ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រហារជីវិ.ត​សមាជិក​១១​នាក់​នៃ​គ្រួសារ​ត្រកូល «​មីង​» ជា​ក្រុម​ម៉ា​ហ្វៀ​បោកប្រា.ស់​នៅ​មី​យ៉ា​ន់​ម៉ា

1 ម៉ោង មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ បាន​ប្រហារជីវិត​សមាជិកគ្រួសារ​ត្រកូល «​មីង​» (Ming) ចំនួន…

ប្រទេស​ចិន ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ បាន​ប្រហារជីវិត​សមាជិកគ្រួសារ​ត្រកូល «​មីង​» (Ming) ចំនួន ១១ នាក់ ដែល​ជា​ក្រុម​ម៉ា​ហ្វៀ​ដ៏​ល្បី​មួយ​ដំណើរការ​មជ្ឈមណ្ឌល​បោកប្រាស់ (Scam Centers) នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា តាម​បណ្តោយ​ព្រំដែន​ភាគ​ឦសាន​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន ស៊ី​ន​ហួរ (Xinhua) និង​សារព័ត៌មាន​ចក្រភព​អង់គ្លេស BBC បាន​ចេញផ្សាយ​។

អ្នក​ទាំង ១១ នាក់ ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ជា​លើក​ដំបូង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​តុលាការ​ក្នុង​ទីក្រុង​វិ​ន​ចូ​វ (Wenzhou) ខេត្ត​ហ្សឺ​ជាំ​ង (Zhejiang) ភាគ​ខាងកើត​ប្រទេស​ចិន ពី​បទឧក្រិដ្ឋ​រួម​មាន ឃាតកម្ម​ដោយ​ចេតនា បង្ក​របួស​ដោយ​ចេតនា ការ​ឃុំខ្លួន​ខុសច្បាប់ ការ​បោកប្រាស់ និង​ប្រតិបត្តិការ​កាស៊ីណូ​។

ពួក​គេ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​នេះ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​តុលាការ​ប្រជាជន​ជាន់ខ្ពស់​ខេត្ត​ហ្សេ​ជាំ​ង ដែល​បាន​គាំទ្រ​សាលក្រម​ដើម និង​បាន​ដាក់​សំណុំរឿង​នេះ​ទៅ​តុលាការ​ប្រជាជន​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (SPC) ដើម្បី​ពិនិត្យ​ឡើង​វិញ​តាម​តម្រូវការ​ច្បាប់​។ ជា​លទ្ធផល​ក្រោយមក តុលាការ​ប្រជាជន​កំពូល​បាន​អនុម័ត​ការ​កាត់ទោស​ប្រហារជីវិត​ពួក​គេ​តែ​ម្តង​។

នៅ​ពេល​ពិនិត្យ​ឡើង​វិញ តុលាការ​កំពូល​បាន​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៥ ឧក្រិដ្ឋជន​ទាំងនេះ​បាន​បង្កើត​មូលដ្ឋាន​ប្រតិបត្តិការ​ច្រើន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​ការ​បោកប្រាស់ ដំណើរការ​កាស៊ីណូ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្សេង​ៗ​ទៀត​។

តុលាការ​កំពូល​បានឱ្យ​ដឹង​ថា មូលនិធិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់ និង​ល្បែងស៊ីសង​មាន​ចំនួន​លើស​ពី ១០ ពាន់​លាន​យ័ន ប្រហែល ១,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុម​នេះ​ក៏​បាន​សម្លាប់ វាយប្រហារ និង​ឃុំខ្លួន​ខុសច្បាប់​ដោយ​ចេតនា ចំពោះ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​របស់​ខ្លួន ដែល​បណ្តាល​ឱ្យ​មានការ​ស្លាប់​ពលរដ្ឋ​ចិន ១៤ នាក់ និង​បង្ក​ឱ្យ​អ្នក​ដទៃ​ទៀត​រង​របួស​។ ការ​ប្រហារជីវិត​ត្រូវ​បាន​អនុវត្ត​ដោយ​តុលាការ​ទីក្រុង​វិ​ន​ចូ​វ បន្ទាប់​ពី​ទទួល​បានការ​យល់ព្រម​ពី​តុលាការ​ប្រជាជន​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

បើ​តាម​ប្រភព​ពី BBC ក៏​បានឱ្យ​ដឹង​ដែរ​ថា គ្រួសារ «​មីង​» គឺជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ជា​ច្រើន ដែល​បាន​គ្រប់គ្រង​ទីក្រុង​ឡៅ​កាំ​ង (Laukkaing) រដ្ឋ​ស្ហា​ន (Shan) ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​បាន​ផ្លាស់​ប្តូរ​ទីក្រុង​ក្រីក្រ​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​កាស៊ីណូ និង​តំបន់​ភ្លើង​ក្រហម ឬ​តំបន់​កម្សាន្ត​រាត្រី​ដ៏​ទាក់ទាញ​។ ទោះ​យ៉ាងណា​ក៏​ដោយ អាណាចក្រ​បោកប្រាស់​របស់​ពួក​គេ​បាន​ដួលរ​លំនៅ​ឆ្នាំ ២០២៣ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន និង​ប្រគល់​ឱ្យ​ប្រទេស​ចិន​ដោយ​កងជីវពល​ជនជាតិភាគតិច ដែល​បាន​គ្រប់គ្រង​ទីក្រុង​ឡៅ​កាំ​ង អំឡុង​ពេល​ជម្លោះ​របស់​ពួក​គេ​ជាមួយ​កងទ័ព​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ