ជំនឿ៖ យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស ពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ ខាងមុខនេះ ដែលថ្ងៃសែនត្រូវនឹងថ្ងៃចន្ទទី១៦ ខែកុម្ភៈខាងមុខនេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ការជួបជុំសាច់ញាតិ និងញ៉ាំអាហារជុំគ្នាដោយសប្បាយរីករាយ។
ទោះជាយ៉ាងណា លោកអ្នកមិនគួរមើលរំលងសុវត្ថិភាពចំណីអាហារឡើយ ព្រោះម្ហូបដែលយកទៅសែនព្រេនរួច ជារឿយៗអាចបង្កប់នូវគ្រោះថ្នាក់សុខភាពដូចជា សារធាតុហ្វ័រម៉ាលីនដែលគេលួចដាក់ក្នុងសាច់ឱ្យមើលទៅស្រស់ ឬជាតិល័ក្តពណ៌ក្រហមពីខ្សែចងមាន់ទា និងផេះធូបដែលហុយមកប៉ះចំណីអាហារជាដើម។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺ ការទុកម្ហូបសែនចោលនៅខាងក្រៅយូរពេក នឹងធ្វើឱ្យមេរោគរីកដុះដាលយ៉ាងលឿន ដែលងាយបង្កឱ្យមានបញ្ហារាគរូស ឬពុលអាហារភ្លាមៗ។
ដើម្បីធានាសុខភាពសមាជិកគ្រួសារឱ្យបានល្អមាំមួនពេញមួយឆ្នាំ លោកអ្នកចាំបាច់ត្រូវយកម្ហូបសែនទាំងនោះមកកម្ដៅឡើងវិញឱ្យបានក្ដៅខ្លាំងរហូតដល់ពុះ ឬចេញចំហាយទឹកយ៉ាងតិច ២-៣ នាទី ដើម្បីសម្លាប់មេរោគមុននឹងទទួលទាន។ ចំពោះបន្លែ និងផ្លែឈើ ត្រូវលាងសម្អាតជាមួយទឹកស្អាតឱ្យបានច្រើនដង ដើម្បីជម្រះជាតិថ្នាំកសិកម្ម និងធូលីផ្សេងៗ។ រីឯអាហារដែលទទួលទានមិនអស់ ត្រូវទុកដាក់ក្នុងប្រអប់ឱ្យជិតហើយបញ្ចូលក្នុងទូទឹកកកភ្លាម ដោយមិនត្រូវទុកចោលនៅខាងក្រៅលើសពី ២ ម៉ោងឡើយ។
ការប្រុងប្រយ័ត្នលើការសម្អាត និងការចម្អិនឱ្យឆ្អិនល្អបែបនេះ នឹងជួយឱ្យការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំចិនរបស់អ្នក កាន់តែមានន័យ និងពោរពេញដោយសុវត្ថិភាព៕
ចែករំលែកព័តមាននេះ