ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាហើយអាការៈពុលឡាន! តិចនិកបន្លំខួរក្បាលដោយប្រើតន្ត្រី

1 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អាការៈពុលឡាន កប៉ាល់ ឬយន្តហោះ កើតឡើងនៅពេលដែលប្រព័ន្ធរំញោចរបស់រាងកាយរួមមាន ត្រចៀក ភ្នែក និងសន្លាក់ បញ្ជូនព័ត៌មានដែលផ្ទុយគ្នាមកកាន់ខួរក្បាល…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អាការៈពុលឡាន កប៉ាល់ ឬយន្តហោះ កើតឡើងនៅពេលដែលប្រព័ន្ធរំញោចរបស់រាងកាយរួមមាន ត្រចៀក ភ្នែក និងសន្លាក់ បញ្ជូនព័ត៌មានដែលផ្ទុយគ្នាមកកាន់ខួរក្បាល បង្កឱ្យមានភាពច្របូកច្របល់រហូតដល់លេចចេញរោគសញ្ញាវិលមុខ ចង្អោរ និងបែកញើសត្រជាក់។

ការពាក់កាសដើម្បីស្ដាប់តន្ត្រីគឺជាវិធីសាស្ត្រមួយដ៏អស្ចារ្យដែលជួយឱ្យខួរក្បាលផ្ដោតអារម្មណ៍ទៅលើបទមេឡូឌី រួមទាំងជំរុញឱ្យរាងកាយផលិតអ័រម៉ូនរីករាយ​ ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹង និងសម្រាលអាការៈចង់ក្អួតបានយ៉ាងមានប្រសិទ្ធភាព។

លោកអ្នកគួរជ្រើសរើសប្រភេទតន្ត្រីដែលរណ្ដំ ឬសំឡេងបែបធម្មជាតិដូចជា សំឡេងទឹកភ្លៀង ឬរលកសមុទ្រ ដើម្បីជួយឱ្យអារម្មណ៍ស្ងប់ និងសម្រាកបានកាន់តែល្អក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយ។

ទោះជាយ៉ាងណា ការប្រើប្រាស់កាសក៏ត្រូវមានដែនកំណត់ផងដែរ ដោយលោកអ្នកគួរចៀសវាងការស្ដាប់ក្នុងកម្រិតសំឡេងខ្លាំងពេក ឬពាក់ជាប់រហូតពេញមួយផ្លូវ ព្រោះវាអាចបណ្ដាលឱ្យមានអាការៈហឹងត្រចៀក ឬរលាកត្រចៀកបាន។ អ្វីដែលសំខាន់បំផុតនោះគឺ លោកអ្នកមិនគួរពាក់កាសបណ្ដើរមើលទូរស័ព្ទបណ្ដើរក្នុងខណៈពេលយានយន្តកំពុងមានចលនានោះទេ ព្រោះវានឹងធ្វើឱ្យអាការៈឈឺក្បាលកាន់តែធ្ងន់ធ្ងរជាងមុន។

ក្រៅពីការប្រើប្រាស់តន្ត្រី លោកអ្នកក៏អាចរួមផ្សំជាមួយវិធីសាស្ត្រធម្មជាតិផ្សេងទៀតដូចជា ការហិតក្លិនប្រេងខ្យល់ ក្លិនខ្ញី ឬសំបកក្រូច និងការជ្រើសរើសកន្លែងអង្គុយនៅជិតបង្អួចដែលមានខ្យល់ចេញចូលល្អ ដើម្បីជួយឱ្យរាងកាយមានភាពស្រស់ថ្លា និងជៀសផុតពីការក្អួតចង្អោរបានយ៉ាងប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ