ឃុំខ្លួនជនក្លែងឯកសណ្ឋានមន្ត្រីនគរបាលជាតិ៤នាក់ ចំនួនពីរបទល្មើស ប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានជូនព័ត៌មានស្តីពីចំណាត់ការរបស់ស្ថាប័នអយ្យការ ទៅលើជនសង្ស័យ៤នាក់ ដែលជាប់ពាន្ធក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ សំណុំរឿងនេះត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរ ចំនួនពីរបទល្មើស គឺ៖ កំហែងយក និងបទ.ប្រើប្រាស់ នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា នឹងនគរបាល ឬយោធា តាមមាត្រា ៣៦៣ មាត្រា ៣៦៤ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមមាត្រា ៣៦៣ និងមាត្រា ៣៦៤ ការកំហែក ទោសដែលត្រូវអនុវត្តដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ លាន ទៅ១០ លានរៀល ។ ចំណែកមាត្រា ៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ ខែ និងពិន័យជាប្រាក់ពី ១សែន ទៅ ១លានរៀល ។
ជនត្រូវចោទទាំង៤ នាក់មាន ៖
១. ឈ្មោះ ឌី មេសាណាន់ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅភូមិគរ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២. ឈ្មោះ ឌី ចំណាប់ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅភូមិគរ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣. ឈ្មោះ បុល ជង់យឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល ។
៤. ឈ្មោះ ភួង ស៊ីវអេង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅសង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង០០នាទីយប់ មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានទទួលពត៌មានពីបងប្អូនប្រជាពលរដ្ឋ ឱ្យកម្លាំងសមត្ថកិច្ចជួយប្រកាសតាមវិទ្យុទាក់ ដោយមានជនសង្ស័យ១ ក្រុមធ្វើសកម្មភាពជិះម៉ូតូចំនួន៥គ្រឿង ខ្លះស្លៀកខោប្រយុទ្ធពណ៌ខៀវ ខ្លះពាក់អាវមានអក្សរនគរបាលជាតិ និងខ្លះស្លៀកពាក់ស៊ីវិល មានកាន់វិទ្យុទាក់ទង ដេញតាមឃាត់បងប្អូនប្រជាពលរដ្ឋ ដែលជិះម៉ូតូតាមផ្លូវសាធារណៈ គំរាមយកប្រាក់ នៅចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលប្រជាពលរដ្ឋសួរនាំរកអង្គភាព និងមានប័ណ្ណសំគាល់ខ្លួនជានគរបាលជាតិ ក្រុមជនសង្ស័យមិនបានឆ្លើយតបទេ ហើយបាននាំគ្នាជិះម៉ូតូគេចខ្លួន ។
ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិសែន បានចេញទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ នៅចំណុចផ្លូវលេខ២០០៤ កែងភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាងពាក់ពន្ធបទល្មើសមួយចំនួន រួចនាំជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណែកបក្ខពួកជនសង្ស័យ ៥នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។
ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ៖ ពួកខ្លួនទាំង៤នាក់ ពិតជាបានធ្វើសកម្មភាពស្លៀកពាក់ក្លែងបន្លំ ឯកសណ្ឋាន និងពាក់កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ និងដាក់វិទ្យុទាក់ទង ជាប់នឹងខ្លួនជិះម៉ូតូតាមផ្លូវសាធារណៈ ឃើញប្រជាពលរដ្ឋណា ជិះម៉ូតូ មានកែច្នៃបំពង់ស៊ីមាំងខុសប្រក្រតី និងគ្មានស្លាកលេខ ឬសង្ស័យជាអ្នកជក់គ្រឿងញៀន គឺពួកគេជិះម៉ូតូដេញតាម និងឃាត់គំរាមយកប្រាក់បើមិនឲ្យ គឺបញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធី ។
ចម្លើយជនសង្ស័យបន្តទៀតថា ក្នុងមួយថ្ងៃ គឺចាប់ឃាត់ខ្លួនមនុស្សចំនួន ពី៥ ទៅ១០ លើក ហើយគំរាមទារយកប្រាក់បានពី២០ ម៉ឺនរៀល ទៅ៣០ ម៉ឺនរៀល ដែលប្រាក់នោះចែកគ្នាបានម្នាក់ពី៤ រៀលទៅ ៥រៀល ។ នៅមានបទល្មើសជាច្រើនទៀត ដែលជនសង្ស័យបានធ្វើសកម្មភាពកន្លងមក ។
ដោយយោងទៅលើករណីនេះជាការបង្ក្រាបទល្មើសជាក់ស្តែង និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ពិតជាមានភាពស៊ីសង្វាក់ជាបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដូច្នោះហើយទើបជនសង្ស័យប្រឈមជាប់ពន្ធនាគារពី២ ឆ្នាំទៅ ៥ឆ្នាំ ៕







ចែករំលែកព័តមាននេះ