ក្រសួងសុខាភិបាលបានអះអាងថា ជំងឺមហារីកនៅកម្ពុជាបានបន្តកើនឡើង និងយារយីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់ ។
តាមរបាយការណ៍មួយដែលគេបានផ្សព្វផ្សាយនៅក្នុងសន្និបាតក្រសួងកាលពីដើមសប្តាហ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលមានជំងឺមហារីក ហើយមកស្វែងរកសេវាព្យាបាលនៅតាមសេវាសុខភាពសាធារណៈ គឺមានប្រមាណជា៣៥.៩២១នាក់ មានកំណើនកើនឡើង១៣,៩ភាគរយ ។ ឯកសារដដែលបានអះអាងថា នៅក្នុងនោះ អ្នកជំងឺ១៥៥នាក់បានទទួលមរណៈភាព ។
ប្រភពដដែលបានបន្តថា ជំងឺមហារីកច្រើនជាងគេ គឺមានមហារីកដោះមាន២២,៩៥ភាគរយ មហារីកមាត់ស្បូនមាន៨,៩៨ភាគរយ មហារីកពោះវៀនធំមាន៨,៤៤ភាគរយ មហារីកថ្លើមមាន៥,៩ភាគរយ មហារីកសួតនិងទងសួតមាន៥,៩១ភាគរយ មហារីកអូវែមាន៣,៥៩ភាគរយ មហារីកចុងពោះវៀនធំមាន៣,០៨ភាគរយ មហារីករន្ធគូថមាន ២,៣៧ភាគរយ មហារីកក្រពះមាន២,០១ ភាគរយ និងមហារីកថង់ប្រមាត់មាន២,០១ ភាគរយ ។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៦ ខែមករា ថា ជំងឺមហារីកមានច្រើនករណីនៅកម្ពុជា ប៉ុន្តែកម្ពុជានៅមិនទាន់អាចប្រមូលព័ត៌មានអស់នៅឡើយទេ ហើយនៅពេលនេះ ក្រសួងកំពុងតែពង្រឹងកិច្ចការប្រមូលព័ត៌មាននេះ ។
ចែករំលែកព័តមាននេះ