ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ រុស្ស៊ីព្រមានហ្វាំងឡង់ពីបទចង់អនុញ្ញាតឱ្យប្រទេសដទៃដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។ វិមានក្រឹមឡាំងព្រមានថាបើសិនហ្វាំងឡង់ហ៊ានធ្វើដូច្នេះមែន ពេលនោះស្ថានការណ៍សឹកនឹងឡើងកម្ដៅខ្លាំងនៅទ្វីបអឺរ៉ុប ហើយអាចនឹងបង្កគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិរបស់រុស្ស៊ីថែមទៀត។ ដូច្នេះ រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅតាមសភាពការណ៍ជាក់ស្ដែង។

ប្រទេសហ្វាំងឡង់ និងរុស្ស៊ីមានព្រំដែនជាប់គ្នា។ កាលពីអំឡុងសង្គ្រាមត្រជាក់ ហ្វាំងឡង់រក្សាបានអព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធណាតូ ឬវ៉ាសូវី (របស់សូវៀត) ទេ។ ទោះជាយ៉ាងណាក្ដី ក្រោយពេលផ្ទុះសង្គ្រាមអ៊ុយក្រែន ហ្វាំងឡង់ក៏ដូចជាប្រទេសសង្គមនិយមដទៃទៀតដែលប្រាថ្នាចង់រស់នៅក្នុងសេចក្ដីសុខ (ដូចជាស៊ុយអែត និងដាណឺម៉ាកជាដើម) ចាប់ផ្ដើមពិចារណាឡើងវិញទៅលើនយោបាយអព្យាក្រឹតនិយម។ មានន័យថាពេលខ្លះសូមត្រឹមតែមួយសុខក៏គេមិនឱ្យសុខដែរ។

ហេតុនេះ ហ្វាំងឡង់យល់ថាខ្លួនមិនអាចនៅអព្យាក្រឹតតទៅទៀតទេ ត្រូវតែចូលជាសមាជិកអង្គការណាតូនៅឆ្នាំ២០២៣។ កាលពីថ្ងៃព្រហស្បតិ៍ ហ្វាំងឡង់ប្រកាសថាការហាមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួននឹងត្រូវលុបចោល។ មានន័យថាត្រៀមអនុញ្ញាតឱ្យដាក់ពង្រាយនុយក្លេអ៊ែរនៅពេលមានសង្គ្រាម។ មិនរង់ចាំយូរទេ វិមានក្រឹមឡាំងក៏បញ្ចេញប្រតិកម្មតបវិញភ្លាម។

ក្រឹមឡាំងចាត់ទុកសេចក្ដីប្រកាសរបស់ហ្វាំងឡង់អាចនាំឱ្យមានភាពតានតឹងផ្នែកយោធានៅទូទាំងទ្វីបអឺរ៉ុប។ ក្រឹមឡាំងថ្លែងបន្តទៀតថាសេចក្ដីប្រកាសនេះជាការបូកបន្ថែមនូវភាពកម្សោយរបស់ហ្វាំងឡង់។ ពោលគឺភាពកម្សោយដោយសារអាជ្ញាធរហ្វាំងឡើងខ្លួនឯង។ បញ្ហានៅត្រង់ថាបើសិនហ្វាំងឡង់អនុញ្ញាតឱ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន មានន័យថាហ្វាំងឡង់កំពុងគំរាមកំហែងរុស្ស៊ីហើយ ហើយយើងនឹងឆ្លើយតបដោយសមាមាត្រ។

អឺរ៉ុបឥឡូវនេះមិនដូចមុនទេ។ អឺរ៉ុបមិនអាចពឹងផ្អែកអាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួនតទៅទៀតទេ។ អាមេរិកអាចជាលាភផង ហើយក៏ជាគ្រោះផងដែរ។ មែនទែនទៅ អាមេរិកនេះតែម្ដងដែលអាចជាគ្រោះគំរាមកំហែងសម្រាប់អឺរ៉ុប។ ជាក់ស្ដែង លោកត្រាំរហូតដល់គំរាមប្រើប្រាស់កម្លាំងយោធាវាយដណ្ដើមយកកោះហ្គ្រីនលែនមកកាន់កាប់បើនិយាយគ្នាតាមសម្រួលមិនព្រម។ បញ្ហាសង្គ្រាមនៅអ៊ុយក្រែនក៏ជាមេរៀនសម្រាប់អឺរ៉ុបផងដែរ។ ហេតុនេះ អឺរ៉ុបយល់ថាខ្លួនត្រូវទីពឹងខ្លួនលើគ្រប់វិស័យទាំងអស់។ ជាពិសេស អឺរ៉ុបកំពុងកសាងកម្លាំងយោធារបស់ខ្លួនឱ្យបានខ្លាំងក្លាជាងពេលបច្ចុប្បន្ន៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ