ខេត្តកំពង់ស្ពឺ៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួន ខណៈដែលយកកាំបិតផ្គាក់កាប់ទៅលើបុរសជាប្តីចំនួន៥កាំបិតជាការព្រមានព្រោះតែលោកប្តី ដើរលេងផឹកស៊ីជារៀងរាល់ថ្ងៃមិនដែលចូលគេងផ្ទះដើរដាច់យប់រាល់ថ្ងៃ ពេលមកដល់ផ្ទះៗតែងតែជេរស្តីប្រមាថកូនសុទ្ធតែពាក្យអសុរោះ និងរករឿងខ្លួនជាប្រពន្ធជារៀងរាល់ថ្ងៃទៀត ទើបទ្រាំលែងបានទាញកាំបិតកាប់តែម្តង។
ករណីហិង្សាក្នុងគ្រួសារ ប្រពន្ធយកកាំបិតផ្គាក់កាប់ទៅលើប្តីចំនួន៥កាំបិតជាការព្រមាននេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ស្ត្រីជាប្រពន្ធដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ដូង ឃីម អាយុ៤៦ឆ្នាំ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាប្តីឈ្មោះ កែ សារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ បណ្តាលឱ្យរងរបួសចំក្បាល ចំខ្នងផ្នែកខាងក្រោយ និងចំជើងទាំងសងខាង ត្រូវបានសាច់ញាតិដឹកបុរសជាប្តីយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
នគរបាលស្រុកសាមគ្គីមុនជ័យបានបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនបង្ករជាប្រពន្ធយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ។
ស្ត្រីជាប្រពន្ធខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើបុរសជាប្តីចំនួន៥កាំបិតពិតប្រាកដមែន ដោយ០១កាំបិតផ្គាក់ត្រូវក្បាល ០១កាំបិតផ្គាក់ត្រូវចង្កេះផ្នែកខាងក្រោយ និង០៣កាំបិតផ្គាក់ត្រូវជើងទាំងសងខាង។ មូលហេតុដែលរូបគាត់ជាប្រពន្ធដាច់ចិត្តទាញកាំបិតផ្គាក់កាប់ប្តីខ្លួនឯងនេះ ដោសារតែខឹងនឹងប្តីព្រោះជារៀងរាល់ថ្ងៃមិនដែលចូលគេងផ្ទះនោះទេ ប្តីចូលចិត្តដើរលេងដាច់យប់រាល់ថ្ងៃ ពេលមកផ្ទះម្តងៗតែងតែជេរស្តីកូនៗសុទ្ធតែពាក្យអសុរោះ(មីសំផឹង) និងរករឿងខ្លួនជាប្រពន្ធជារៀងរាល់ថ្ងៃទៀ ដោយរូបខ្លួនជាប្រពន្ធទ្រាំនូវទង្វើររបស់ប្តីលែងបានទៀ ក៏បានយកកាំបិតផ្គាក់កាប់ទៅលើប្តីតែម្តងទៅ។
នគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីជាប្រពន្ធ ដកហូតវត្ថុតាងកាំបិតផ្គាក់ដងដែង០១ដើម។ បច្ចុប្បន្នស្ត្រីដៃដល់ជាប្រពន្ធត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ