ខេត្តកំពង់ចាម ៖ «ខេត្តកំពង់ចាមក៏មានការអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកំពង់ចាមមានកំណើន៨,៣% ស្មើហ្នឹង៣០៧៣លានដុល្លារ ក្នុងនោះ វិស័យកសិកម្មមានចំនួន១២០០លានដុល្លារ វិស័យឧស្សាហកម្មចំនួន១០២៧លានដុល្លារ និងវិស័យសេវាកម្មមួយចំនួន៨៤៦លានដុល្លារហ្នឹងGDP មនុស្សម្នាក់ៗមានកំណើនដល់២៨៣០ដុល្លារក្នុងមួយឆ្នាំ»។

នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត នៅព្រឹកថ្ងៃទី២៨ មករា ឆ្នាំ២០២៦ ។

ឱកាសនោះ ក៏មានការចូលរួមពីលោកអភិបាលស្រុក-ក្រុងទាំង១០ ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកមេឃុំចៅ-សង្កាត់ អធិការនគរបាលស្រុក-ក្រុងនាយប៉ុស្តិ៍សរុបរាប់រយនាក់ ។ ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានបន្តឲ្យដឹងទៀតថា សន្និបាតដែលកំពុងតែប្រព្រឹត្តទៅនាព្រឹកនេះ គឺនឹងត្រូវដំណើរការក្នុងគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃលើសមិទ្ធផលបទពិសោធន៍បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ និងសមស្របទៅតាមស្ថានការណ៍ជាក់ស្ដែង ជុំវិញការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់យើងម្នាក់ៗ ។

ជាមួយនេះ ក៏ត្រូវដើរឱ្យស្រប និងអនុសាសន៍ដល់ថ្លៃថ្លារបស់សម្ដេចបវរធិបតីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយនឹងការណែនាំនានារបស់ក្រសួងជំនាញក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៦ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានផ្ដោតយកចាត់ទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយសំដៅកសាងមូលដ្ឋានគ្រឹះចំពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។


ចែករំលែកព័តមាននេះ