ទីក្រុងម៉ូស្គូ៖ តបតាមការអំពាវនាវរបស់លោកដូណាល់ត្រាំ ប្រទេសរុស្ស៊ីថ្លែងថាខ្លួនយល់ព្រមផ្អាកវាយប្រហារទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ខែកុម្ភៈ។ ចំណាត់ការនេះធ្វើឡើងស្របពេលដែលប្រទេសគូបដិបក្សទាំង២កំពុងតែជួបប្រទះនឹងអាកាសធាតុត្រជាក់ខុសពីធម្មតា។ នៅអ៊ុយក្រែន តំបន់ខ្លះចុះត្រជាក់ដល់ដក៣០អង្សាក្រោមសូន្យ។ ចំណែកនៅរុស្ស៊ី ទឹកកកធ្លាក់ខ្លាំងបំផុតនៅទីក្រុងម៉ូស្គូមិនធ្លាប់មាននៅក្នុងរយៈពេលជាង២រយឆ្នាំចុងក្រោយ។

ប្រទេសទាំង២ត្រៀមជួបគ្នាត្រីភាគីជាមួយអាមេរិកនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាចុងសប្ដាហ៍នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងថាលោកដូណាល់ត្រាំពិតជាបានស្នើសុំដោយផ្ទាល់ទៅលោកពូទីនដើម្បីផ្អាកវាយប្រហារទីក្រុងកៀវរយៈពេលមួយសប្ដាហ៍ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ការចរចា។

នៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់ថាតើលោកពូទីនយល់ព្រមតាមសំណើរបស់លោកត្រាំទេ លោកប៉េស្កូសឆ្លើយតបថាលោកពូទីនយល់ព្រម។ លោកត្រាំថ្លែងប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានស្នើសុំទៅលោកពូទីនផ្អាកវាយប្រហារទីក្រុងកៀវ និងទីក្រុងតូចធំដទៃទៀតក្រោមហេតុផលថាអាកាសធាតុត្រជាក់ខ្លាំង។ លោកមិនបានបញ្ជាក់ថាលោកស្នើសុំដូច្នេះនៅពេលណាទេ។

លោកប៉េស្កូសមិនបានថ្លែងថាមូលហេតុដែលលោកពូទីនយល់ព្រមផ្អាកវាយប្រហារដោយសារអាកាសធាតុត្រជាក់ទេ។ លោកថាការផ្អាកវាយប្រហាររយៈពេលមួយសប្ដាហ៍នោះដើម្បីជាកាយវិការគួរសមនៅពេលភាគីជម្លោះកំពុងចរចាគ្នា។ ម៉្យាងទៀត លោកក៏មិនបានបញ្ជាក់ថាតើការផ្អាកវាយប្រហារនេះផ្អាកតែទៅលើទីក្រុងកៀវ ឬក៏ផ្អាកទៅលើទីក្រុងដទៃទៀតដែរ៕ ប្រភព៖ អាអែហ្វប៉េ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ