ប្រទេសស្វីស ៖ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter បានគាំទ្រសំណើធ្វើពហិការរបស់អ្នកគាំទ្រ សម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ (FIFA World Cup 2026) នៅលើទឹកដីសហរដ្ឋអាមេរិក ដោយសារអាកប្បកិរិយា និងគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋបាលរបស់លោកទាំងក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមការចេញផ្សាយពី Aljazeera។
លោក Blatter គឺជាឥស្សរជនបាល់ទាត់អន្តរជាតិចុងក្រោយបង្អស់ ដែលបានសួរពីភាពសមស្របរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសសហម្ចាស់ផ្ទះ World Cup ឆ្នាំនេះ ដោយអំពាវនាវឱ្យមានការធ្វើពហិការនៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ។
សហរដ្ឋអាមេរិកធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រួមជាមួយជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦។
យ៉ាងណាមិញ លោក Blatter បានគាំទ្រមតិយោបល់របស់លោក Mark Pieth ដែលជាមេធាវីជនជាតិស្វីសជំនាញខាងឧក្រិដ្ឋកម្ម និងអ្នកជំនាញប្រឆាំងអំពើពុករលួយ ដែលបានអំពាវនាវឱ្យអ្នកគាំទ្របាល់ទាត់ពិភពលោកជៀសឆ្ងាយពីសហរដ្ឋអាមេរិក។ លោក Pieth ដែលជាប្រធានគណៈកម្មាធិការអភិបាលកិច្ចឯករាជ្យនៃកំណែទម្រង់ FIFA កាលពី១០ឆ្នាំមុន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនជាមួយកាសែតស្វីស Der Bund ថា «អ្នកនឹងឃើញកាន់តែច្បាស់នៅលើកញ្ចក់ទូរទស្សន៍។ នៅពេលមកដល់ (សហរដ្ឋអាមេរិក) អ្នកគាំទ្រគួរតែរំពឹងថា បើពួកគេមិនពេញចិត្តមន្ត្រី ពួកគេនឹងត្រូវដាក់ឱ្យហោះហើរត្រឡប់ទៅផ្ទះវិញ។ ប្រសិនបើពួកគេមានសំណាង»។
នៅក្នុងសាររបស់លោក Blatter ដែលជាប្រធាន FIFA ចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០១៥ នៅពេលដែលលោកលាលែងពីតំណែង បន្ទាប់ពីការស៊ើបអង្កេតអំពើពុករលួយនោះ ដោយលោកបានស្រង់សម្តីលោក Pieth ដោយបានបន្ថែមថា «ខ្ញុំគិតថា Mark Pieth និយាយត្រូវក្នុងការចោទសួរអំពីព្រឹត្តិការណ៍ World Cup នេះ»។
ការព្រួយបារម្ភរបស់បណ្តាសហគមន៍បាល់ទាត់អន្តរជាតិអំពីសហរដ្ឋអាមេរិក បានកើតចេញរាប់ចាប់ពីឥរិយាបថចង់ពង្រីកទឹកដីរបស់លោក ត្រាំ លើកោះហ្គ្រីនឡែន (Greenland) រហូតដល់ការហាមឃាត់ពលរដ្ឋមកពីប្រទេសមួយចំនួនចូលទឹកដីសហរដ្ឋអាមេរិកការ និងយុទ្ធសាស្ត្រក្តៅគគុកដោះស្រាយជាមួយជនអន្តោប្រវេសន៍ និងអ្នកតវ៉ាអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ពិសេសទីក្រុងមីណេអាប៉ូលីស (Minneapolis)។
កាលពីពីរសប្តាហ៍មុន ផែនការធ្វើដំណើរសម្រាប់អ្នកគាំទ្រពីប្រទេសសេណេហ្គាល់ និងកូតឌីវ័រ ជួបរឿងច្របូកច្របល់ នៅពេលរដ្ឋបាលលោក ត្រាំ ប្រកាសហាមឃាត់ពលរដ្ឋប្រទេសទាំងពីរចូលទឹកដីសហរដ្ឋអាមេរិក លុះត្រាពួកគេមានទិដ្ឋាការរួចហើយ។
លើសពីនេះទៀត អ្នកគាំទ្រមកពីប្រទេសអ៊ីរ៉ង់ និងហៃទី នឹងត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិកផងដែរ ដោយប្រទេសទាំងពីរត្រូវបានបញ្ចូលនៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរលើកដំបូងដែលប្រកាសដោយរដ្ឋបាលលោក ត្រាំ ខណៈក្រុមជម្រើសជាតិប្រទេសទាំង ៤ សុទ្ធតែទទួលបានកៅអី World Cup 2026 ជាផ្លូវការ៕




ចែករំលែកព័តមាននេះ