រាជធានីភ្នំពេញ ៖ អាជ្ញាធរមីនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ពីសង្គ្រាមឈ្លានពានទឹកដីថៃនៅខេត្តឧត្តរមានជ័យ ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញ អគ្គិសនីចំនួន ០៣នាក់ បានរងរបួសធ្ងន់-ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ ។
ប្រភពបានលើកឡើងថា ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះ កំពុងបំពេញការងារ ។ សោកនាដកម្មនេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបង្កឡើងដោយគ្រាប់បែកចង្កោម បន្សល់ពីសង្គ្រាម ។ អាជ្ញាធរមីន សូមសម្តែងនូវសម្មានចិត្តអាណិតអាសូរដោយស្មោះ ចំពោះបុគ្គលិកដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ ហើយត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រការសម្របសម្រួល ការថែទាំវេជ្ជសាស្ត្រ ស្តារនីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ ។

ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតដែលកម្ពុជាតែងតែបានលើកឡើង ពោលគឺផលវិបាក មនុស្សធម៌បង្កដោយគ្រាប់បែកចង្កោមនឹងបន្តអូសបន្លាយ ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ ។
ទោះបីសង្គ្រាមបានបញ្ចប់ សំណល់ជាតិផ្ទុះនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត រំខានជីវភាពរស់នៅ និងរារាំង ការអភិវឌ្ឍជាច្រើនទសវត្សរ៍ទៅមុខ ។ ជនរងគ្រោះនៃអាវុធទាំងនេះ មិនមែនជាកងកម្លាំងយោធាទេ ប៉ុន្តែជាជនស៊ីវិល – កសិករ កម្មករ និងកុមារ – ដែលជួបប្រទះនឹងគ្រោះថ្នាក់ទាំងនេះ ក្នុងសកម្មភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ។
អាស្រ័យហេតុនេះ អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់បន្ទាន់ ចំពោះផលប៉ះពាល់មនុស្សធម៌ បង្កដោយគ្រាប់បែកចង្កោម និងសំណល់ផ្ទុះពីសង្គ្រាម ។ ការបោសសំអាត ការអប់រំផ្សព្វផ្សាយពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្គ្រោះជនរងគ្រោះ នៅតែចាំបាច់ ដើម្បីការពារសហគមន៍រងគ្រោះរបស់យើង ។

អាជ្ញាធរមីនបានបញ្ជាក់ថា៖«យើងសូមអំពាវនាវដល់ស្ថាប័ននានា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលប្រតិបត្តិការ នៅក្នុងតំបន់ដែលធ្លាប់មានជម្លោះ ឬតំបន់ព្រំដែន សូមសម្របសម្រួលសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ និងប្រតិបត្តិករសកម្មភាពមីនផ្សេងទៀត មុនពេលធ្វើសកម្មភាពនានា ។ ការសិក្សាស្រាវជ្រាវ និងការបោសសំអាត នៅតែជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីការពារមិនឱ្យមានការរង គ្រោះជាបន្តបន្ទាប់»។
អាជ្ញាធរមីនបានលើកឡើងថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសំណល់ជាតិផ្ទុះពីសង្គ្រាមប្រកបដោយ ការទទួលខុសត្រូវ និងមនុស្សធម៌ ហើយនឹងបន្តធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារសហគមន៍ ៕
ចែករំលែកព័តមាននេះ