ខេត្តកំពង់ចាម ៖ គម្រោងទាំងអស់នៅក្នុងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៦-២០២៨ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៦នេះ សំណូមពរដល់ប្រធានមន្ទីរ អង្គភាពរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ និងមានប្រសិទ្ធភាព ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសកិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ដោយធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្ត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ
២០២៦ ។

លោកប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តបានលើកឡើងថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២៥-២០២៧ របស់រដ្ឋបាលខេត្តក្រុងស្រុក និងឃុំក្នុងនោះ មាន៖១-គម្រោងរបស់រដ្ឋបាលខេត្តមានចំនួន៤៨៣គម្រោង អនុវត្តបាន៤៥៨គម្រោង ។ ២-រដ្ឋបាលក្រុង ស្រុក មានចំនួន៧៩៩ គម្រោងមអនុវត្តបាន៣៩១គម្រោង និង៣-រដ្ឋបាលឃុំ សង្កាត់ មានចំនួន៤៣៩៨ គម្រោង អនុវត្តបាន២២១៩គម្រោង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តជារបៀបគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងជាប្រធានក្រុម ការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវីដេអូរបស់រដ្ឋបាលខេត្ត ដោយបានអញ្ជើញលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារកសាងផែនការទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងវិនិយោគ៣ឆ្នាំរំកិល២០២៧- ២០២៩ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីតម្រូវការអតិភាពតាមវិស័យរបស់ខ្លួន ដើម្បីដាក់ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ។

អភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវតាមដានជាប់ជាប្រចាំនិងពិនិត្យឲ្យបានច្បាស់លាស់រាល់គម្រោងនានាដែលគិតថា ជាអាទិភាពរបស់ក្រុងស្រុកនិងគម្រោងដែលស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ត្រូវស្រង់យកសំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល តាមដែនសមត្ថកិច្ចរបស់ខ្លួន ។

ជាក់ស្ដែង នៅឆ្នាំ២០២៥ ខេត្តកំពង់ចាមទំហំសេដ្ឋកិច្ចខេត្តមានកំណើន ៨,៣% ស្មើនឹង៣០៧៣លានដុល្លារ និងមាន GDP មនុស្សម្នាក់ៗចំនួន ២ ៨៣០ដុល្លារក្នុងមួយឆ្នាំ (ក្នុងមនុស្សម្នាក់) ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ វិញ គឺ GDP មនុស្សម្នាក់ៗចំនួនអាចកើនដល់៣០០៤ដុល្លារ (ក្នុងមនុស្សម្នាក់) ។


ចែករំលែកព័តមាននេះ