ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២ខែ​ហើយ! ​ករណីអាជីវករម្នាក់​បាត់កាបូប​លុយជាង ៥ ពាន់ដុល្លារក្នុងបន្ទប់ទឹកផ្សារ នៅតែគ្មានដំណឹង

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​អ្នក​រើស​កាបូប​លុយ​នៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​សាមគ្គី​(​ផ្សារ​សាលា​ចិន​) ស្ថិត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​នៅឡើយ​ទេ​។ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​រយៈពេល​លើស​ពី ២​ខែ​ហើយ…

ខេត្តកំពង់ចាម​ ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​អ្នក​រើស​កាបូប​លុយ​នៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​សាមគ្គី​(​ផ្សារ​សាលា​ចិន​) ស្ថិត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​នៅឡើយ​ទេ​។ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​រយៈពេល​លើស​ពី ២​ខែ​ហើយ ជាមួយ​នោះ​ម្ចាស់​កាបូប​គាត់​មាន​សង្ឃឹម​ភាគរយ​តិច​ណាស់​ដែល​នឹង​រក​ឃើញ​វិញ ព្រោះថា​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ​ដែល​ប្រឹង​សន្សំ​លុយ​តាំងពី​បាតដៃ​ទទេ ដោយ​ដាក់​លុយ​នឹង​គ្រឿងអលង្ការ​ក្នុង​កាបូប​តាម​ខ្លួន​សរុប​ជាង​៥០០០​ដុល្លារ​។​មិនដឹង​ថា​តើ​គាត់​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​ឲ្យ​បាន​លុយ​ដូច​ដើម​នោះ​។

ស្ត្រី​អាជីវករ​ឈ្មោះ​ស៊ុន ប៊ុ​ន​ធី អាយុ​៦៧ ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម ជា​អ្នកលក់​បង្អែម​នៅ​ផ្សារ​សាមគ្គី​បាន​រៀបរាប់​ថា​ មាន​កម្លាំង​នគរបាល​ជា​ច្រើន​អ្នក​បាន​នាំ​គ្នា​មក​សួរនាំ​គាត់​ដល់​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ ដោយ​និយាយ​នៅ​ពាក្យ​សមរម្យ​គួរ​ឱ្យ​គោរព​គឺ​ចង់​ដឹង​ពី​ការ​ភ្លេច​បាត់​កាបូប​លុយ​ក្នុង​បន្ទប់ទឹក​ផ្សារ​សាមគ្គី ក្នុង​គោលបំណង​ស្រាវជ្រាវ​រកមុខ​អ្នក​រើស​កាបូប​លុយ​។​ហើយ​បើ​គិត​ចាប់តាំងពី​ពេល​ដែល​ភ្លេច​កាបូប​ក្នុង​បន្ទប់ទឹក​ផ្សារ​សាមគ្គី​រហូត​មក​ដល់​ពេល​នេះ​លើស​២​ខែ​ហើយ នៅ​មិន​ទាន់​ឃើញ​អ្នក​រើស​បាន​ស្ម័គ្រចិត្ត​យក​មក​ប្រគល់​ជូន​គាត់ ក្នុង​ករណី​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​បើ​រក​ឃើញ​នោះ​អ្នក​រើស​បាន​អាច​ត្រូវ​មានទោស​ទៀត​ផង​។

គួរ​រំលឹក​ថា ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​លក់​បង្អែម​នៅ​ក្នុង​តូប​របស់​គាត់​គ្រានោះ​នៅ​វេលា​ម៉ោង​ប្រហែល​១២ ថ្ងៃត្រង់ បាន​ដើរទៅ​បត់ជើងតូច​នៅ​បន្ទប់ទឹក​ចម្ងាយ​ពី​កន្លែង​លក់​ប្រមាណ​៥០​ម៉ែត្រ ពេល​ចូល​ទៅ​គាត់​បាន​យក​កាបូបស្ពាយ​និង​ស្មា​ដោយ​ដាក់​ព្យួរ​ជញ្ជាំង​ហើយ​ក៏​ប្រញាប់​មក​កន្លែង​លក់​វិញ​។

អាជីវករ​រូប​នេះ​បាន​រៀបរាប់​ស្ទើរតែ​បង្ហូរទឹកភ្នែក​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​មក​ដល់​អង្គុយ​លាងចាន​ក្នុង​តូប​លក់ដូរ​វិញ​បាន​បន្តិច​ស្រាប់តែ​មាន​គេ​មក​ទិញ​បង្អែម​គាត់​មួយ​ចាន ពេល​ស្ទាប​និង​ចង្កេះ​មិនឃើញ​កាបូប ទើប​ដឹង​ថា​ភ្លេច​នៅ​បន្ទប់ទឹក​រួច​ក៏​រត់​ទៅ​មើល​តែ​មិនឃើញ​កាបូប​នោះ​ទេ មិនដឹង​អ្នក​ណា​រើស​បាន​ឬ​យក​ចេញ​ទៅ​។ ចំពោះ​ទ្រព្យ​ដែល​មាននៅ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ដុល្លារ​ចំនួន​៧៥០​ដុល្លារ លុយ​ខ្មែរ​៥០​ម៉ឺន​រៀល ខ្សែ​ក ខ្សែដៃ ជាង​មួយ​ដំឡឹង​សរុប​គិត​ជា​លុយ​ប្រមាណ​ជាង ៥០០០​ដុល្លារ​។

ជា​រៀងរាល់ថ្ងៃ​គាត់​ពុំដែល​ទុក​បូ​ប​ដាក់​លុយ​នៅ​នឹង​ផ្ទះ​នោះ​ទេ ព្រោះ​មិន​មាន​សុវត្ថិភាព ជា​និច្ចកាល​តែងតែ​យក​ជាប់​តាម​ខ្លួន​។​ចំពោះ​លុយ​ដែល​លក់​បាន​សន្សំ​ទិញ​មាស​ម្ដង​មួយ​ហ៊ុន​គឺ​ប្រឹង​សន្សំ​ទម្រាំ​បាន​ប៉ុណ្ណឹង​គឺ​ជាង ២០​ឆ្នាំ​មក​ហើយ ថ្ងៃ​ដែល​បាត់​កាបូប​នោះ​គឺ​ថ្ងៃ​ទី​៥​មក​រា ឆ្នាំ​២០២៦ គាត់​បាន​យំ​ហូរ​ទឹកភ្នែក​សោកស្ដាយ​របស់ទ្រព្យ​មិន​គួរ​ណា​បាត់​បែប​នេះ​សោះ​ព្រោះ​ជា​ស្ត្រី​មេម៉ាយ​មានកូន​បី​នាក់ ដោយ​រាល់​ថ្ងៃនេះ​គឺ​នៅ​ជាមួយ​កូនប្រុស​ម្នាក់

ហើយ​ផ្ទះ​ដែល​គាត់​ទិញ​គឺ​នៅ​ក្រោយ​ធនាគារឯកជន​មួយ​កន្លែង​ក្នុង​សង្កាត់​កំពង់ចាម ចម្ងាយ​ពី​ផ្សារ​សាមគ្គី​មក​ផ្ទះ​ប្រហែលជា​៣០០​ម៉ែត្រ​។ បន្ទាប់​ពី​បាត់​ហើយ​គាត់​បាន​ប្រាប់​គណៈ​អាជីវករ​ផ្សារ​ឈ្មោះ​ប៉ុន ក៏​ទូរ​សព្ទ​ទៅ​ប្រធាន​គណៈ​អាជីវករ​ផ្សារ​ឈ្មោះ​តា​ថុ​ង ពេល​ដែល​ទូរ​សព្ទ​ចូល​គាត់​លើក​និយាយ​ថា​ចេញ​មក​ផ្ទះ​ហើយ​មិន​មក​ផ្សារ​វិញ​ទេ​។

ស្ត្រី​អាជីវករ​លក់ដូរ​រូប​នេះ​បាន​បញ្ជាក់​ថា​ប្រធាន​គណៈ​អាជីវករ​ផ្សារ​គឺ​មិន​បាន​ត្រឡប់​មក​ផ្សារ ដើម្បី​ប្រកាស​តាម​មេក្រូ​ដើម្បី​ឱ្យ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់​មាន​អ្នក​ណា​ដែល​រើស​បាន​កាបូប​លុយ​របស់​គាត់ សូម​មេត្តា​យក​មក​ប្រគល់​ជូន​ម្ចាស់​វិញ​។ គិត​ទៅ​ស្ទើរ​ពេញ​មួយ​ជីវិត​ទម្រាំ​សន្សំ​លុយ​បាន​បែប​នេះ ដូច្នេះ​គាត់​ត្រូវ​ចាប់ផ្ដើម​ប្រឹង​សន្សំ​ឡើង​វិញ​ហើយ​ណាមួយ​ចាស់​ទៅ​ហើយ​មិនដឹង​ថា​តើ​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំ​តទៅ​មុខ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ