លទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។
ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុកសំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រទេសសមាជិកអាស៊ានទាំងអស់ បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាន នូវអាទិភាព យុទ្ធសាស្ត្រសំខាន់ៗ ចំនួនបី រួមមាន៖ គ្រឹះសន្តិភាព និងសន្តិសុខ ច្រកនៃវិបុលភាព និងការពង្រឹងអំណាច កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់ នៃការកសាងអាស៊ានមួយ ដែលប្រកបដោយភាពធន់ នវានុវត្តន៍ ស្វាហាប់ និងផ្ដោតលើប្រជាជន ស្របតាមគោលដៅអាស៊ាន២០៤៥៖ អនាគត រួមរបស់យើង ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់លាក់សម្រាប់ប្រជាជន ។
កិច្ចប្រជុំបានពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មានលក្ខណៈ ស៊ីសង្វាក់ មានគោលការណ៍ និងយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានាថា ទំនាក់ទំនងនេះ ស្របនឹងអាទិភាពរបស់អាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន និងគាំទ្រដល់តំបន់និយម ពហុភាគីនិយម និងមជ្ឈភាពអាស៊ាន។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ថា ការប្រាស្រ័យ ទាក់ទងជាមួយដៃគូខាងក្រៅទាំងអស់គួរតែផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ផ្តល់អត្ថប្រយោជន៍ ជាក់លាក់ដល់តំបន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ កិច្ចប្រជុំបានកត់សម្គាល់បន្ថែមទៀតអំពីឯកសារវាយតម្លៃស្តីពីភាពជាដៃគូផ្លូវការរបស់អាស៊ាន ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន ដែលរួមមានអនុសាសន៍ដើម្បីសម្រេចអំពីអនាគត នៃការដាក់បម្រាមលើកការទទួលភាពជាដៃគូសន្ទនាថ្មីៗ នៅត្រឹមឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា មូលបទ និងអាទិភាពរបស់ ហ្វីលីពីនគឺមានលក្ខណៈទាន់សភាពការណ៍ និងមានភាពពាក់ព័ន្ធ ក្នុងខណៈពេលដែលគ្រឹះរៀនសន្តិភាព និងវិបុលភាពក្នុងតំបន់កំពុងត្រូវបានសាកល្បងដោយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានភាពប្រទាក់ត្រឡាគ្នាជាច្រើន។ ដូច្នេះ អាស៊ានត្រូវតែដោះស្រាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្ទៃក្នុង ការប្រែប្រួលបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ហានិភ័យអាកាសធាតុ និងការផ្លាស់ប្ដូរសង្គម-សេដ្ឋកិច្ចដ៏ធំ។ នៅក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអាទិភាពបី។ ទីមួយ ការពង្រឹងពាណិជ្ជកម្ម និងវិនិយោគនៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅនៅតែមានសារៈសំខាន់ចំពោះវិបុលភាពរួម រួមទាំងតាម រយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់។ ទីពីរ អាស៊ានត្រូវពង្រឹងការតភ្ជាប់ ក្នុងតំបន់ និងជំរុញការអភិវឌ្ឍបណ្ដាញអគ្គិសនីអាស៊ាន។ ទីបី អាស៊ានត្រូវពង្រឹងអំណាចសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការកសាងសមត្ថភាព ការកែលម្អការទទួលបានហិរញ្ញវត្ថុ និងការទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដោយធានាថា ប្រជាជនអាស៊ាន ទទួលបានអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងវិស័យដែលមានកំណើនថ្មីៗ។ ពាក់ព័ន្ធនឹងភាពជាដៃគូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្រជាបន្តបន្ទាប់របស់កម្ពុជា ចំពោះការដាក់ពាក្យសុំរបស់ប្រទេសតួតគីយ៉េ ជាដៃគូសន្ទនាអាស៊ានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
អំពីការតាមដានវឌ្ឍនភាព នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំ ពីការវិវត្តថ្មីៗ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រួមទាំងសកម្មភាពតាមដាននានាដើម្បីអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់ជាលើកទីពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ សម្រាប់ការសម្របសម្រួលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាននានា សម្រាប់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួមចំណែកបញ្ជូនកងកម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបសហការីអាស៊ានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅនេះ ក៏បានបង្កើតការរៀបចំ និងកិច្ចព្រមព្រៀងនានា ស្ដីពីវិធានការបន្ធូរបន្ថយភាពតានតឹង និងជំហានជាក់ស្ដែងឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ភាគីទាំងពីរ បានឯកភាពគ្នាថា រាល់ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ គឺមិនប៉ះពាល់ដល់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ប្រទេសទាំងពីរ បានសង្កត់ធ្ងន់បន្ថែមទៀត អំពីសារៈសំខាន់ ដ៏ចាំបាច់នៃការពង្រឹងបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន តាមរយៈទំនាក់ទំនងបើកចំហ និងដោយផ្ទាល់ឧការជឿ ទុកចិត្តគ្នាទៅវិញទៅមក វិធានការកសាងទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមនានា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួន ដែលមិនស្របនឹងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅនេះ ជាពិសេសទាក់ទងនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ សកម្មភាពបែបនេះ ងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីវិលទៅរកប្រក្រតីភាព និងស្ដារសន្តិភាពឡើងវិញ។ នៅខណៈពេល នៃកិច្ចប្រជុំនេះ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩,៦៣៥ នាក់ មកពី ២,៤៤៨ គ្រួសារ នៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរបាននៅឡើយ ដែលនេះជាការព្រមព្រៀងមួយ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តនៅក្នុងសេចក្ដីប្រកាសរួមជាមួយគ្នា ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ។ ជាលទ្ធផល ពួកគេបន្តរស់នៅក្នុងជំរំភៀសសឹកបណ្ដោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និងស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងស្តារឡើងវិញ នូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែន ប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវ នាវដល់សហការីអាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិ-សញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាន នៃការមិនប្រើប្រាស់កម្លាំងប្រឆាំង នឹងបូរណភាពទឹកដី នៃរដ្ឋណាមួយ ដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរម្ដងហើយម្ដង ទៀតចំពោះអភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋកំពុងកើនឡើង ដែលបណ្ដាលឱ្យហានិភ័យ នៃការកើនឡើងនូវផ្នត់គំនិតដែលថា «អ្នកខ្លាំង គឺត្រឹមត្រូវ» អាចក្លាយជារឿងធម្មតា។ ក្នុងនាមជាតំបន់មួយ ដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាព ដែលទទួលបានយ៉ាងលំបាក និងចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយអាស៊ាន ពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះ គឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង។” ក្នុងឱកាស នៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសនានា នៃរដ្ឋសមាជិកអាស៊ាន ដែលក្នុងអំឡុងពេលនោះ ឯកឧត្តម បានពិភាក្សាអំពីមាគ៌ា និងមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ។
ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីសណាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញ នូវការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាលពីឆ្នាំមុន និងបានសម្តែងការពេញចិត្តដោយបានឃើញទំនាក់ទំនងកក់ក្តៅ និងជិតស្និទ្ធ រវាងប្រទេសទាំងពីរបន្តរីកចម្រើន ។
ក្នងជំនួបជាមួយឯកឧត្តម ស៊ូហ្គីយ៉ូណូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ជាពិសេស ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកក់ក្ដៅរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពហុវិស័យ។ ឯកឧត្តម ស៊ូហ្គីយ៉ូណូ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រ និងការសម្របសម្រួលដែលបានផ្តល់ជូនពលរដ្ឋឥណ្ឌូណេស៊ីនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការ ចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងរៀបចំនៅក្នុងឆ្នាំនេះ ។
ក្នុងជំនួបជាមួយលោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន រដ្ឋមន្ត្រីការ បរទេសទាំងពីរ បានពិភាក្សាគ្នាលើវិស័យសហប្រតិបត្តិការជាច្រើន និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនចំនួន និងភាពស៊ីជម្រៅ នៃការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ កម្ពុជាចំពោះភាពជាប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២៦នេះ។ ក្នុងនាមជាប្រធានអាស៊ាន លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលការ អនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងការទទួលតួនាទី ជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពីប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បាន ពិភាក្សាអំពីការរៀបចំសម្រាប់ការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណា- ចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន នៅឆ្នាំក្រោយ រួមទាំងការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការ ចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយឯកឧត្តម ថងសាវណ្ណ ភូមិវិហា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ដែលកំពុងរីកចម្រើនរវាងកម្ពុជា និងឡាវ ដែលត្រូវបានចងភ្ជាប់គ្នា ដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាច្រើនឆ្នាំ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការ រៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ថងលូន ស៊ីសូលីត នាពេលខាងមុខផងដែរ។ ក្នុងអំឡុង នៃកិច្ចប្រជុំទ្វេភាគីខាងលើ បណ្ដារដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានធ្វើបច្ចុប្បន្នភាពជូនសមភាគី អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានការណ៍ព្រំដែនជាមួយប្រទេសថៃ ៕






ចែករំលែកព័តមាននេះ