រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជានៅថ្ងៃទី២៩ មករា ឆ្នាំ២០២៦ បានលើកឡើងថា សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ។
កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រសួងការបទេសបានចាត់ទុកចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ ។
ជាមួយគ្នានោះដែរ កម្ពុជាជំរុញឱ្យប្រទេសថៃ ចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំនានា ដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
ចែករំលែកព័តមាននេះ