ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផ្លែ​ទុរេន​របស់​វៀតណាម​ទៅ​ចិន កំពុង​តែ​គំរា.មកំហែង​ដល់​ឥទ្ធិពល​របស់​ថៃ

4 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ការ​នាំ​ចេញ​ផ្លែ​ទុរេន​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន បាន​កើនឡើង​ប្រហែល ១៧% កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ដោះស្រាយ​តម្រូវការ​អនាម័យ​របស់​ចិន និង​ទទួល​បាន​ជ័យជម្នះ​លើ​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​ថៃ…

ទីក្រុង​ហាណូយ ៖ ការ​នាំ​ចេញ​ផ្លែ​ទុរេន​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន បាន​កើនឡើង​ប្រហែល ១៧% កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ដោះស្រាយ​តម្រូវការ​អនាម័យ​របស់​ចិន និង​ទទួល​បាន​ជ័យជម្នះ​លើ​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​ថៃ នៅ​ក្នុង​ទីផ្សារ​ចិន​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់​។

តាម​ទិន្នន័យ​គយ​ចិន ដែល​ស្រង់ និង​ចេញផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ដឹក​ជញ្ជូន​ផ្លៃ​ទុរេន​ដែល​មាន​តម្លៃ ៣,៤៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២៥ កើនឡើង​ពី ២,៩៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០២៤​។

ចំណែក​តួលេខ​គយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែមករា បាន​បង្ហាញ​ថា ប្រទេស​ថៃ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​លេចធ្លោ បានឃើញ​ចំណែក​របស់​ខ្លួន​ធ្លាក់​ចុះ ខណៈ​ដែល​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ចិន​ភាគច្រើន​មិន​មានការ​ប្រែប្រួល​រវាង​ឆ្នាំ ២០២៤ និង ២០២៥ ដោយ​តួលេខ​គយ​កាលពី​ឆ្នាំ​មុន​មាន​ចំនួន​សរុប ៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

បណ្តា​អ្នកវិភាគ​បាន​សន្មត​ថា ការ​កើនឡើង​របស់​វៀតណាម​បាន​មក​ពី​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​នេះ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​អនាម័យ ព្រមទាំង​អត្ថប្រយោជន៍​ផ្នែក​ភស្តុ​ភារ​កម្ម កើត​ចេញពី​ព្រំដែន​គោក​រួម​គ្នា​ជាមួយ​ប្រទេស​ចិន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​បង្កើត​ឡើង​។ រដ្ឋាភិបាល​ទាំង​ពីរ​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ហើយ​បណ្តា​អ្នកទិញ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ដាំ​ដុះ​អំពី​ការ​កែ​លម្អ​គុណភាព​។

ចំណែក​ទីផ្សារ​ទុរេន​របស់​វៀតណាម​នៅ​ក្នុង​ប្រទេស​ចិន បាន​កើនឡើង​ពី​គ្មាន​អ្វី​ទាល់តែ​សោះ​ដល់​ជាង ៤០% ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​ការ​នាំ​ចេញ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២០ ដែល​ជា​ការ​កើនឡើង​យ៉ាង​រហ័ស បង្ក​បញ្ហា​ប្រឈម​ដោយ​ផ្ទាល់​ចំពោះ​ការ​កាន់កាប់​យូរអង្វែង​របស់​ប្រទេស​ថៃ​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​ទុរេន​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​កាសែត​ថៃ The Nation កាលពី​ដើមខែ​នេះ ដោយ​បន្ថែម​ថា ប្រទេស​ដទៃ​ទៀត​ដែល​ប្រឈម​មុខ​នឹង​ឧបសគ្គ​បែប​នេះ ដូច​ជា​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។

ប្រទេស​ចិន​បាន​ស្រូប​យក​ជាង ៩០% នៃ​ការ​នាំ​ចេញ​ទុរេន​ទូ​ទាំង​ពិភពលោក ជា​កន្លែង​ដែល​ផ្លែ​ឈើ​មាន​ក្លិន​ខ្លាំង​ប្រភេទ​នេះ ទទួល​បាន​តម្លៃ​ខ្ពស់ ហើយ​ជា​រឿយ​ៗ​ត្រូវ​បាន​ផ្តល់​ជា​អំណោយ​ក្នុង​ឱកាស​បុណ្យ​សំខាន់​ៗ រួម​ទាំង​ពិធី​មង្គលការ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ដើមឆ្នាំ ២០២៥ រដ្ឋបាល​គយ​ទូទៅ​របស់​ចិន​បាន​រក​ឃើញ​កម្រិត​គ្មាន​សុវត្ថិភាព​នៃ​សមាសធាតុ​សារធាតុ​ពណ៌​លឿង​អាល់​កា​ឡាំង (Alkaline Yellow) និង​សារធាតុ​កា​ដ​មី​ញ៉ូ​ម​ក្នុង​ផ្លែ​ទុរេន​វៀតណាម ដែល​ជំរុញ​ឱ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​។

យ៉ាងណាមិញ បណ្តា​អ្នកវិភាគ​បាន​លើក​ឡើង​ថា បើ​គ្មាន​ការ​ព្រួយបារម្ភ​អំពី​សុខភាព​ទាំងនេះ​ទេ ប្រទេស​វៀតណាម​នឹង​គ្មាន​គុណសម្បត្តិ​ជាង​ប្រទេស​ផ្គត់ផ្គង់​ផ្សេង​ទៀត​នោះ​ទេ ដោយសារ​តែ​បណ្តាញ​អ្នក​ដាំ​ដុះ អ្នក​ជួញដូរ ឃ្លាំង និង​ដំណើរការ​ដឹក​ជញ្ជូន​ដែល​កំពុង​ពង្រីក ក៏​ដូច​ជា​ព្រំដែន​ប្រវែង ១ ២៨០ គីឡូម៉ែត្រ​ជាមួយនឹង​ប្រទេស​ចិន ដែល​ប្រទេស​ថៃ​ពុំ​មាន​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ