ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ សារ​សម្ពាធ​ពី​ការ​ឡើងថ្លៃ​ដុល្លារ​អា​មេ​រិ​ក

2 នាទី មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ដោយសារ​សម្ពាធ​ពី​ការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​កើនឡើង​ប្រចាំខែ (​មក​រា​) ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ដោយសារ​សម្ពាធ​ពី​ការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​កើនឡើង​ប្រចាំខែ (​មក​រា​) ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៨០ ខណៈ​តម្រូវការ​លោហៈធាតុ​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត​មួយ​នេះ កើនឡើង​យ៉ាង​ខ្លាំង ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​បញ្ហា​សេដ្ឋកិច្ច​សកល ដែល​នៅ​តែ​បន្ត​កើត​មាន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

តម្លៃ​មាស​អន្តរជាតិ​ភ្លាម​ៗ​បាន​ធ្លាក់​ចុះ ២,៤៧% មក​ត្រឹម ៥ ១៧៤ ដុល្លារ​ក្នុង​១​អោន ឬ ៦ ២៣៣ ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១០ និង ៤០ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ៥ ៥៩៤ ដុល្លារ​/​អោន ឬ ៦ ៧៣៩ ដុល្លារ​/​តម្លឹង កាលពី​ថ្ងៃ​ទី​២៩ ខែមករា កន្លង​ទៅ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ជាង ២៤% គិត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ខែមករា ដោយ​ឆ្ពោះទៅ​រក​ការ​កើនឡើង​រយៈពេល​៦​ខែ​ជាប់​ៗ​គ្នា និង​ជា​ការ​កើនឡើង​ប្រចាំខែ​ដ៏​ខ្ពស់​បំផុត​ចាប់តាំងពី​ខែមករា ឆ្នាំ​១៩៨០​។

ដោយឡែក ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ខ្ពស់ គាំទ្រ​ដោយ​ផ្នែក​នៃ​ការ​សម្រេចចិត្ត​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ ដោយ​បាន​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​ឱ្យ​នៅ​ដដែល ពោល​ចន្លោះ ៣,៥% ទៅ ៣,៧៥% ។ លោក Jerome Powell ប្រធាន Fed បាន​លើក​ឡើង​ថា អតិផរណា​ក្នុង​ខែធ្នូ​ទំនងជា​ខ្ពស់​ជាង​គោលដៅ ២% របស់ Fed​។

ក្រឡេក​ទៅ​ភូមិ​សាស្ត្រា​នយោបាយ​សកល​ឯណោះ​វិញ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កំពុង​ថ្លឹងថ្លែង​ជម្រើស​ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់​ដែល​រួម​មានការ​វាយប្រហារ​គោលដៅ​លើ​កងកម្លាំង​សន្តិសុខ និង​បណ្តា​មេដឹកនាំ​របស់​ប្រទេស​នេះ ស្រប​ពេល​ប្រភព​ជា​ច្រើន​បាន​អះអាង​ថា បើ​ទោះបីជា​មន្ត្រី​អ៊ី​ស្រា​អែ​ល និង​ប្រទេស​នៅ​អា​រ៉ាប់​បាន​ប្រាប់​ថា កម្លាំង​ផ្លូវអាកាស​តែ​មួយ​មុខ នឹង​មិន​អាច​ផ្តួលរំលំ​មេដឹកនាំ​សាសនា​របស់​អឺ​រ៉​ង់​បាន​យ៉ាងណា​ក៏​ដោយ​។

ធនាគារ​វិនិយោគ​របស់​ប្រទេស​ស្វី​ស UBS បាន​ដំឡើង​ការ​ព្យាករណ៍​តម្លៃ​មាស​គោលដៅ​របស់​ខ្លួន​ដល់ ៦ ២០០ ដុល្លារ​/​អោន ឬ ៧ ៤៦៩ ដុល្លារ​/​តម្លឹង សម្រាប់​ខែមីនា មិថុនា និង​កញ្ញា ឆ្នាំ ២០២៦ បើ​ធៀប​នឹង​ការ​ព្យាករណ៍​ពី​មុន​របស់​ខ្លួន​ត្រឹម ៥ ០០០ ដុល្លារ ដោយ​លើក​ឡើង​ពី​តម្រូវការ​ខ្លាំង​ជាង​ការ​រំពឹង​ទុក ដែល​បណ្តាល​មក​ពី​ការ​វិនិយោគ​កើនឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ