ខេត្តកណ្តាល ៖ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសនៅក្នុងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីណែនាំ និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ ។
ជាក់ស្តែងការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះថា ៖ នៅកន្លែងរថយន្តក្រុងឈប់ នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឲ្យរថយន្ដក្រុងចេញ ចូល ឬឈប់បានដោយងាយស្រួល ។ ហាមឈប់ ឬចត នៅកន្លែងរថយន្តក្រុងឈប់ ។ ការឈប់ ឬចត ត្រូវទុកចន្លោះយ៉ាងតិច១០ម៉ែត្រ ពីកន្លែងរថយន្តក្រុងឈប់ ។
សូមបញ្ជាក់ថា ការចូលរួមគោរពតាមការណែនាំនេះ មិនមែនគ្រាន់តែជាការធ្វើតាមច្បាប់ដើម្បីចៀសវាងការផាកពិន័យប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការបង្ហាញពីសីលធម៌ដ៏ខ្ពង់ខ្ពស់របស់អ្នកបើកបរ ។ នៅពេលដែលយើងម្នាក់ៗចេះផ្តល់អាទិភាព និងគោរពសិទ្ធិគ្នាទៅវិញទៅមក យើងកំពុងរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានសណ្តាប់ធ្នាប់ ភាពស៊ីវិល័យ និងសុវត្ថិភាពបំផុតសម្រាប់មនុស្សគ្រប់រូប ។
សូមចងចាំថា ៖ «ការឈប់ចតដោយខុសច្បាប់របស់អ្នកនៅថ្ងៃនេះ គឺជាដើមហេតុនៃគ្រោះថ្នាក់ និងការកកស្ទះនៅថ្ងៃស្អែក»។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីមាតុភូមិយើងគ្មានគ្រោះថ្នាក់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ