ស៊ីរី-រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌីមៀរពូទីន កាលពីថ្ងៃទី២៨ មករា បានទទួលប្រធានាធិបតីស្ដីទីស៊ីរីលោក អាហ៍មេដអាល់ចារាំអា ក្នុងពិធីអាហារថ្ងៃត្រង់ការងារមួយនិងពិភាក្សាគ្នា ។ នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីឌ្រីប៉េស្កូវ ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ នៅវិមានក្រឹមឡាំងដែលមានលោកអាហ៍មេដអាល់ចារាំអានៅអែបជាមួយ លោកពូទីន បានសម្ដែងការសាទរចំពោះការរីកចម្រើននានា សម្រាប់ស្ដារឡើងវិញទំនាក់ទំនងរវាងប្រទេសទាំង២ ។ ចំណែកប្រធានាធិបតីស៊ីរីវិញគូសបញ្ជាក់ថា ជំហររុស្ស៊ីនាឆ្នាំកន្លងមក គឺគាំទ្រឯកភាពដែនដីស៊ីរីនិងថា តួនាទីជាប្រវត្តិសាស្ត្ររបស់
រុស្ស៊ីមិនត្រឹមតែដើម្បីឯកភាពជាតិ និងស្ថេរភាពស៊ីរីប៉ុណ្ណោះទេ តែសម្រាប់តំបន់ទាំងមូលទៀតផង ។
នៅមុខសារព័ត៌មានមេដឹកនាំទាំង២មិនបានលើកពីបញ្ហាចម្រូងចម្រាស់នៃការធ្វើបត្យាប័នអតីតប្រធានាធិបតីស៊ីរី លោកបាចាអាល់អាសាដដែលរត់់គេចខ្លួនមកកាន់រុស្ស៊ី ចាប់តាំងពីត្រូវផ្ដួលរំលំចេញពីអំណាច ដូចដែលក្រុងដាម៉ាស់ចង់បាន ឬបញ្ហាវត្តមានយោធារុស្ស៊ីនៅស៊ីរីឡើយ។ ប៉ុន្តែមុនការជួបគ្នាអ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវធ្លាប់បានថ្លែងថា គ្មានអ្វីសង្ស័យឡើយដែលបញ្ហាវត្តមានយោធារុស្ស៊ីនៅស៊ីរីត្រូវបានលើកមកពិភាក្សាគ្នា ។ លោកថា ការចរចាផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ក្នុងវិស័យសេដ្ឋកិច្ច ព្រមទាំងការផ្លាស់ប្ដូរទស្សនៈគ្នាលើសភាពការណ៍តំបន់ ។
នេះជាទស្សនកិច្ចលើកទី២ហើយរបស់ប្រធានាធិបតីស៊ីរីនៅរុស្ស៊ី អំឡុងពេលត្រឹម៤ខែក្នុងពេលស្ថានភាពដែលទាំងបណ្ដាប្រទេសអឹរ៉ុបទាំងអាមេរិកកំពុងមានការព្រួយបារម្ភ ចំពោះការងើបឡើងវិញរបស់ពួកជីហាដពិសេសក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ។
កងទ័ពរុស្ស៊ីពេលនេះ ចាប់ផ្ដើមដកចេញពីព្រលានយន្តហោះQAMICHLY ស៊ីរី ក្នុងតំបន់ស្វយ័តឃើតភាគឦសានប្រទេស ដែលនៅទីនោះរុស្ស៊ីមានទីតាំងយោធាតូចមួយ។ ចំណែកកងទ័ពស៊ីរីនាពេលនេះ កំពុងធ្វើការវាយលុកខាងយោធាលើបណ្ដាដែនដីគ្រប់គ្រងដោយពួកឃើត។ បទឈប់បាញ់គ្នាមួយដែលនៅតែជាធរមាន ត្រូវបានពន្យារពេល១៥ថ្ងៃទៀត រហូតដល់ថ្ងៃទី៣១មករា តែភាគីទាំង២បានចោទដាក់គ្នាទៅវិញទៅមកថាបំពាន ។
ទស្សនកិច្ចលើកទី២នេះរបស់ប្រធានាធិបតីស៊ីរី ធ្វើឡើងក្នុងពេលដែលក្រុងមូស្គូស្វែងរករក្សាទុកបណ្ដាមូលដ្ឋានយោធារបស់ខ្លួននៅស៊ីរីពិសេសមូលដ្ឋានអាកាសចរណ៍ធំមួយនៅទីនោះ ដែលធ្លាប់ប្រើជួយរបបអតីប្រធានាធិបតីស៊ីរីលោកអាសាដ ក្នុងការច្បាំងជាមួយពួកឧទ្ទាម ៕
ចែករំលែកព័តមាននេះ