ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុ​គីមី​ជាង១៦,០០០ប្រភេទ ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ផលិត​ចេញ​ជា​ផលិតផល​ប្លា​ស្ទិ​ក

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សារធាតុ​គីមី​ជាង ១៦,០០០ប្រភេទ ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​ផលិត​ចេញ​ជា​ផលិតផល​ប្លា​ស្ទិ​ក ក្នុង​នោះ​មួយ​ភាគ​បួន គឺជា​សារធាតុ​គីមី​គ្រោះថ្នាក់ ចំពោះ​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​…

រាជធានី​ភ្នំពេញ ​៖ សារធាតុ​គីមី​ជាង ១៦,០០០ប្រភេទ ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​ផលិត​ចេញ​ជា​ផលិតផល​ប្លា​ស្ទិ​ក ក្នុង​នោះ​មួយ​ភាគ​បួន គឺជា​សារធាតុ​គីមី​គ្រោះថ្នាក់ ចំពោះ​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​ នេះ​បើ​តាម​ការ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦​ថា​ សារធាតុ​គីមី​ជាង ១៦,២៣៥ប្រភេទ ត្រូវ​បាន​ប្រើ​ក្នុង​ការ​ផលិត​ប្លា​ស្ទិ​ក​។ អ្នក​ស្រាវជ្រាវ ​អាច​កំណត់​អត្តសញ្ញាណ និង​ប្រមូល​សារធាតុ​គីមីទាំងនោះ ក្នុង​ការ​ផលិត​ប្លា​ស្ទិ​ក បាន​ត្រឹមតែ ១២,៦៥៨ប្រភេទ​ប៉ុណ្ណោះ ក្រៅពី​នេះ​ មិន​ទាន់​មាន​ព័ត៌មាន និង​អាច​កំណត់​លក្ខណៈសម្បត្តិ​អំពី​សមាសធាតុ​ផ្សំ​របស់​វា​នៅឡើយ ​។

អ្នកនាំពាក្យ​ បន្តថា ​យោង​តាម​មូលដ្ឋាន​ទិន្នន័យ​សកល ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយ​កម្មវិធី​ឈ្មោះ PlastChem និង​បាន​ដកស្រង់​ផ្សាយ​ ដោយ​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​បរិស្ថាន ​នៃ​សហភាព​អឺរ៉ុប បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​សារធាតុ​គីមី​ចម្រុះ ដែល​អាច​កំណត់​អត្តសញ្ញាណ​បាន សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផលិត​ជា​ប្លា​ស្ទិ​ក អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​សារធាតុ​គីមី​គ្រោះថ្នាក់ រហូត​ដល់​មួយ​ភាគ​បួន​រួច​ទៅ​ហើយ​។ វា​ក៏​កំពុង​ត្រូវ​បាន​ប្រើប្រាស់ និង​បោះចោល​ទៅ​ក្នុង​បរិស្ថាន និង​កំពុង​បង្ក​គ្រោះថ្នាក់​បំផុត ចំពោះ​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​ ។

ប្រភព​ដដែល​ខាងលើ ​បានឱ្យ​ដឹង​ថា សារធាតុ​គីមី គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន មិន​ទាន់​ត្រូវ​បាន​គ្រប់គ្រង​នៅ​កម្រិត​សកល​នៅឡើយ​ទេ វា​កំពុង​ស្ថិត​ក្នុង​សម្ភារ​ប្រើប្រាស់​ដោយ​ប្លា​ស្ទិ​ក ដែល​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ជាមួយ​ភាពស៊ាំ រឹង​មាំ និង​អាច​មាន​រយៈពេល​យូរ ក្នុង​ខ្លួន​មនុស្ស ​។

សូម​បញ្ជាក់​ថា ប្លា​ស្ទិ​ក​បញ្ចេញ​សារធាតុពុល​ និង​បង្ក​គ្រោះថ្នាក់ នៅ​គ្រប់​ដំណាក់កាល ​នៃ​វដ្ត​ជីវិត​របស់​វា គិត​ចាប់ផ្តើម​ពី​ការ​ផលិត ការ​ប្រើប្រាស់ ការ​កែ​ច្នៃ​ឡើង​វិញ និង​រហូត​ដល់​ការ​គ្រប់គ្រង​សំណល់​របស់​វា ​។

សារធាតុ​គីមី​ចម្រុះ រួម​ទាំង​លម្អង​ប្លា​ស្ទិ​ក នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ ក្នុង​មាន​ទាំង​ជំងឺ​បន្ត​ពូជ ការ​អភិវឌ្ឍ​សរសៃប្រសាទ ភាពស៊ាំ និង​ជំងឺ​មេតា​ប៉ូ​លី​ស​។ អ្នក​វិទ្យាសាស្ត្រ​បានឱ្យ​ដឹង​បន្ថែម​ថា ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ចាស់​ៗ​ឡើង​វិញ ក៏​ជា​បញ្ហា​ផង​ដែរ ពីព្រោះ​វត្ថុធាតុដើម​ចាស់​ៗ នៅ​ពេល​រលួយ ដែល​បង្កើន​ហានិភ័យ​ នៃ​ការ​បញ្ចេញ​សារធាតុ​គីមី ​។

សូម​បញ្ជាក់​ថា​ ការ​សិក្សា​កន្លង​មកនេះ បាន​ជំរុញ​ឱ្យ​មានការ​គាំទ្រ ដល់​ការ​ពង្រឹង​ការ​គ្រប់គ្រង​សារធាតុ​គីមី និង​បង្កើន​តម្លាភាព ក្នុង​ការ​ផលិត​សម្ភារ​ជំនួស​សារធាតុ​គ្រោះថ្នាក់ ដោយ​ជម្រើស​សម្ភារ​មាន​សុវត្ថិភាព និង​កែ​ច្នៃ​ផលិត​ប្លា​ស្ទិ​ក​ឲ្យ​សាមញ្ញ និង​មិន​មាន​ជាតិពុល ដើម្បី​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ប្លា​ស្ទិ​ក​ច​ក្រា​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ