ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ និងតម្លៃមិនអាចកាត់ថ្លៃបាននៃប្រាសាទបាលិលេយ្យ ក្នុងរាជធានីអង្គរធំ

2 ម៉ោង មុន

ខេត្តសៀមរាប ៖ ស្ថិត​នៅ​កណ្តាល​ព្រៃ​ដ៏​ត្រជាក់ត្រជុំ​នៃ​អតីត​ក្រុង​អង្គរធំ មាន​ប្រាសាទបុរាណ​មួយ ដែល​មាន​រចនាបថ​ប្លែក​ពី​គេ និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ប្រវត្តិសាស្ត្រ​ពុទ្ធសាសនា​ខ្មែរ នោះ គឺ «​ប្រាសាទ​បា​លិ​លេ​យ្យ​»​។…

ខេត្តសៀមរាប ៖ ស្ថិត​នៅ​កណ្តាល​ព្រៃ​ដ៏​ត្រជាក់ត្រជុំ​នៃ​អតីត​ក្រុង​អង្គរធំ មាន​ប្រាសាទបុរាណ​មួយ ដែល​មាន​រចនាបថ​ប្លែក​ពី​គេ និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ប្រវត្តិសាស្ត្រ​ពុទ្ធសាសនា​ខ្មែរ នោះ គឺ «​ប្រាសាទ​បា​លិ​លេ​យ្យ​»​។

ជាក់ស្តែង អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ប្រាសាទ​បា​លិ​លេ​យ្យ ត្រូវ​បាន​កសាង​ឡើង នៅ​ចុង​សតវត្ស​ទី​១២ (១១៥០ – ១១៦០) ព្រះបាទ​ធរណី​ន្ទ្រ​វរ្ម័ន​ទី​២ ដែល​ជា​ព្រះ​បិតា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​សាងសង់​ប្រាសាទ​បា​លិ​លេ​យ្យ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា (​និកាយ​ហីនយាន​)​។

ប្រាសាទ​នេះ មាន​តួ​ប៉ម​មួយ​សង់​នៅ​លើ​ខឿន​បី​ជាន់ និង​មាន​ជណ្តើរ​ឡើង​នៅ​គ្រប់​ទិស​ទាំង​បួន ហើយ​មាន​កំពែង​ព័ទ្ធ​ជុំវិញ ។ នៅ​តាម​ហោជាង និង​ផ្តែរ​ទ្វារ​សុទ្ធតែ​មាន​ចម្លាក់​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា ។ នៅ​ទ្វារ​ខាងកើត គឺ​មាន​ចម្លាក់​ព្រះពុទ្ធ​ចូល​និ​ពា្វ​ន ចំណែក​នៅ​ទ្វារ​ខាងត្បូង​មាន​ចម្លាក់​ព្រះពុទ្ធ​សមាធិ ។ រីឯ​នៅ​ទ្វារ​ខាងជើង មាន​ចម្លាក់​ព្រះពុទ្ធ​ឈរ​ច្រត់​ដៃ​លើ​សត្វ​ដំរី​មួយ​។

ក្រៅពី​នេះ ប្រាសាទព្រះបាលិលេយ្យ​មាន​ព្រះ​ពន្លា​មួយ​សាង​ពី​ថ្មភក់​លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​ប្រាំ និង​ចម្លាក់​តោ​បែរ​ទៅ​ទិស​ខាងកើត ។ នៅ​ចុង​ព្រះ​ពន្លា មាន​បដិមា​ព្រះពុទ្ធ​ធំ​មួយ​គង់​ក្នុង​ទម្រង់​យក​ព្រះធរណី​ជា​សាក្សី​។

ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ខាងជើង​ប្រាសាទភិមានអាកាស និង​នៅ​ខាងក្រោយ​ប្រាសាទ​ទេពប្រណម្យ ហើយ​មាន​ចំងាយ​ប្រមាណ ១,៥ គីឡូម៉ែត្រ ពី​ប្រាសាទបាយ័ន​ក្នុង​អតីត​ក្រុង​អង្គរធំ (​យ​សោ​ធរ​បុ​រ​)​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ប្រាសាទ​បា​លិ​លេ​យ្យ មិន​ត្រឹមតែ​ជា​កន្លែង​ទស្សនា​សម្រាប់​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សក្ខីភាព​នៃ​ភាព​រុងរឿង​នៃ​អារ្យធម៌​ខ្មែរ និង​ជាទី​កន្លែង​សម្រាប់​សិក្សា​ឈ្វេងយល់​អំពី​កា​រវិ​វត្ត​នៃ​ពុទ្ធសាសនា​នៅ​ក្នុង​សម័យ​អង្គរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ