រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦កន្លងទៅ បានសម្រេចចេញដីកាឃុំខ្លួនស្រីយួនជំនាញយកមាសកាឡៃដូរយកមាសសុទ្ធ និងគូកនម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ហើយជនសង្ស័យនៅមានពាក្យបណ្តឹងចំនួន៦ទៀត ដែលជនរងគ្រោះដាក់ជូនតុលាការតាមក្រោយ ។

ជនត្រូវចោទដែលត្រូវបានសាលាដំបូងរាជធានីភ្នំេពញ ចេញដីកាសម្រេចឃុំខ្លួននេះ ម្នាក់ឈ្មោះ ង្វៀង ធីទៀន ហៅ ង្វៀង ធីធូ ហៅ សុខ សុខា ហៅ មៀង ធីធូ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតខេត្តអានយ៉ាង ប្រទេសវៀតណាម មុនចាប់ខ្លួនស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមសាវតារជាតិ គឺជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តស្ទឹងត្រែងរយៈពេល១២ខែ និងចេញពីពន្ធនាគារវិញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ។ ធ្លាប់ជាប់ពន្ធនាគារ«ម២»ព្រៃស ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ រយៈពេល១ខែ៨ថ្ងៃ ហើយស្ត្រីយួនម្នាក់នេះ ក៏មានកូនស្រីម្នាក់ សព្វថ្ងៃដើរធ្វើចោរ បន្លំលួចមាសតាមហាងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដូចម្តាយគេដែរ ។
ដីកាឃុំខ្លួនជនសង្ស័យពេលនេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក(ករណីមិនរាងចាល) ប្រព្រឹត្តនៅហាងលក់មាស បុរីជីបម៉ុង ផ្លូវលេខ២០១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ។
ចំណែកបក្ខពួកម្នាក់ទៀត ជាជនជាតិវៀតណាមដូចគ្នា និងជាអ្នកឌុបស្ត្រីរូបនេះដើរធ្វើសកម្មភាព មានឈ្មោះ ង្វៀង វ៉ាន់ជា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅហាងលក់មាស បុរីជីបម៉ុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បទល្មើសដែមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ក្រោយពីតុលាការចេញដីកាសម្រេចឲ្យឃុំខ្លួន ស្រីយួនជំនាញយកមាសកាឡៃបន្លំដូរមាសសុទ្ធ និងគូកនដាក់ពន្ទនាគារ ស្រាប់តែមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ចំនួន៦ករណីទៀត ដែលជនសង្ស័យបានធ្វើសកម្មភាពកន្លងមក ។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះស្រាវជ្រាវកំណត់មុខសញ្ញា ដោយសហការជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ នៅបន្ទប់ជួលក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ។
នៅពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោយពេលចេញពីពន្ធនាគារ រូបគេបានធ្វើសកម្មភាពចំនួន៣ករណី ៖
ករណីទី១-កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច បានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេង មានលាភ ផ្ទះលេខ១៩E០ ផ្លូវលេខ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែកមាសទម្ងន់២តម្លឹង ។
ករណីទី២-កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក បានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពុន សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានខ្សែកទម្ងន់២ជីកន្លះ ។
ករណីទី៣-នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦វេលាម៉ោងប្រហែល១និង៣០នាទីរសៀល បានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងមាសផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែកទម្ងន់២តម្លឹង ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ចម្លើយជនសង្ស័យនៅមុខសមត្ថកិច្ចបានបញ្ជាក់ថា មាសដែលគេបានធ្វើសកម្មភាពបន្លំដូរយកជារៀងរាល់លើក តែងតែយកទៅលក់យកប្រាក់ចូលកាស៊ីណូ ។
ល្បិចឆបោកយកមាសកាឡៃ បន្លំដូរមាសសុទ្ធ ជនសង្ស័យបានសារភាពថា ដំបូងគេត្រូវការទិញមាសកាឡៃជាគ្រឿង ដូចជាខ្សែកជ្រលក់ពណ៌ឲ្យដូចមាសសុទ្ធ ជាច្រើនខ្សែ តាមទម្ងន់របស់វា មានពី១ជី ២ជី ៥ជី ១តម្លឹង រហូតដល់៥តម្លឹង ដាក់ក្នុងកាបូបស្ពាយ រួចឲ្យបក្ខពួករបស់គេជិះម៉ូតូដឹកដើរមើលហាងលក់មាសតាមផ្សារតូចធំ ដើម្បីធ្វើសកម្មភាព ។
ពេលទៅដល់ហាងលក់មាស គេតែងតែសម្លឹងមើលភិនភាគមាសសុទ្ធក្នុងទូមាសរបស់អ្នកលក់ ដែលប្រហាក់ប្រហែលមាសកាឡៃរបស់ខ្លួន ។ គេបានតម្រូវឲ្យអ្នកលក់មាសយកខ្សែកមាសចេញពីក្នុងទូឲ្យគេមើល លុះពេលកំពុងមើល ឬអ្នកលក់ធ្វេសប្រហែសតែបន្តិច គេបានយកខ្សែកមាសកាឡៃពីក្នុងកាបូបដាក់ដូរមាសសុទ្ធភ្លាម តាមទម្ងន់មាស រួចហើយធ្វើជានិយាយមិនត្រូវថ្លៃ ក៏ប្រញាប់ប្រញាល់ឡើងជិះម៉ូតូដែលបក្ខពួករង់ចាំគេចខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ