អន្តរជាតិ ៖ ការកក់សំបុត្រយន្តហោះទៅតំបន់អាមេរិកខាងជើង និងការកក់សណ្ឋាគារបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីកាលវិភាគប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ (FIFA World Cup 2026) ត្រូវបានប្រកាសកាលពីខែធ្នូ ឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាទេសចរណ៍ Amadeus បានបង្ហាញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយ ១៨% នៃការកក់ទាំងនោះ ធ្វើឡើងដោយអ្នកដំណើរមកពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកពីអឺរ៉ុបបានធ្លាក់ចុះ ចាប់តាំងពីការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយអ្នកទេសចរជាច្រើនត្រូវបានរារាំងដោយការត្រួតពិនិត្យកាន់តែខ្លាំងនៅតាមច្រកព្រំដែន។ ទោះជាការកើនឡើងអំពើហិង្សាថ្មីៗនេះ ដែលទាក់ទងនឹងការឃុំខ្លួន តាមការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) នៅក្នុងទីក្រុងមីណេអាប៉ូលីស (Minneapolis) បានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកគ្រប់គ្នាក៏ដោយ ក៏ទិន្នន័យពីក្រុមហ៊ុនដានព្រឹត្តិការណ៍ World Cup ឆ្នាំនេះ និង Amadeus បានបង្ហាញថា ការកក់បានកើនឡើង ជាពិសេសក្នុងចំណោមអ្នកគាំទ្រអង់គ្លេស និងស្កុតឡេន។
នៅក្នុងចំណោមការកក់ដែលបានធ្វើឡើងសម្រាប់រយៈពេលនៃការប្រកួត ដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦ នោះ ៣៧% ស្ថិតក្នុងខែចាប់តាំងពីការចាប់ឆ្នោត (ខែធ្នូ)។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យមិនបង្ហាញថា តើអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ក្តៅគគុកថ្មីៗនេះ នៅសហរដ្ឋអាមេរិកមានផលប៉ះពាល់លើការកក់ឆ្នាំ ២០២៦ ដែរឬទេ។
លោក Paul Charles អ្នកវិភាគទេសចរណ៍បានលើកឡើងថា ការប្រកួត World Cup គឺជាឱកាសមួយដើម្បីមើលបណ្តាកីឡាករបាល់ទាត់ពោរពេញទេពកោសល្យបំផុតនៅលើពិភពលោក ហើយអ្នកគាំទ្រនឹងទៅស្ទើរគ្រប់ទីកន្លែង ដើម្បីមើលកីឡាករល្អបំផុត មិនថាបញ្ហាគោលនយោបាយ និងនយោបាយរបស់ប្រទេសម្ចាស់ផ្ទះយ៉ាងណានោះទេ។
យ៉ាងណាមិញ លោក Charles ដែលជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ The PC Agency បានបន្ថែមថា បញ្ហាសុវត្ថិភាពក៏ជាកត្តាសំខាន់ផងដែរ ដូច្នេះអ្នកទស្សនានឹងសង្ឃឹមថា ភាពស្ងប់ស្ងាត់នឹងកើតមាននៅក្នុងទីក្រុងម្ចាស់ផ្ទះ ហើយការធានារ៉ាប់រងការធ្វើដំណើររបស់ពួកគេនឹងនៅតែមានសុពលភាពសម្រាប់ដំណើរកម្សាន្តដែលបានគ្រោងទុកនៅក្នុងខែមិថុនា និងខែកក្កដា។
ទិន្នន័យ Amadeus បានបង្ហាញថា ការកើនឡើងការកក់សំបុត្រយន្តហោះច្រើនបំផុតក្នុង១ថ្ងៃត្រូវបានឃើញសម្រាប់ការប្រកួតដំបូងនៅទីក្រុងញូវយ៉ករវាងប្រេស៊ីល និងម៉ារ៉ុក ជាមួយការកក់សំបុត្រយន្តហោះជាង ២ ៥០០ ជើង។ ការកក់សណ្ឋាគារនៅកាណាដា និងម៉ិកស៊ិកក៏បានកើនឡើងផងដែរ ដោយចំនួនស្នាក់នៅជាមធ្យមនៃសណ្ឋាគារនៅទីក្រុងម៉ិកស៊ិក (Mexico City) នៅយប់មុនការប្រកួតដែលបានគ្រោងទុកចំនួន ៣ ប្រកួតនៅទីនោះ ចំនួន ២១% កើនឡើងពី ៤% សម្រាប់ពេលដូចគ្នាកាលពីឆ្នាំមុន៕




ចែករំលែកព័តមាននេះ