ខេត្តកំពង់ចាម ៖ ដោយសារកត្តាគ្រោះធម្មជាតិ ជាហេតុធ្វើឲ្យច្រាំងទន្លេ រួមទាំងសួនច្បារប្រវែងជិត១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាមបានបាក់ស្រុត ចូលទៅក្នុងទឹកទន្លេមេគង្គ ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ជាមួយនោះ គេឃើញវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនិងសហការីបានអញ្ជើញចុះពិនិត្យជាបន្ទាន់ភ្លាមៗ និងបានដាក់បារាស់មិនឱ្យយានយន្តបើកឆ្លងកាត់តាមផ្លូវថ្នល់មាត់ទន្លេទេ ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យ និងហាមដល់បងប្អូនប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរឆ្លងកាត់ និងលក់ដូរនៅតាមមាត់ទន្លេ នៅក្បែរកន្លែងដែលរងការបាក់ស្រុតនោះ ចៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ។ លើសពីនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ កងកម្លាំងអាវុធហត្ថ និងកងកម្លាំងនគរបាលខេត្ត និងអាជ្ញាធរក្រុង សហការគ្នាក្នុងការសម្រួលដល់ការធ្វើដំណើរ និងបិទចរាចរណ៍ជាបណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យ និងជួសជុលឡើងវិញ ។

លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានប្រាប់ឲ្យដឹងថា ក្រោយពីមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត រូបលោកនិងមន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី៣១ មករា បានចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានចាត់ឱ្យកម្លាំងនាយកដ្ឋានចុះមកសិក្សាលម្អិត ដើម្បីស្រង់ទិន្នន័យនៃការខូចខាតមានផលប៉ះពាល់កម្រិតណា។ តែនៅទីតាំងដែលបាក់ស្រុតចូលក្នុងទឹកទន្លេនេះ គឺមានតែសួនច្បារដាំលម្អដោយផ្កា ហើយក្បែរនោះក៏មិនមានសំណង់ផ្ទះល្វែងរបស់ប្រជាពលរដ្ឋឡើយ ។

សូមបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ប្រវែងជាង៧០ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុត បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអាជីវករលក់ដូរនៅក្បែរនោះ។

មន្ត្រីជំនាញបញ្ជាក់ថា ក្រោយទទួលដំណឹងពីភ្លាមៗ ពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ ។

តែមកដល់យប់កណ្ដាលអធ្រាត្រ កន្លែងទីតាំងដែលស្រុតនេះ បានបាក់ធ្លាក់ចូលទៅក្នុងទន្លេរួមទាំងបង្គោលភ្លើងអគ្គិសនីទៀតផង ។ សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្ត ។ ក្រោយពីមានគ្រោះធម្មជាតិបែបនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់កំពុងតែយកចិត្តទុកដាក់ធ្វើយ៉ាងណា ដើម្បីជួសជុលច្រើនទន្លេដែលបាក់ស្រុត
ដើម្បីឲ្យមានស្ថានភាពដូចដើមវិញ។

គួររំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ខឿនបេតុង ក្រោយអតីតសាលាសង្កាត់កំពង់ចាម ក៏ធ្លាប់បានបាក់ស្រុតទៅក្នុងទន្លេ តែក្រោយកម្លាំងរបស់ក្រសួងធនធានទឹកបានចុះសិក្សា និងជួសជុលឲ្យមានសភាពដូចដើមមកទល់ពេលនេះ សំណង់នៅតែរក្សាគុណភាពល្អមិនមានបញ្ហាណាមួយចោទនោះទេ ។



ចែករំលែកព័តមាននេះ