អ៊ីរ៉ង់-អាមេរិក ៖ អ៊ីរ៉ង់សន្យាកាលពីថ្ងៃទី២៩ មករា ថា នឹងវាយប្រហារបណ្ដាមូលដ្ឋានយោធា និងនាវាផ្ទុកយន្តហោះអាមេរិក ក្នុងករណីមានការវាយប្រហារប្រទេសខ្លួនពីសំណាក់អាមេរិក ដែលធ្វើការគំរាមជាប់ពីអន្តរាគមន៍យោធាមួយ ខណៈអ.ស.ប អំពាវនាវឲ្យមានការចរចា ដើម្បីចៀសវាងវិបត្តិដែលនឹងបណ្ដាលឲ្យមានផលវិបាកដ៏បំផ្លិចបំផ្លាញបំផុត ។

ចំណែកសហភាពអឺរ៉ុបវិញបានបន្ថែមការគាបសង្កត់អ៊ីរ៉ង ដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង២៧ជាសមាជិក បានព្រមព្រៀងគ្នាបញ្ចូលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅក្នុងបញ្ជី្អង្គការភេរវកម្ម ។ ដៃស្ដាំរបស់សារណរដ្ឋអ៊ិស្លាមនោះ ទទួលការចោទប្រកាន់ថា រៀបចំការបង្ក្រាបបង្ហូរឈាមពួកបាតុករជាប្រជាជនខ្លួន ។
ទោះបីយ៉ាងណា ប្រមុខការបរទេសសហភាពអឺរ៉ុប លោកស្រីកាហ្សាកាល់ឡាស វាយតម្លៃចំពោះការគំរាមរបស់អាមេរិកវាយប្រហារអ៊ីរ៉ង់ថា តំបន់មជ្ឈឹមបូព៌ាមិនត្រូវការសង្គ្រាមថ្មីឡើយ ។ អនុប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ូហាម៉ាដរីហ្សាអារេហ្វនិយាយថា យើងត្រូវរៀបចំសង្គ្រាមមួយរួចអ្នកទទួលខុសត្រូវអ៊ីរ៉ង់ដទៃៗទៀត នាថ្ងៃទី២៩ មករា បន្តគំរាមពីការសងសឹកវិញដ៏អាក្រក់ក្នុងករណីមានការវាយប្រហារអ៊ីរ៉ង់ ។ មុននេះបន្តិច ប្រមុខកងទ័ពអ៊ីរ៉ង់ឧត្ដមសេនីយអាមៀរហាតាមីបានសន្យាថា អ៊ីរ៉ង់នឹងតបតវិញយ៉ាងខ្លាំងក្លា ដោយប្រាប់ថា អ៊ីរ៉ង់មានកងឯកភាពប្រយុទ្ធជនានាជាមួយដ្រូនដល់ទៅ១០០០គ្រឿង ។
ចំណែកប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ទាមទារឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ជាមួយការព្រមានពីការវាយប្រហារជាយថាហេតុមួយប្រឆាំងអ៊ីរ៉ង់ ដែលអាក្រក់ជាងការវាយប្រហារកាលពីខែមិថុនាកន្លងទៅ ប្រឆាំងបណ្ដាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហាក់ដូចជាកំពុងខិតទៅរកជម្លោះខាងយោធាមួយ។ ក្រុងវ៉ាស៊ីនតោនបានពង្រឹងវត្តមានយោធារបស់ខ្លួននៅឈូងសមុទ្រពែរ្ស៍ ដោយបញ្ជូនទៅកាន់ទីនោះនូវនាវាផ្ទុកយន្តហោះមួយនិងបណ្ដានាវាអម ។
ចំណែកការសងសឹករបស់អ៊ីរ៉ង់តបតការវាយប្រហាររបស់អាមេរិក អាចប្រឆាំងកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាដែលអាមេរិកដាក់ពង្រាយកងទាហានច្រើនពាន់នាក់តាមបណ្ដាមូលដ្ឋានយោធារបស់ខ្លួនក្នុងតំបន់ ។
ចែករំលែកព័តមាននេះ