វៀតណាម ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចវៀតណាមបង្ក្រាប និងឃាត់ខ្លួនបាន បន្ទាប់ពីរកឃើញថា បានលួចធ្វើសកម្មភាពផលិត និងវេចខ្ចប់ប៊ីចេងក្លែងក្លាយម៉ាកល្បី (AJINOMOTO) ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ជាង ១ តោន ដើម្បីចែកចាយបន្លំភ្នែកអ្នកប្រើប្រាស់យកចំណេញផ្ទាល់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃខេត្តហុងយិន (Hung Yen) បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានឆ្ម.ក់ចូលបង្ក្រាបលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិ Nguyên Xá 4 ឃុំ A Sào និងបានរកឃើញជាក់ស្ដែងនូវសកម្មភាពខុសច្បាប់របស់ជនសង្ស័យឈ្មោះ Nguyen Viết Long អាយុ ៦៨ឆ្នាំ ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតប៊ីចេង ដែលវេចខ្ចប់រួចជាស្រេចចំនួន១,០០៨ កញ្ចប់ (សរុបទម្ងន់ជាង ១,១ តោន) ព្រមទាំងប៊ីចេងបាវធំៗគ្មានប្រភព និងម៉ាស៊ីនវេចខ្ចប់មួយចំនួនទៀត ។ គ្រោះថ្នាក់ដែលនឹកស្មានមិនដល់ពីប៊ីចេងក្លែងក្លាយ ៖ ការបង្ក្រាបនេះបានធ្វើឱ្យមហាជនមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាពចំណីអាហារ ។
អ្នកជំនាញបានព្រមានថា ការប្រើប្រាស់ប៊ីចេងក្លែងក្លាយដែលផលិតដោយគ្មានស្តង់ដារ ឬមានលាយសារធាតុគីមីមិនច្បាស់លាស់ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដែលយើងនឹកស្មានមិនដល់ ៖
-អាការៈពុលភ្លាមៗ ៖ អាចធ្វើឱ្យអ្នកបរិភោគមានអាការៈវិលមុខ ឈឺក្បាល ចង់ក្អួត ស្ពឹកស្រពន់តាមដៃជើង និងរមាស់បំពង់ក។
-បំផ្លាញសរីរាង្គ ៖ សារធាតុមិនច្បាស់លាស់ដែលលាយឡំក្នុងប៊ីចេងក្លែងក្លាយ អាចបណ្ដាលឱ្យខូចក្រលៀន ថ្លើម និងប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។
-ហានិភ័យមហារីក ៖ ការបរិភោគសារធាតុដែលមិនមែនជាគ្រឿងផ្សំអាហារ (Non-food additives) ក្នុងរយៈពេលយូរ គឺជាមូលហេតុចម្បងមួយដែលបង្កជាកោសិកាមហារីកក្នុងរាងកាយ ។
ជនសង្ស័យបានសារភាពថា ខ្លួនបានទិញប៊ីចេងបាវធំៗដែលគ្មានវិក្កយបត្រពីទីផ្សារសេរី រួចយកមកច្រកបន្លំជាទំនិញក្រុមហ៊ុនល្បីឈ្មោះ ។ នៅថ្ងៃទី៣០ ខែមករា ជនរូបនេះត្រូវបានចោទប្រកាន់ពីបទ «ផលិតទំនិញក្លែងក្លាយជាសារធាតុបន្ថែមអាហារ» តាមច្បាប់ព្រហ្មទណ្ឌ។
ឆ្លងតាមរយៈហេតុការណ៍នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះទំនិញដែលហូរចូលមកកាន់ទីផ្សារ ដោយផ្តោតលើ៣ចំណុច ៖ ១. ពិនិត្យការវេចខ្ចប់ ៖ ប៊ីចេងក្លែងក្លាយច្រើនតែមានសំបកថង់ស្ដើង បោះពុម្ពរូបភាពមិនសូវច្បាស់ ឬមានស្នាមផ្សារកម្ដៅមិនស្មើដៃ។ ២. ប្រភពទិញដូរ៖ គួរជ្រើសរើសទិញពីហាងដែលមានទំនុកចិត្ត ចៀសវាងទំនិញដែលមានតម្លៃថោកខុសពីធម្មតាខ្លាំងពេក។ ៣. ពិនិត្យគុណភាព៖ ប៊ីចេងសុទ្ធមានគ្រាប់ថ្លា និងគ្មានកម្ទេចកំទីប្លែកៗឡាយឡំ ។ «សុខភាពរបស់លោកអ្នក ផ្ដើមចេញពីការជ្រើសរើសគ្រឿងឧបភោគបរិភោគដែលត្រឹមត្រូវ និងមានសុវត្ថិភាព!»

ចែករំលែកព័តមាននេះ