ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ក្នុង​ខេត្តព្រះវិហារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ជួប​សំណេះសំណាល​សាកសួរ​​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ក្នុង​ខេត្តព្រះវិហារ នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​បាក់​កាំ​ចំនួន​៥៤០​គ្រួសារ ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ជួប​សំណេះសំណាល​សាកសួរ​​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ក្នុង​ខេត្តព្រះវិហារ នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​បាក់​កាំ​ចំនួន​៥៤០​គ្រួសារ ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ ។

នៅ​ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦​ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សូម​ថ្លែងអំណរ​គុណ​ដល់​ក្រុមការងារ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អ្នក​ស្ម័គ្រចិត្ត សប្បុរសជន អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ផ្សេង​ៗ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ទីជម្រក​សុវត្ថិភាព ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់​បាន​ស្នាក់​នៅ​បណ្តោះអាសន្ន​ឱ្យ​មាន​សុវត្ថិភាព និង​អាច​ស្នាក់​នៅ​បាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។

រាជរដ្ឋាភិបាល​បាន​គិតគូ​រយ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផល​ប៉ះពាល់​ដោយ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំបាច់​ចំនួន​៣​ ក្នុង​ការ​ដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន និង​ការ​ស្តារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ដែល​រង​ការ​ខូចខាត​ ។

ទី​១-សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន បាន​និង​កំពុង​ខ្នះខ្នែង​រៀបចំ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​មីន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​មីន​នានា ជា​ពិសេស​ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់ បាន​និង​កំពុង​ខិតខំ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​បោសសំអាត​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ធានា​ថា ទីតាំង​ទាំងនោះ មាន​សុវត្ថិភាព​គ្រប់គ្រាន់​មុន​នឹង​អនុញ្ញាត​ឱ្យ​បងប្អូន​ជនភៀសសឹក​វិល​ត្រឡប់​ទៅ​កាន់​ទីតាំង​ទាំងនោះ​។

ជាមួយ​ការ​សម្រួលការ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​បងប្អូន រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ជម្លោះព្រំដែន​នេះ​ ។

ទី​២-​ចំពោះ​បងប្អូន​ជនភៀសសឹក ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន ដោយសារ​ស្ថានភាព​មិន​ទាន់​អំណោយផល ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ខេត្ត អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​គិតគូរ​ពង្រឹង​លើ​ជម្រក​បណ្តោះអាសន្ន ឬ​ក្នុង​ករណី​ចាំបាច់​អាច​ផ្លាស់​ប្តូរ​ជម្រក​បណ្តោះអាសន្ន​របស់​បងប្អូន​ទៅ​កាន់​ទីតាំង​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន​។

រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​ផ្តល់​នូវ​ដំណោះស្រាយ​សមរម្យ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ជួយ​បងប្អូន​អាច​រក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​កំលុង​ពេល​ដ៏​លំបាក​នេះ រហូត​ដល់​បងប្អូន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ។

ទី​៣-​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន និង​សាធារណៈ ដែល​បាន​រង​ការ​ខូចខាត​មាន​ជា​អាទិ៍​សាលារៀន មណ្ឌល​សុខភាព ពេទ្យ​បង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹក​ស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារ​ចំពោះ​កិច្ច បាន​និង​កំពុង​វាយតម្លៃ​ផល​ខូចខាត​ទាំងនេះ ហើយ​រាជ​រដ្ឋា​ភិបាល​នឹង​ប្រើប្រាស់​ធនធាន​ទាំង​ថវិកាជាតិ និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត តាម​ស្ថានភាព​ជាក់ស្តែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ