ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកថ្លែងថាសម្រាប់ពេលនេះ កម្រិតហានិភ័យនៃមេរោគនីប៉ាដែលបានកើតឡើងនៅរដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌានោះ នៅមានកម្រិតទាប (មានន័យថាមិនសូវព្រួយបារម្ភ) ហើយលទ្ធភាពនៃការឆ្លងរាលដាលនៃមេរោគនេះក៏មានកម្រិតទាបផងដែរទាំងកម្រិតជាតិ (ឥណ្ឌ), កម្រិតតំបន់ និងកម្រិតពិភពលោក។
ដោយសារបារម្ភអំពីមេរោគនេះ បណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ីបានចាត់វិធានការបង្ការនៅតាមព្រលានយន្តហោះអន្តរជាតិដែលមានអ្នកដំណើរមកពីឥណ្ឌា។ ក្នុងនោះទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមសុទ្ធតែបានរឹតបន្តឹងការត្រួតពិនិត្យ។ ពោលគឺពួកគេអនុវត្តតាមវិធីដែលធ្លាប់ធ្វើកាលពីពេលផ្ទុះជំងឺកូវីដ១៩ដូច្នោះដែរ។
អង្គការសុខភាពពិភពលោកចាត់ទុកថាការឆ្លងមេរោគនេះទៅលើមនុស្សតែ២នាក់នៅឥណ្ឌាអាចចាត់ទុកថាជាហានិភ័យដែលមានកម្រិតទាប។ ម៉្យាងទៀត ឥណ្ឌាមានសមត្ថភាពអាចទប់ស្កាត់មេរោគនេះបានហើយ។ ជាក់ស្ដែង មនុស្សជាង១៩០នាក់ដែលពីដំបូងឡើយគេសង្ស័យថាប្រហែលជាបានឆ្លងមេរោគនេះ និងយកទៅធ្វើចត្តាឡីស័កនៅទីបំផុតគ្មាននរណាម្នាក់ធ្វើតេស្តវិជ្ជមានមេរោគនេះទេ។
អង្គការនេះថ្លែងបន្តទៀតថាគ្មានភស្តុតាងបង្ហាញថាមេរោគនេះឆ្លងពីមនុស្សទៅមនុស្សទេក្រៅពីករណីសង្ស័យនៅឥណ្ឌាប៉ុន្មានករណីនោះ។ WHO ថាខ្លួនកំពុងសហការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌាដើម្បីស្រាវជ្រាវករណីនេះជាបន្តទៀត។ ទោះបីហានិភ័យនៅមានកម្រិតទាបបែបនេះក្ដី ប៉ុន្តែ WHO មិនហ៊ានធានាអះអាងថាគ្មានករណីឆ្លងមេរោគនេះទៅមនុស្សជាបន្តទៀតទេ។ មេរោគនេះកំពុងរាតត្បាតនៅក្នុងចំណោមសត្វជ្រឹងនៅប្រទេសឥណ្ឌា និងបង់ក្លាដែស។
មេរោគនីប៉ារស់នៅក្នុងខ្លួនសត្វជ្រឹង និងសត្វជ្រូក។ អ្នកដែលឆ្លងមេរោគនេះចាប់ផ្ដើមកើតគ្រុនក្ដៅ និងរលាកខួរក្បាល។ អត្រាមរណភាពក្រោយការឆ្លងមេរោគនេះគឺចន្លោះពី៤០%ទៅ៧៥%។ មេរោគនេះឆ្លងទៅមនុស្សតាមរយៈការប៉ះពាល់សត្វជ្រឹង ឬតាមរយៈប៉ពាល់ ឬបរិភោគផ្លែឈើដែលសត្វជ្រឹងខាំ, បាញ់នោមដាក់ ឬបន្ទោបង់ដាក់។ ប៉ុន្តែករណីឆ្លងពីមនុស្សទៅមនុស្សជាករណីដែលមិនងាយស្រួលនឹងឆ្លងទេលុះត្រាតែមនុស្សអ្នកជំងឺរយៈពេលយូរ៕ ប្រភព៖ ទូរទស្សន៍អឹនប៊ីស៊ី (NBC) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ