ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំកាលពីយប់មិញបានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិប្រកាសដាក់ប្រទេសជាតិនៅក្នុងស្ថានភាពអាសន្ន និងដំឡើងពន្ធគយទៅលើទំនិញរបស់ប្រទេសទាំងឡាយណាដែលនៅតែបន្តលក់ប្រេងឆៅ ឬផ្ដល់ប្រេងឆៅទៅឱ្យគុយបា។ ខាងលើនេះជាការបញ្ជាក់របស់សេតវិមាន។ ការប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្នដោយសារនយោបាយរបស់គុយបាបង្កជាគ្រោះគំរាមកំហែងមិនធម្មតា និងដ៏ធំធេងប្រឆាំងនឹងប្រទេសអាមេរិក។

លោកត្រាំយល់ថាគុយបាបង្កការគំរាមកំហែងចំពោះអាមេរិក និងគាំទ្ររដ្ឋដែលប្រឆាំងអាមេរិក, គាំទ្រក្រុមភេរវកម្មអន្តរជាតិ និងក្រុមទុច្ចរិតដែលមានបំណងបំផ្លាញប្រទេសអាមេរិក។ មូលហេតុដទៃទៀតដែលនាំឱ្យលោកត្រាំប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្នមានដូចជាសកម្មភាពរបស់គុយបាអាចធ្វើឱ្យមហន្តរាយដល់គោលការណ៍ប្រជាធិបតេយ្យ និងសេរីនិយមរបស់អាមេរិក។

សព្វថ្ងៃនេះ ប្រទេសគុយបាមានប្រេងឆៅបម្រុងទុកនៅក្នុងឃ្លាំងអាចប្រើប្រាស់បានចន្លោះពី១៥ទៅ២០ថ្ងៃ។ កាលពីមុននេះ នៅសល់តែប្រទេសម៉ិកស៊ីកូមួយប៉ុណ្ណោះដែលនៅបន្តផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា។ ប៉ុន្តែនៅដំណាក់កាលចុងក្រោយ ម៉ិកស៊ីកូក៏លែងបញ្ជូនប្រេងទៅឱ្យគុយបាទៀត។ ប្រេងចូលរួមចំណែកដ៏សំខាន់ក្នុងការផលិតអគ្គិសនីនៅគុយបា។ ប្រទេសនេះខ្វះខាតអគ្គិសនីតាំងពីមុននេះទៅទៀត។ ហេតុនេះហើយ គេឃើញថាគុយបាឧស្សាហ៍ដាច់ភ្លើង ពេលខ្លះដាច់ភ្លើងទូទាំងរដ្ឋធានីក៏មាន។

ចាប់ពីដើមឆ្នាំ២០២៦រហូតមកដល់ពេលនេះ គុយបាទទួលបានប្រេងឆៅជាង៨ម៉ឺនបារ៉ែលពីនាវាដឹកប្រេងរបស់ម៉ិកស៊ីកូកាលពីថ្ងៃទី៩ ខែមករាតែម្ដងនេះគត់។ ប្រេងនេះគួបផ្សំជាមួយប្រេងដែលបម្រុងទុកជាង៤,៦សែនបារ៉ែលនៅក្នុងឃ្លាំងទៀតនោះមានន័យថាគុយបាអាចនៅសល់ប្រេងសម្រាប់ប្រើចន្លោះពី១៥ទៅ២០ថ្ងៃ។ នេះបើយោងតាមលោកស្រីវីកថូរៀ ក្រាបឹនវ៉ូហ្គើ (Victoria Grabenwöger) ជាអ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាយោបល់៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ