រាជធានីភ្នំពេញ ៖ កម្ពុជាបានស្នើថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្ត ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោល ព្រំដែនលេខ 52-59។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ ភាគីថៃនៅពុំទាន់បានឆ្លើយតបជាផ្លូវការអំពី កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងពុំទាន់ បានឆ្លើយតបជាផ្លូវការទៅនឹងកំណត់ទូតរបស់ភាគីកម្ពុជាចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្តីពីសំណើ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែង ដើម្បីបន្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងចន្លោះបង្គោលព្រំដែនលេខ 52-59 ព្រមទាំងការចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដោយអនុលោមតាមកំណត់ហេតុកិច្ចប្រជុំ ពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
រដ្ឋលេខាធិការរដ្ឋានព្រំដែនបានលើកឡើងថា ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញ ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែល រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយក គណៈកម្មការ JBCភាគីកម្ពុជាបានស្នើសាជាថ្មី ទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្ត ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោល ព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។
រដ្ឋលេខាធិការរដ្ឋានព្រំដែនបានបន្ថែមថាគណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យ
ប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡា ដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែន ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និង កថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។
គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលនាពេល កន្លងមក ភាគីថៃបានលើកឡើងដោយពុំត្រឹមត្រូវថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនពុំអាច អនុវត្តបានទេ ដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្តោយព្រំដែនតាមរយៈយន្តការ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារ ដោះមីនដែលបម្រើឱ្យគោលដៅវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបាន អនុវត្តដោយក្រុមការងារដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា៣ នៃ MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មក ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បា នអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕




ចែករំលែកព័តមាននេះ