ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើតាមស្តាប់សម្តីលោកចៅសង្កាត់ចោមចៅទី១ គេខ្ពើ.មណាស់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កង វង​ចៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កន្លង​មក​ធ្លាប់​មានរឿង​អាស្រូវ​នៅ​ក្នុង​អង្គភាព​ជា​ហូរហែ និង​មិនសូវ​មានការ​ពេញចិត្ត​ពី​មន្ត្រី​ក្រោម​ឱវាទ​ផង​នោះ ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត ។…

រាជធានី​ភ្នំពេញ ៖ លោក កង វង​ចៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កន្លង​មក​ធ្លាប់​មានរឿង​អាស្រូវ​នៅ​ក្នុង​អង្គភាព​ជា​ហូរហែ និង​មិនសូវ​មានការ​ពេញចិត្ត​ពី​មន្ត្រី​ក្រោម​ឱវាទ​ផង​នោះ ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត ។ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​ដែល​លោក​ចៅសង្កាត់​រូប​នេះ​ឡាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទាំង​កំហឹង​ដោយ​ប្រើ​ពាក្យ​សម្ដី​អសុរ​ស​និង​ប្រមាថ​ជា​ច្រើន​ដាក់​អ្នក​ដទៃ ធ្វើ​ឲ្យ​បាត់បង់​អស់​នូវ​ភាព​ជា​អ្នកដឹកនាំ ។

គាត់​បាន​និយាយ​បណ្ដើរ និង​ហូប​សណ្ដែកដី​បណ្ដើរ រយៈពេល​ជិត​១​ម៉ោង នា​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ ដែល​នៅ​ខណៈនោះ​ទំនងជា​ស្រវឹងស្រា​ទៀត​ផង ។ លោក​កង វង​បាន​ហៅ​ភាគី​ជម្លោះ​របស់​ខ្លួន​សុទ្ធតែ​អាមឹង អ្ហែង អា​ថោក អា​ល្ងង់ អា​ពងក្ដ ជាដើម ដែល​នេះ​មិនមែន​ជា​ពាក្យពេចន៍​របស់​មន្ត្រីរាជការ​ត្រូវ​ប្រើ​ទាល់តែ​សោះ ហើយ​គេ​សង្ស័យ​ថា​លោក​និយាយ​សំដៅ​ទៅ​កាន់​រូប​លោក​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ា​ង លី​ដា ដែល​ទើប​មាន​ទំនាស់​គ្នា​ជាមួយ​គាត់​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

លោក​ចៅសង្កាត់​រូប​នេះ បាន​លើក​ឡើង​ថា លោក​មាន​ជម្លោះ​ជាមួយ​មនុស្ស​២​នាក់ ប៉ុន្តែ​មិន​បាន​ហៅ​ឈ្មោះ​ពិត​អ្នក​ទាំង​២​នោះ​ទេ​គឺ​លោក​ហៅ​តាម​បែប​ប្រមាថ​អាយុជីវិត​ថា «​អា​ស្ករ​ជិត​ងាប់ និង​អា​បេះដូង​ជិត​ងាប់​» មិនតែប៉ុណ្ណោះ​លោក​ចៅសង្កាត់​នេះ ក៏​បាន​បបួល​គូ​ជម្លោះ​២​នាក់​នោះ​វាយតប់​គ្នា​នៅ​ក្នុង​សង្វៀន​ថែម​ទៀត​ផង ។ ពុំ​មាន​នរណា​បានដឹង​និង​ស្គាល់​ច្បាស់​ថា​មនុស្ស​ទាំង​២​នាក់​ដែល​ថ្លើមធំ​ពាសមេឃ​ហ៊ាន​ឈ្លោះ​ជាមួយ​លោក​ចៅសង្កាត់​ចោម​ចៅ​ទ​១ រហូត​ធ្វើ​ឲ្យ​លោក​ខឹង ហើយ​បបួល​វាយ​គ្នា​នោះ​ជា​នរណា មានបុណ្យ​ស័ក្ដិធំ​ប៉ុនណា​នោះ​ទេ ប៉ុន្តែ​គេ​មានការ​សង្ស័យ​ថា ក្នុង​ចំណោម​អ្នក​ទាំង​២​នោះ​មាន​ម្នាក់​អាច​ជា​​មេ​នោះ​ហើយ ។

នៅ​ក្នុង​ការ​ឡាយ​លោក​ចៅសង្កាត់​រូប​នេះ​មានការ​ក្ដៅក្រហាយ​ជាមួយ​គូទំនាស់​ដល់​កម្រិត​១,០០០​អង្សា​ទៅ​ហើយ ទើប​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ ទ្រាំ​រង់ចាំ​ដល់​មេឃ​ភ្លឺ​ថ្ងៃ​រះ​មិន​បាន ហើយ​ក៏​ចេញ​វី​ដេ​អូ​ឡាយ​ទាំង​មេឃ​មិន​ទាន់​ភ្លឺ មាន់​មិន​ទាន់​ជុះអាចម៍​ផង​ទេ ។ ចំណែក​មហាជន​បាន​រិះគន់​ខ្លាំង​ៗ និង​ចាត់​ទុក​ថា​ទ​ង្វើ​របស់​លោក​ចៅសង្កាត់​រូប​នេះ​ប្រាស់ចាក​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​មន្ត្រីរាជការ មិន​សម​ធ្វើ​ជា​ចៅសង្កាត់ ដែល​ជា​មន្ត្រី​បម្រើ​រាស្ត្រផ្ទាល់​ ឬ​ក៏​ជា​គំរូ​ល្អ​សម្រាប់​សង្គម​ខ្មែរ​ទាល់តែ​សោះ ។ ខ្លួន​ជា​បុគ្គល​សាធារណៈ​តែ​ចូល​ចិត្ត​ឈ្លោះប្រកែក​គ្នា​ដូច​កូន​ក្មេង​លេង​ដី រីឯ​ពាក្យ​សម្ដី​វិញ​និយាយ​ចេញ​មក​១​ម៉ាត់​ណា ក៏​ដៀលត្មះ​គេ​សុទ្ធតែ អាមឹង អ្ហែង អា​ថោក អា​ពងក្ដ អា​ល្ងង់ មិន​ដាច់​ពី​មាត់​សោះ ។ មិនតែប៉ុណ្ណោះ​គាត់​ក៏​បាន​ព្រមាន​ដល់​គូទំនាស់​របស់​ខ្លួន​ទៀត​ថា បើ​អ្ហែង​ធ្វើ​ខុស អញ​ខ្ទេច អ្ហែង​ក៏​ខ្ទេច​ដែរ អា​ថោក​អញ​ប្រាប់​ប្រពន្ធ​កូន​អញ​រួច​ហើយ ដែល​ពាក្យ​នេះ​ស្មើ​នឹង​ការ​កម្ទេច​ដៃគូ​ទំនាស់​របស់​ខ្លួន​ចោល ។

លោក​ចៅសង្កាត់​រូប​នេះ​ថា​លោក​មាន​គំនុំ​ជាមួយ​មនុស្ស​ម្នាក់​តាំងពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ និង​ថា​ជុង​វា​អត់​ដែល​ភ្លេច​កុក​ទេ ជេរ​ម៉ែអញ​តាំងពី​ឆ្នាំ​២០១៩ ដៀល​អញ​ដូច​ឆ្កែ​ដូច​ឆ្មារ អ្ហែង​ច្រឡំ​ហើយ​អានាង​មើល​អា​វង​ឲ្យ​ច្បាស់ ។ អញ​សប្បាយចិត្ត​មែនទែន​អញ​ប្រាប់​អ្ហែង​១​ម៉ាត់​ណា គុក​គេ​ធ្វើ​មក​សម្រាប់​ដាក់​មនុស្ស ទ្រុង​ណា​គេ​ធ្វើ​សម្រាប់​ដាក់​សត្វ អ្ហែង​ចង​ចាំតែ​ប៉ុណ្ណេះ​ទៅ​បាន​ហើយ​អា​ថោក (​អ្នក​ដែល​មាន​គំនុំ​ជាមួយ​លោក​ចៅសង្កាត់​នោះ ទំនងជាមេហើយមើលទៅ​) ។

សូម​រំលឹក​​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ខណៈ​កំពុង​មាន​ទំនាស់​ជាមួយ​លោកប៉ា​ង លី​ដា គេ​ឃើញ​លោក​កង វង បើករថយន្ត​បណ្ដើរ​ឡាយ​វី​ដេ​អូ​បណ្ដើរ​ថា កាលពី​ឆ្នាំ​២០២២ ពេល​ដែល​ខ្លួន​ជួល​គ្រឿងចក្រ​កាយ​ប្រឡាយ​បារាំង លោក​បាន​ចាយ​លុយ​ខ្លួនឯង​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​ដោះស្រាយ ស្រាប់តែ​លោកប៉ា​ង លី​ដា ស្ដី​ឲ្យ​លោក​ថា​យក​អេ​ស្កា​វ៉ា​ទ័​រ​តូច​ស្ដារ​មិនកើត​ដូច​ពងក្ដ​គេ ចៅសង្កាត់​ច​រិ​ក​ថោក ។

លោក​កង វង ក៏​បាន​ចោទប្រកាន់​គូទំនាស់​របស់​ខ្លួន​ថាស​សើរ​ប្រ​ទស​ថៃ​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​យើង​មិន​ដាច់​ពី​មាត់ ដោយ​លោក​និយាយ​ដូច្នេះ​ថា អញ​អត់​ដូច​ពាក្យ​ខ្លះ​អ្ហែង​មក​ជួប​គេ​ជួប​ឯង​ថា​អ្ហែង​រស់រាន​មានជីវិត​ដោយសារ​ប្រទេស​ថៃ​ទេ ណូ ! អញ​រស់រាន​មានជីវិត​ដោយសារ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ពី​មុន​និង​ជាតិ សាសនា ព្រះមហាក្សត្រ អញ​អត់​ដែល​យក​ខ្មែរ​ខ្លួនឯង​ទៅ​ប្រៀប​ជាមួយ​អ្នក​ដទៃ​ទេ ។ អញ​អត់​ល្ងង់​ទេ មាន​តែ​អ្ហែង​ទេវា​ល្ងង់ អា​ល្ងង់ អញ​ប្រាប់​អ្ហែង​ត្រង់ អ្ហែង​ស្បថ​ទេ​បើ​អ្ហែង​អត់​បាន​និយាយ? អ្ហែង​ថា​អញ​ខ្លាច​អ្ហែង គេ​ស្អប់​អ្ហែង​ច្រើន​ណាស់ ក្នុង​ជួរ​ជាមួយ​គ្នា​នោះ ប៉ុន្តែ​គេ​មិន​ហ៊ាន​និយាយ ដោយសារ​គេ​អត់​ទាន់​ដែល​បាន​បទ​ពិសោធន៍​ដូច​អញ ។

មើលទៅ​ចៅសង្កាត់​រូប​នេះ​ហាក់​ក្រពុលមុខ​ខ្លាំង​ណាស់​គាត់​និយាយ​បន្ត​ថា អញ​បាន​ប្រាប់​ហើយ​ប្រាប់​ទៀត​ជួប​របស់​ពិត​ហើយ ហុ​ឹ​សអា​ពួកម៉ាក អាប្អូន​(​លោក​ហៅ​គូទំនាស់​) រាល់ថ្ងៃ​អត់​មានអី​ទេ​មាន​តែ​ពងក្ដ​៣​ទេ និង​បំណុល​ជា​ច្រើន​គឺ​ជំពាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន រាល់ថ្ងៃ​យាយ​ៗ​ទារ​រាល់ថ្ងៃ​អត់​ដឹង​ថា​ជួប​មុខ​គាត់​យ៉ាងម៉េច​ផង ។ អត់​ដូច​អា​ពងក្ដ​ឯង​ក្នុង​ម៉ោង​រដ្ឋបាល​ទៅ​អង្គុយ​ផឹក​កាហ្វេ​សើច​ក្អាកក្អាយ​និយាយ​ពី​រឿងស្រី​ទេ​អា​អើយ អញ​គ្មាន​ទេ ចំណែក​ប្រាក់ខែ​អស់លោក​ទាំងអស់​ក្រោម​២​លាន​ដូច​គ្នា​ជាមួយ​ខ្ញុំ​ហ្នឹង អស់លោក​មាន​សមត្ថភាព​ទៅ​កាយ​លូ កាយ​ប្រឡាយ​បួនដប់​ម្ភៃ​ម៉ែត្រ​ហ្នឹង​មែន? ខ្ញុំ​ជឿ​ថា​លោក​អត់​ល្ងង់​ទេ ហើយ​លោក​ក៏​មិន​បាន​យក​ពងក្ដ​លោក​ទៅ​ហាលថ្ងៃ​ហាលភ្លៀង​ដែរ ។

សូមរ​ម្លឹ​ក​ថា កន្លង​មក​លោក​កង វង​ធ្លាប់​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​ដូច​ជា នៅ​ក្នុង​ឆ្នាំ​២០២៣ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចេញ​លិខិត​សុំ​ការ​បំភ្លឺលោក សួរ ភ័ក្ត្រ​លំ​ពង្ស​ស្មៀន​សង្កាត់​ចោម​ចៅ​ទី​១ ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ថា ស្មៀន​រូប​នោះ និង​លោក​កង វង​ចៅសង្កាត់​ចោម​ចៅ​ទី​១ រូប​នេះ​ទារប្រាក់​ថ្លៃ​សេវា​ផ្សេង​ៗ​តាមតែ​អំពើ​ចិត្ត លើ​គ្រប់​ឯកសារ ។ នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​ស្នើ​សុំ​ចុះហត្ថលេខា និង​បោះត្រា ដោយ​មិន​អនុវត្ត​តាម​តារាង​តម្លៃ​សេវា​ច្រក​ចេញចូល​តែ​មួយ ការ​ស្នើ​សុំ ជួសជុល ឬ​សាងសង់ បើសិន​គ្មាន​ប្រាក់​បង់​ជូន​ទេ លោក​ចៅសង្កាត់​និង​ស្មៀន តែងតែ​គំរាម​ដកហូត​សម្ភារៈ​សាងសង់ របស់​ប្រជាពលរដ្ឋ ។ ជាង​នេះ​ទៀត លោក កង វង និង​ស្មៀន​មិន​បាន​បើកប្រាក់​រង្វាន់​លើកទឹកចិត្ត​ជាង​២០០​លាន​រៀល ចាប់តាំងពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២០ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឡើយ ។

នៅ​ក្នុង​ឆ្នាំ​២០២០ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោម​ចៅ​១ ព្រមទាំង​មេ​ភូមិ អនុ​ភូមិ​ទាំងអស់​នៅ​ទូ​ទាំង​សង្កាត់​ចោម​ចៅ​ទី​១ បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ថ្នាក់លើ​ផ្លាស់​ប្ដូរ​លោក​ចៅសង្កាត់​រូប​នេះ​ចេញ ។ ពាក្យបណ្ដឹង​អម​ដោយ​ស្នាម​មេដៃ​ជាង​៤០​ផង​បាន​ប្ដឹង​ចោទ​លោក​ចៅសង្កាត់​នោះ​ថា បាន​ប្រព្រឹត្ត​កំហុស​ចំនួន​៨​យ៉ាង​រួម​មាន​៖

១-​មាន​អាកប្បកិរិយា និង​សីលធម៌​មិន​សមរម្យ ដោយ​តែងតែ​ជេរ​ប្រមាថ តិះដៀល និង​មើលងាយ​មក​លើ​មន្ត្រី​ក្រោម​ឱវាទ ។

២-​ប្រកាន់​បក្ខពួក ដែល​នាំ​ឲ្យ​បែកបាក់​សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង 
។

៣-​មិន​ចេះ​បែងចែក​ភារកិច្ច​ដល់​សមាជិក​ក្រុមការងារ និង​មន្ត្រី​ក្រោម​ឳ​វាទ

៤-​មាន​ភាព​ពុក​រលួយ (​ប្រាក់​ចំណូល និង​សម្ភារ​ផ្សេង​ៗ មិន​បាន​ធ្វើការ​បែងចែក​ដល់​កូនចៅ​)


៥-ទិស​ដៅ​ការងារ​អ្វីមួយ មិន​មាន​ដាក់​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​អង្គប្រជុំ​នោះ​ទេ គឺ​ធ្វើ​ការងារ​ដោយ​អត្ត​នោ​ម័ត​ដោយ​ខ្លួនឯង ។

៦-​គ្មាន​ច​រិ​ក​ភាព​ជា​អ្នកដឹកនាំ​រដ្ឋបាល​សាធារណៈ និង​សហគមន៍

៧-​ចំពោះ​ការងារ​សាធារណៈ​មានការ​យឺតយ៉ាវ និង​ពន្យា​ពេលវេលា​ឲ្យ​យូរ​ដើម្បី​ទារប្រាក់​ពី​ប្រជាពលរដ្ឋ

៨-​ចំពោះ​ការងារ​បក្ស​ចៅសង្កាត់​ចោម​ចៅ​ទី​១ មិន​បាន​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​គណៈកម្មការ​បក្ស​សង្កាត់​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ​។

ក្រោយ​ពី​បាន​ស្ដាប់​ការ​និយាយ​របស់​លោក​ចៅសង្កាត់​រូប​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ហួសចិត្ត​ខ្លាំង​ណាស់ និង​បាន​បាន​លើក​ឡើង​ថា គេ​ពុំ​ចាំបាច់​សិក្សា​ចង់​ដឹង​អំពី​កំរិតវប្បធម៌​របស់​លោក​ចៅសង្កាត់​រូប​នោះ​ថា រៀន​ដល់​ថ្នាក់​ណា និង​ការ​ដឹកនាំ​សង្កាត់​បែប​នោះ​ទេ ។ គេ​មើល​តែ​ការ​សរសេរ និង​ការ​និយាយ​ស្ដី​របស់​លោក​ចៅសង្កាត់​នោះ​គឺ​ដឹង​បាន​ហើយ​ថា​ការ​ដឹកនាំ​ខ្ជីខ្ជារ ហើយ​អ្វី​ដែល​មហាជន​ងឿងឆ្ងល់​នោះ​ថា​តើ​លោក​កង វង​នេះ​ឡើង​ធ្វើ​ជា​ចៅសង្កាត់​បាន​ដោយ​របៀប​ណា? ។ ទន្ទឹម​និង​នេះ​មហាជន​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​ពិនិត្យ​នូវ​ឥរិយា​បទ​និង​កិរិយា​មាយា​ទ​លោក​ចៅសង្កាត់​នេះ​ផង ។ ក្នុង​នាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ បែរជា​ជេរប្រទេច ប្រមាថ​គេឯង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម និង​ឮ​តែ​មានរឿង​អត់​ឈប់​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​បែប​នះ តើ​អាច​ជា​គំរូ​ល្អ​សម្រាប់​ប្រជារាស្ត្រ ឲ្យ​រាស្ត្រ​កក់ក្ដៅ​បាន​ទេ?

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ​លោក​ចៅ សង្កាត់​រូប​នេះ​បាន​មាន​ទំនាស់​ជាមួយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រោះតែ​ខឹង​លោកប៉ា​ង លី​ដា សួរនាំ​និង​ស្ដីបន្ទោស​រឿង​គេ​ចាក់​ដី​លុប​ប្រឡាយ​មេ​ទួល​ពង្រ បែរជា​លោក​ចៅសង្កាត់​រូប​នេះ​ឆ្លើយ​ថា​អត់​ដឹង ។ ពេល​នោះ​លោក​ចៅសង្កាត់​បាន​និយាយ​ឡាយ​វី​ដេ​អូ​ផង និង​តាម​ប្រព័ន្ធ​តេ​លា​ក្រាម​ផង​តបត​ទៅ​កាន់​លោកប៉ា​ង លី​ដា ដែល​ជា​មេ​របស់​ខ្លួន​ហើយ​បោះសម្ដី​ថា «​សុំ​ឲ្យ​មេ​ឯង​លាង​ឲ្យ​ខ្ញុំ​ឲ្យ​ស្អាត បើ​មិន​អ​ញ្ចឹ​ង​ទេ​ខ្ញុំ​អត់​សុខចិត្ត​ទេ អស់តំណែង​ចៅសង្កាត់​ក៏​ខ្ញុំ​អត់​ខ្វល់ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ឲ្យ​មេ​ឯង​បាន​សុខ​ដែរ​»​។ ក្រោយមក​ទំនាស់​ខាងលើ​ត្រូវ​បាន​ជួប​ដោះស្រាយ​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ ចប់​សព្វគ្រប់​ហើយ​ដែរ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣១ ខែមករា លោក​កង វង បាន​ឡាយ​វី​ដេ​អូ​បញ្ចេញ​កំហឹង​សារ​ជា​ថ្មី ហើយ​ខ្លាំង​លើស​ដើម​ទៀត​បែប​នេះ ពុំ​ដឹង​ថាតើ​ភាគី​ទំនាស់​ចាស់​ប៉ះពាល់​ដល់​លោក ឬ​ក៏​លោក​មាន​ទំនាស់​ជាមួយ​អ្នក​ថ្មី​ទៀត​នោះ​ឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ