ខេត្តកំពង់ចាម ៖ «សូមកោតសរសើរដល់ខេត្តកំពង់ចាម មិនមានល្បែងអនឡាញស្កេមជាមួយនោះ ក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណា ពេលខាងមុខ មិនត្រូវឱ្យមានល្បែងប្រភេទហ្នឹង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ដោយធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សាលសន្និសីទសាលាខេត្តកំពង់ចាម ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានលើកឡើងថា ទោះបីជាឆ្នាំ២០២៥ កន្លងមកនេះរដ្ឋបាលខេត្តបានពុះពារឆ្លងកាត់ការលំបាកខ្លះៗ ដោយមន្ត្រីរាជការបានត្រៀមខ្លួនជានិច្ចដើម្បីទទួលនូវបទបញ្ជា ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ប្រមុខរាជរដ្ឋាភិបាល ។

ទន្ទឹមនិងនេះ អង្គសន្និបាតក៏បានពិនិត្យឃើញបញ្ហាប្រឈមមួយចំនួន ក៏បានដាក់ចេញនៅទិសដៅបន្ត ដើម្បីដោះស្រាយចំពោះមុខក្នុងឆ្នាំ២០២៦ រដ្ឋបាលខេត្តនិងបន្តជំរុញកាន់តែសកម្មឡើងនៅថែមទៀត ដោយធ្វើការតាមរយៈការធ្វើវេទិកាសាធារណៈ និងយន្តការនានា ពិសេសតាមរយៈផែនការសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្តលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពការផ្ដល់សេវាសាធារណៈការអភិវឌ្ឍន៍មូលដ្ឋានចូលរួមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលសម្ដៅលើការរស់នៅរបស់ប្រជាជនប្រកបដោយសុខសុភមង្គលនិងមានជីវភាពធូរធារ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងដែរថា យោងតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី គឺត្រូវលុបបំបាត់ក្មេងទំនើង ហើយនៅក្នុងខេត្តកំពង់ចាម ធ្វើយ៉ាងណាបន្តខិតខំលុបបំបាត់កុំឲ្យមាន ព្រោះថា ក្មេងទំនើងតែងតែមានចរិតមួយចេញមុខអួតអាងនៅក្នុងសង្គម ។ ដូច្នេះ ត្រូវតែនាំគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា បើពុំនោះទេនឹងក្លាយទៅជាអំពើហិង្សា មិនបានរៀនសូត្របង្កលំបាកដល់គ្រួសារនិងសង្គមជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ចំពោះក្រុមក្មេងទំនើង បើយើងមិនបានប្រុងប្រយ័ត្នទេនោះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់សិស្សផ្សេងទៀតដែលគេកំពុងតែរៀនសូត្រ ។ សម្រាប់ទិសដៅឆ្នាំ២០២៦ យើងត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀតធ្វើយ៉ាងណាថែរក្សាកូនខ្មែរ សិស្សានុសិស្សយុវវ័យឲ្យត្រង់ទិស ។ ដោយខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយគោរពប្រពៃណីស្គាល់ចាស់ ស្គាល់ទុំ ហើយត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះថាយុវជននេះហើយ នៅថ្ងៃអនាគតដែលនឹងក្លាយទៅជាសសរទ្រង់ប្រទេសជាតិ ។

ដើម្បីឱ្យមានប្រសិទ្ធភាពការអប់រំនាសម័យថ្មីនេះ គឺត្រូវប្រើប្រាស់អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ក្នុងនោះក៏បានចុះMOU ជាមួយសិល្បករសិល្បការិនី MCល្បីៗព្រោះថា រាល់ថ្ងៃអ្វីៗ គឺស្ថិតនៅលើទូរសព្ទដៃ មិនតែប៉ុណ្ណោះ ព្រះសង្ឃក៏បានបញ្ជ្រាបការអប់រំដល់ក្មួយៗ ក្នុងការតម្រង់ទិសម័យឌីជីថល ដើម្បីឲ្យពួកគាត់ក្លាយទៅជាយុវជនល្អក្នុងសង្គម។មួយវិញទៀត សូមឱ្យក្រុមគ្រួសារសមាជិករបស់នគរបាល ទាហាននិងអាវុធហត្ថ ដែលមានកូនចៅត្រូវធ្វើជាគំរូល្អ ដើម្បីឲ្យគេអនុវត្តតាម ។





ចែករំលែកព័តមាននេះ