ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ១៥នាក់ជាកម្មករ ដែលបានស្លាប់ដោយសារបាញ់ប្រហារពីលើអាកាសនៃដ្រូនរបស់រុស្ស៊ីទៅលើរថយន្តដែលពួកគេជិះ។ ថ្លែងនៅក្នុងសុន្ទរថកថាប្រចាំពេលរាត្រី លោកហ្សេឡិនស្គីក៏បាននិយាយផងដែរថាប្រជាជនអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតថាមពលសម្រាប់ប្រើប្រាស់។

បញ្ហានេះរឹតតែធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់រុស្ស៊ីកាលពីពេលថ្មីៗនេះ។ កាលពីមុននេះ លោកហ្សេឡិនស្គីប្រកាសអំពីការចរចាសន្តិភាពនៅក្នុងស្ថានភាពមិនប្រាកដប្រជាក្រោយពេលរុស្ស៊ីប្រកាសផ្អាកវាយប្រហារទៅលើទីតាំងផលិតថាម។ ឧបនាយករដ្ឋមន្ត្រីទីមួយអ៊ុយក្រែនថ្លែងថាការវាយប្រហារទៅលើរថយន្តដឹកកម្មនោះកើតឡើងនៅតំបន់ដីនីប្រូប៉េត្រូស។

លោកចាត់ទុកថានេះជាទង្វើឆ្កួតលលា និងមានគោលដៅប្រឆាំងនឹងកម្មករបម្រើការផ្នែកថាមពល។ ក្រុមហ៊ុនឌីធីអ៊ីខេ (DTEK) ដែលជាថៅកែកម្មករទាំងនេះថ្លែងថាពួកគេជាកម្មករដែលទើបតែបញ្ចប់វេនការងារ។ អ៊ុយក្រែនកំពុងរងសម្ពាធពីអាមេរិកដើម្បីទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ ម៉្យាងទៀត អ៊ុយក្រែនក៏រងសម្ពាធផ្នែកយោធាពីរុស្ស៊ីផងដែរ។ រុស្ស៊ីបន្តវាយប្រហារតាមអាកាសឥតឈប់ឈរនៅពេលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំងខុសពីធម្មតា។

លោកហ្សេឡិនស្គីថ្លែងថាការចរចាលើកក្រោយនឹងចាប់ផ្ដើមពីថ្ងៃទី៤-៥ ខែកុម្ភៈ។ លោកថាអ៊ុយក្រែនកំពុងខិតខំទាំងត្រដាបត្រដួសទប់ទល់នឹងការវាយសម្រុករបស់រុស្ស៊ី។ លោកថាលោកចង់ចរចាលើកនេះឱ្យចេញជាសាច់ការពិតប្រាកដ។ សូមរំលឹកថាវិមានក្រឹមឡាំងកាលពីពីរថ្ងៃមុនថ្លែងថាលោកពូទីនយល់ព្រមផ្អាកវាយប្រហារទៅលើទីតាំងផលិតថាមពលរហូតដល់ថ្ងៃអាទិត្យសប្ដាហ៍មុន។ ក្រឹមឡាំងថាចំណាត់ការនេះធ្វើឡើងតបតាមការស្នើសុំរបស់លោកដូណាល់ត្រាំ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ