ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ និង​ក្រសួង​ធម្មការ​ និង​សាស​​នា ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​សាសនា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​សក្ខីភាព​មួយ ដែល​បាន​បង្ហាញ​អំពី​ស្មារតី​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍន៍​ទេសចរណ៍​សាសនា ។ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​សក្ខីភាព​មួយ ដែល​បាន​បង្ហាញ​អំពី​ស្មារតី​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍន៍​ទេសចរណ៍​សាសនា ។

នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​ជាមួយ​ឯកឧត្តម ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អញ្ជើញ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ស្តី​ពី​«​កិច្ច​សហប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​ទេសចរណ៍​សាសនា​» ពោល គឺ​ដើម្បី​បង្ហាញ​អំពី​ស្មារតី​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​សក្ដានុពល​ទេសចរណ៍​សាសនា​នៅ​កម្ពុជា​, បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តាម​រយៈ​ការ​បង្កើត និង​ធ្វើ​ពិពិធ​កម្ម​ព្រឹត្តិការណ៍​ទេសចរណ៍​សាសនា​នៅកម្ពុជា​, ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពាក់ព័ន្ធ​នឹង​បដិ​សណ្ឋារកិច្ច និង​មគ្គុទ្ទេសក៍​សម្រាប់​ទេសចរណ៍​សាសនា និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់​ៗ​ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​ជា​ផលិតផល​ទេសចរណ៍​សាសនា​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​សម្ដែង​នូវ​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ដែល​បាន​ផ្តល់​ការ​ឯក​ភាព​លើ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ទាំង​ពីរ​, ក៏​ដូច​ជា​សូម​ថ្លែងអំណរ​គុណ​ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ និង​អគ្គនាយកដ្ឋាន​ជំនាញ ព្រមទាំង​ក្រុមការងារ​បច្ចេក​ទេស​នៃ​ក្រសួង​ទាំង​ពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​កិច្ចសហការ​ដ៏​ល្អ និង​សម្របសម្រួល​សព្វ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ឱ្យ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា អាច​លេច​ជា​រូបរាង​នៅ​ថ្ងៃនេះ​បាន ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា ព្រះរាជាណាចក្រ
កម្ពុជា ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ផ្អែក​លើ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​សាសនា ។ សាសនា មិន​ត្រឹមតែ​ជា​គ្រឹះ​នៃ​ជំនឿ និង​សីលធម៌​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មូលដ្ឋាន​ស្នូល​នៃ​ការ​ថែរក្សា​សន្តិភាព និង​សុខដុម​នី​យ​កម្ម​ក្នុង​សង្គម ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​បរិបទ​នេះ វិស័យ​ទេសចរណ៍ និង​វិស័យ​សាសនា មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​អាច​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​, ក្នុង​ន័យ​នេះ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា គឺជា​ការ​បញ្ជាក់​អំពី​ទស្សនវិស័យ​រួម ក្នុង​ការ​លើកកម្ពស់​ទេសចរណ៍​សាសនា និង​ទេសចរណ៍វប្បធម៌ ដោយ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ត្រូវ​ឈរ​លើ​គោលការណ៍​ភាព​ធន់ និរន្ត​ភាព បរិ​យា​បទ និង​ត្រូវ​រក្សា​អត្តសញ្ញាណ​វប្បធម៌ និង​ការ​គោរព​នូវ​គុណ​តម្លៃ​របស់​សាសនា​ទាំងអស់ ។ តាម​រយៈ​នេះ កិច្ចសហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា គឺជា​កត្តា​លី​ករ​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការ​បំ​លែង​មរតក​សម្បត្តិ​វប្បធម៌ និង​សាសនា ទៅ​ជា​ថាមពល​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជឿជាក់​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​ក្លាយជា​គំរូ​នៃ​កិច្ចសហការ​អន្តរក្រសួង ដែល​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង ដល់​វិស័យ​ទេសចរណ៍ វិស័យ​សាសនា សហគមន៍​មូលដ្ឋាន និង​សង្គម​ជាតិ​ទាំងមូល តួយ៉ាង អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ពីរ​បន្ថែម​មួយ​កម្រិត​ទៀត ស្រប​តាម​អភិក្រម​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ ក្រោម​ស្មារតី រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ដោយ​ឈរ​លើ​គោលការណ៍​បុ​រេ​សកម្ម សកម្ម និង​អន្តរ​សកម្ម ដើម្បី​ចូលរួម​ជំរុញ​កំណើន​ទេសចរណ៍​ផ្ទៃក្នុង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ក៏​ដូច​ជា​ការ​លើកកម្ពស់​គុណ​តម្លៃ​នៃ​សាសនា សីលធម៌​សង្គម និង​អត្តសញ្ញាណ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ