ្លះ​យល់​ថា​តំណែង​នេះ​អាច​បាន​ទៅ​លើ​លោក​ហាសាន​ ខូមេនី (Hassan Khomeini) ដែល​ជា​ចៅ​ប្រុស​របស់​មេ​ដឹក​នាំ​បដិវត្ត​អ៊ីរ៉ង់​ទី​១​ លោក​អាយ៉ា​តូឡា​ រ៉ូប៊ូឡា​ ខូមេនី​ (Ayatollah Ruhollah Khomeini) និង​​អាចារ្យ​ជាន់​ខ្ពស់​ម្នាក់​​ទៀត​ឈ្មោះ​អាយ៉ា​តូឡា​ អាលី​រេហ្សា​ អារ៉ាហ្វ៊ី (Ayatollah Alireza Arafi)។​

សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​ក្រុម​ប្រឹក្សា​រដ្ឋ​សម្រាប់​ដឹក​នាំ​ប្រទេស​អ៊ីរ៉ង់​ជា​បណ្ដោះ​អាសន្ន​ក៏​មាន​លោក​អារ៉ាហ្វ៊ី, ម៉ាស៊ូត​ ប៉េហ្សេ​ស្គាន (ប្រធានា​ធិបតី) និង​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​ លោក​ហ្គោ​ឡាម ហ៊ូសេន ម៉ូសេនី អេជេ (Gholam-Hossein Mohseni-Ejei)​ ផង​ដែរ​។ តើ​លោក​មុជ​ចា​បា ខាមេនី ជា​នរណា? លោក​មុជ​ចាបា​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៥៦​ឆ្នាំ​ ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​ឪ​ពុក​។ លោក​កើត​នៅ​ឆ្នាំ​១៩៦៩​នៅ​ទី​ក្រុង​ម៉ាស់​ហាត (Mashhad)។ ចម្រើន​វ័យ​បាន​ដប់​ឆ្នាំ ​បដិ​វត្ត​ឥស្លាម​​ក៏​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៧៩​ដើម្បី​​ផ្ដួល​រំលំ​ស្ដេច​សា​ពី​រាជ​បល្ល័ង្គ​។

ក្រោយ​មក​ គ្រួសារ​របស់​លោក​ផ្លាស់​ទៅ​នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​ចំ​ពេល​ដែល​សង្គ្រាម​អ៊ីរ៉ាក់​ និង​អ៊ីរ៉ង់​កំពុង​ផ្ទុះ​ពេញ​ទំហឹង​។ លោក​ក្លាយ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​នៅ​ពេល​ឪ​ពុក​របស់​លោក​ (អាលី ខាមេនី) ឡើង​កាន់​អំណាច​បន្ត​ពី​រ៉ូប៊ូឡា​ ខូមេនី​នៅ​ឆ្នាំ​១៩៨៩​។ ​យោង​តាម​ឯក​សារ​សម្ងាត់​របស់​អាមេរិក​ដែល​បែក​​​​ធ្លាយ​តាម​វីឃីលីក (WikiLeaks) អាមេរិក​ចាត់​ទុក​កូន​ប្រុស​រូប​នេះ​ជា​ «​អំណាច​នៅ​ពី​ក្រោយ​វាំង​នន» និង​ត្រូវ​របប​ដឹក​នាំ​អ៊ីរ៉ង់​សម្លឹង​ឃើញ​ថា​​ជា​មេ​ដឹក​នាំ​ដែល​មាន​សមត្ថ​ភាព​ប្រកប​ដោយ​ថាម​ពល​ខ្លាំង​ក្លា​។ ទៅ​ថ្ងៃ​មុខ បើ​គាត់​មិន​បាន​កាន់​អំណាច​កំពូល​ទេ​ ​យ៉ាង​ហោច​ណាស់​​គាត់​ក៏​អាច​ក្លាយ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ផង​ដែរ​​៕ ប្រភព៖ ញូស្វីក និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ