ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋអំណាចមូលដ្ឋាន ២នាក់ទា.ស់គ្នាបែកផ្សែង ចាំមើលថ្នាក់លើដោះស្រាយ ?

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​កំពុង​ល្បី​រឿង​រៀបចំ​សណ្ដាប់​តាម​ផ្លូវ​សាធារណៈ និង​ការ​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​របស់​ខ្លួន​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​មាន​ទំនាស់​យ៉ាង​ខ្លាំងក្លា​ជាមួយ​លោក​…

រាជធានី​ភ្នំពេញ​ ៖ លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​កំពុង​ល្បី​រឿង​រៀបចំ​សណ្ដាប់​តាម​ផ្លូវ​សាធារណៈ និង​ការ​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​របស់​ខ្លួន​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​មាន​ទំនាស់​យ៉ាង​ខ្លាំងក្លា​ជាមួយ​លោក​ កង វង ចៅសង្កាត់​ចោម​ចៅ​ទី ​១ ។ រហូត​មិន​អាច​ដោះស្រាយ​គ្នា​នៅ​សាលា​ខណ្ឌ​បាន ហើយ​លោក​អភិបាល​ខណ្ឌ​សម្រេច​ឲ្យ​អ្នក​ទាំង​២ ​ទៅ​ដោះស្រាយ​គ្នា​នៅ​ឯ​សាលា​រាជធានី​ភ្នំពេញ​វិញ ។

ទំនាស់​ចុង​ក្រោយ​រវាង​អ្នក​ទាំង ​២ ​នេះ​ផ្ដើម​ចេញពី​រឿង​ម្ចាស់​ដី​មួយ​កន្លែង​ចាក់​ដី​លុប​ប្រឡាយ​មេ ​១​ខ្សែ​ (​ប្រឡាយ​មេ​ទួល​ពង្រ​) ហើយ​ពេល​លោក ប៉ា​ង លី​ដា សួរនាំ​បែរជា​លោក​ចៅសង្កាត់​រូប​នោះ​ឆ្លើយ​ថា​អត់​ដឹង ទើប​លោក ប៉ា​ង លី​ដា បាន​ស្ដីបន្ទោស​នៅ​និង​មុខ​គេ​មុខ​ឯង​មួយ​រយ​ៗ​ឡើង​ស្ពឹក​មុខ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ កង វង ផ្ទុះ​កំហឹង​ខ្លាំង​តបត​វិញ​ដែរ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​ ២៨ ខែមករា ឆ្នាំ​២០២៦ លោក ប៉ា​ង លី​ដា បាន​ដឹកនាំ​ក្រុមការងារ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ស្ដារ​ប្រឡាយ​មេ​ទួល​ពង្រ លុះ​ពេល​កាយ​ទៅ​ដល់​ត្រង់​ចំណុច​ដី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅទី ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្រាប់តែ​ឃើញ​មាន​ម្ចាស់​ដី​មួយ​កន្លែង​ពុំ​ដឹង​ថា​ មាន​ខ្នងបង្អែក​ធំ​ប៉ុនណា​ទេ បាន​ចាក់​ដី​លុប​ប្រឡាយ​ទាំងស្រុង​ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ​លើ​ដី​របស់​ខ្លួន ។

ខណៈនោះ​បាន​ធ្វើ​ឲ្យ​លោក ប៉ា​ង លី​ដា ខឹង​ឆេវ​តែ​ម្ដង​ហើយ​លោក​បាន​លើក​ឡើង​ថា ពេល​ឃើញ​គេ​ចាក់​ដី​លុប​ប្រឡាយ​បែប​នេះ​លោក​ស្ទើរ​ស្លុត​ទៅ​ហើយ ធ្វើ​បែប​នេះ​នាំ​ដល់​ការ​ស្ទះ​ទឹក​លិច​ភូមិឋាន​ប្រជាពលរដ្ឋ​របស់​លោក លោក​អត់​សុខចិត្ត​ទេ​ត្រូវ​តែ​កាយ​ចេញ​វិញ ។ បន្ទាប់​មក​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​បាន​ហៅ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី ​១​ កង វង ទៅ​សួរនាំ​ពី​មូលហេតុ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​គេ​ចាក់​ដី​លុប​ប្រឡាយ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ឬ​រាយ​ការ​ប្រាប់​ឲ្យ​លោក​បានដឹង ។ ពេល​នោះ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី ​១ កង វង បាន​ត្រឹមតែ​ឆ្លើយ​ថា ​គាត់​អត់​បានដឹង​ប៉ុណ្ណោះ ទើប​លោក ប៉ា​ង លី​ដា ធ្វើការ​ស្ដីបន្ទោស​ខ្លាំង​ៗ​តែ​ម្ដង មិនតែប៉ុណ្ណោះ​វី​ដេ​អូ​នៃ​ការ​ស្ដីបន្ទោស​នោះ ក៏​ត្រូវ​បាន​យក​ទៅ​បង្ហោះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ថែម​ទៀត​ផង ។

ក្រោយ​ពី​ទទួល​រង​នូវ​ការ​ស្ដីបន្ទោស​បែប​នេះ ម្យ៉ាង​ខ្លួន​ធ្លាប់​ត្រូវ​បាន​លោក ប៉ា​ង លី​ដា ស្ដីបន្ទោស​ច្រើន​ដង ហើយ​គំ​ទុក​ក្នុង​ចិត្ត​ជិត​ ៨​ឆ្នាំ​មក​ហើយ​ផង​នោះ លោក​ កង វង​ក៏​បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង​តបវិញ​ចំពោះ​លោក ប៉ា​ង លី​ដា ហើយ​អ្វី​ដែល​លោក​ចៅសង្កាត់​រូប​នោះ​កាន់តែ​ខឹង​ខ្លាំង​ថែម​ទៀត​នោះ គឺ​ខឹង​​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​នូវ​ឃ្លឺ​ប​វី​ដេ​អូ​នៃ​ការ​ស្ដីបន្ទោស​នោះ​ជា​សាធារណៈ ។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក​ចៅសង្កាត់​ខាងលើ ក៏​បាន​និយាយ​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ដោយ​ចោទ​លោក​អភិបាលរង​ខណ្ឌ​ ប៉ា​ង លី​ដា ថា​មាន​គំនុំ​គំ​គួ​ន​និង​មើលងាយ​រូប​គាត់ ហើយ​ក៏​បាន​ព្រមាន​ខ្លាំង​ៗ​ទៅ​កាន់​លោក ប៉ា​ង លី​ដា ដូច្នេះ​ថា «​សុំ​ឲ្យ​មេ​ឯង​លាង​ខ្ញុំ​ឲ្យ​ស្អាត បើ​មិន​អ៉ីចឹង​ទេ​ខ្ញុំ​អត់​សុខចិត្ត​ទេ អស់តំណែង​ចៅសង្កាត់​ក៏​ខ្ញុំ​អត់​ខ្វល់ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ឲ្យ​មេ​ឯង​បាន​សុខ​ដែរ​» ​។

លោក​ចៅសង្កាត់​ចោម​ចៅ​ទី ​១ ​កង វង បាន​ផ្ញើសារ​សំឡេង​ប្រព័ន្ធ​តេ​ឡេ​​ក្រាម​ទៅ​កាន់​លោក ប៉ា​ង លី​ដា ដូច្នេះ​ថា «​មេ​ខ្ញុំ​ឆ្ងល់​ថា ​មេ​ឯង​ធ្វើ​អភិបាលរង មេ​ឯង​ជះ​ទឹក​ដាក់​ខ្ញុំ​មើលងាយ​ខ្ញុំ​មួយ​ទំហឹង​ហើយ តាំងពី​ជំនាន់ ​ហែម ដា​រិ​ទ្ធិ រហូត​មក​ដល់​មេ​ថ្មី ស្អែក​ព្រឹក​ឡើង​ខ្ញុំ​ទៅ​ចាំ​មេ​ឯង​នៅ​បន្ទប់​លោក​អភិបាល​ខណ្ឌ ។ មេ ​ប៉ា​ង លី​ដា ខ្ញុំ​សុំ​ស​សើរ​មេ​ឯង​ដោយ​ចិត្ត​ស្មោះ​តាំងពី​ដើម​ខ្ញុំ​អត់​ដែល​មាន​គំនុំ​គំ​គួ​ន​ជា​មួ​មេ​ឯង​ទេ ប៉ុន្តែ​មេ​ឯង​មាន​គំនុំ​ជាមួយ​ខ្ញុំ អ៉ីចឹង​ស្អែក​ខ្ញុំ​អត់​សុខចិត្ត​ទេ រឿង​ផុស​រូប​ខ្ញុំ​មើលងាយ​ខ្ញុំ ពាក់ព័ន្ធ​និង​ធ្វើ​លូ​ធ្វើ​ប្រឡាយ​ហ្នឹង អ៉ីចឹង​ស្អែក​ខ្ញុំ​ត្រូវ​រកខុសរកត្រូវ ហើយ​ខ្ញុំ​ក៏​ត្រូវ​ទៅ​ជួប​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែរ អស់​អី​អស់​ទៅ​ខ្ញុំ​អត់​ដឹង​ទេ​ណា ខ្ញុំ​ប្រាប់​ឲ្យ​ហើយ ។

តំណែង​អភិបាលរង ​និង​ចៅសង្កាត់​ខ្ញុំ​អត់​ស្ដាយ​ទេ​តាំងពី​ដើម​មក​ខ្ញុំ​ប្រាប់​មេ​ឯង​ឲ្យ​ត្រង់ អ៉ីចឹងប៉ះពាល់​ខ្ញុំ ខ្ញុំ​អត់​ចង់​ប៉ះពាល់​មេ​ឯង​ទេ ប៉ុន្តែ​បើ​ប៉ះពាល់​ហើយ​ប៉ះពាល់​ដល់​ទី​បញ្ចប់ ថ្ងៃស្អែក ​(​ថ្ងៃ​ទី​ ២៩ ខែមករា ឆ្នាំ ​២០២៦) ​ខ្ញុំ​សុំ​ជួប​លោក​អភិបាល​ខណ្ឌ​នៅ​ក្នុង​បន្ទប់ ខ្ញុំ​នឹង​សុំ​ជួប​ម៉ោង ​៩​ព្រឹក ហើយ​ខ្ញុំ​និង​ស្នើសុំ​ជួប​លោក​អភិបាល​ខណ្ឌ កុំមក​មើលងាយ​ខ្ញុំ​ទាប​ថោក​ណាស់ ។ ប្រឡាយ​ណា មួយ​ឆ្នាំ​ៗ​ខ្ញុំ​ស្ដារ​ចាយ​លុយ​អស់​រាប់​ពាន់​ដុល្លារ​ណាស់ រាប់​ពាន់​ដុល្លារ ខ្ញុំ​ការពារ​ណាស់ ការ​រំដោះ​ទឹក​រំដោះ​ប្រឡាយ តាំងពី​ខ្ញុំ​ឡើង​មក​ដល់​ចៅសង្កាត់ ខ្ញុំ​អត់​ដែល​អើពើ​ថា ​ត្រូវ​បាត់​ប្រឡាយ​ខ្ញុំ​កន្លែង​ណា​ទេ ប៉ុន្តែ​មេ​ឯង​មើល​ងាយ​​ខ្ញុំ​ច្រើន​ណាស់ អ៉ីចឹង​ខ្ញុំ​អត់​ចូល​ចិត្ត​ទេ ។ អ៉ីចឹងខ្ញុំ​សុំ​ឲ្យ​មេ​ឯង​លាង​ឲ្យ​ខ្ញុំ​ឲ្យ​ស្អាត បើ​មិន​ អ៉ីចឹង​ទេ​ខ្ញុំ​អត់​សុខចិត្ត​ទេ អស់តំណែង​ចៅសង្កាត់​ក៏​ខ្ញុំ​អត់​ខ្វល់ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ឲ្យ​មេ​ឯង​បាន​សុខ​ដែរ ខ្ញុំ​ប្រាប់​ឲ្យ​ហើយ​ថ្ងៃ​ហ្នឹង​លើក​ទី ​៤ ​ជាមួយ​ខ្ញុំ​ហើយ កាលពីមុន​ មេ ​(​អភិបាល​ខណ្ឌ​) ​គាត់​ចេះ​តែ​សុំ​ឲ្យ​ខ្ញុំ​រម្ងាប់​អារម្មណ៍ ខ្ញុំ​សុខចិត្ត​ទប់​ណាស់​ជាមួយ​មេ​ឯង ខ្ញុំ​ប្រាប់​ហើយ​តាំងពី​ដើម​ថា​ ខ្ញុំ​អ្នក​ធ្វើ​មិនមែន​ខ្ញុំ​អ្នក​ថា​ទេ អ៉ីចឹង​ស្អែក​ជួប​គ្នា​ម៉ោង ​៩​ព្រឹក​នៅ​សាស​លា​ខណ្ឌ ។

ក្រៅ​ពី​ការ​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​ កង វង ក៏​បាន​បើករថយន្ត​បណ្ដើរ​និយាយ​ឡាយ​អំពី​រឿង​នេះ​បណ្ដើរ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០២២ ពេល​ដែល​ខ្លួន​ជួល​គ្រឿងចក្រ​កាយ​ប្រឡាយ​បារាំង លោក​បាន​ចាយ​លុយ​ខ្លួនឯង​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​ដោះស្រាយ ។ ស្រាប់តែ​លោក ប៉ា​ង លី​ដា ស្ដី​ឲ្យ​លោក​ថា​យក​អេ​ស្កា​វ៉ា​ទ័​រ​តូច​ស្ដារ​មិនកើត​ដូច​ពងក្ដ​គេ ចៅសង្កាត់​ច​រិ​ក​ថោក ហើយ​ពេល​នោះ​មានរឿង​ម្ដង តែ​ត្រូវ​បាន​លោក​អភិបាល​ខណ្ឌ​ហែម ដា​រិ​ទ្ធិ និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​សម្របសម្រួល​បញ្ចប់រឿង​ម្ដង​រួច​មក​ហើយ ។ ប៉ុន្តែ​តាំងពី​ដើម​មក​ខ្ញុំ​មិន​ដែល​ប៉ះពាល់លើ​គាត់ ​(​លោក ប៉ា​ង លី​ដា)​ ទេ​តែ​លោក ប៉ា​ង លី​ដា បាន​ធ្វើទុក្ខបុកម្និញ​ខ្ញុំ​រយៈពេល​ជិត​ ៨​ឆ្នាំ​មក​ហើយ ដែល​មាន​បញ្ហា​ជាមួយ​គ្នា​ជា​ច្រើន ។

បើ​តាម​ការ​និយាយ​រៀបរាប់​ខាងលើ​នេះ​គេ​ដឹង​បាន​ថា លោក​ចៅសង្កាត់​ចោម​ចៅ​ទី​ ១ ​កង វង រូប​នេះ​​មានការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​លោក​អភិបាលរង​ខណ្ឌ​ ប៉ា​ង​ លី​ដា​ ដែល​ជា​មេ​របស់​ខ្លួន​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រសិនបើ​លោក​ចៅសង្កាត់​រូប​នេះ​មិន​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ពេល​នេះ​ទេ ក៏​គ្មាន​នរណា​ដឹង​ឡើយ​ថា ពួក​គាត់​ឈ្លោះ​គ្នា​រហូត​មក​ដែរ ។

ដោយឡែក​នៅ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២៩ ខែមករា ឆ្នាំ​ ២០២៦ លោក ​កង វង ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្កាត់​ជួប​ដោះស្រាយ​ជាមួយ​លោក ប៉ា​ង លី​ដា ដូចដែល​គាត់​បាន​និយាយ​មែន ដោយ​គាត់​អះអាង​ថា ​ព្រោះតែ​រឿង​នេះ​ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់​ពេញ ​១​យប់​ហើយ ។ ប៉ុន្តែ​រឿង​ទំនាស់​មួយ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៀត​នោះ​ទេ ដោយ​លោក ​សក់ កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រាប់​ឲ្យ​អ្នក​ទាំង ​២ ​ទៅ​ដោះស្រាយ​គ្នា​នៅ​ឯ​សាលា​រាជធានី​ភ្នំពេញ​វិញ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ