រាជធានីភ្នំពេញ ៖ កម្មករលាងរថយន្តម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សី កែវសហការជាមួយនគរបាលស្រុកកងមាសឃាត់ខ្លួនបន្ទាប់ពីមានទំនាស់គ្នារឿងចូលបន្ទប់ទឹកមុន ក្រោយបង្កហិង្សាទាញកាំបិតប៉័ងតោកាប់ទៅលើអ្នកលាងរថយន្តដូចគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនទៅស្រុកកំណើត។
អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចទីតាំងលាងរថយន្តយីហោ”ប្រ៊ីលាន”តាម ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ចំណែកជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង។
តាមនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវសហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកកងមាសឃាត់ខ្លួនកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នៅចំណុច ភូមិតំណាក់ជ្រៃ ភូមិពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នារងចំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ ស្រាប់តែជនសង្ស័យមកក្រោយគេ បានចូលងូតទឹកមុនក៏បង្កឱ្យទាស់សម្តីគ្នា។ បន្ទាប់ពីងូតទឹករួច ជនសង្ស័យបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេកហើយបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត ជនសង្ស័យខឹងក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង ភ្លាមនោះ ក្រុមកម្មករលាងរថយន្ត ក៏បាននាំគ្នាជួយឃាត់ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកឯជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលដឹកនាំផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបន្តស្រាវជ្រាវ ហើយឈានទៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកកងមាស ឃាត់ខ្លួនបានជនសង្ស័យដល់ស្រុកកំណើតព្រមទាំងដកហូតវត្ថុតាងកំបិតបុ័ងតោដងដែក ០១ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងនីតិវិធី ៕





ចែករំលែកព័តមាននេះ